ពោធិ៍សាត់ៈ អាជ្ញាធរ​បានអំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​ចូលរួម​សហការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បារីអេឡិចត្រូនិក ជំងឺអេដស៍ និងគ្រោះថ្នាក់​ចរាចរណ៍ ដោយ​អាជ្ញាធរ​ចាត់ទុក​ថា ទាំងនេះ​គឺជា​បញ្ហារួម។


ការអំពាវនាវ​នេះ​ធ្វើឡើង​ក្នុងសិក្ខាសាលា​ផ្សព្វផ្សាយ​ពីបញ្ហា​គ្រឿងញៀន បារីអេឡិចត្រូនិក មេរោគ​អេដស៍ និងគ្រោះថ្នាក់​នៃគ្រឿងញៀន​ជាមួយ​សិស្ស គ្រូបង្រៀន អាជ្ញាធរ​មូលដ្ឋាន ចំនួន ២៥៨ នាក់ នៅខេត្ត​ពោធិ៍សាត់ នាថ្ងៃទី៤ ខែសីហា។

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បញ្ជាក់​នាថ្ងៃទី៥ ខែសីហា ថា៖ «ទាំង​វេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជំងឺអេដស៍ និងឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននិតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សុទ្ធតែ​បានចាត់ទុក​ថា បញ្ហា​គ្រឿងញៀន បារីអេឡិចត្រូនិក បញ្ហាជំងឺ​អេដស៍ និងគ្រោះថ្នាក់​ចរាចរណ៍ ជាបញ្ហា​រួម​របស់​យើង​ទាំងអស់ តម្រូវ​ឱ្យយើង​ទាំងអស់គ្នា ត្រូវតែ​ចូលរួម​សកម្មភាព ដើម្បី​ប្រយុទ្ធប្រឆាំង​ដើម្បី​ការពារខ្លួន ក្រុមគ្រួសារ​កុំឱ្យ​មានបញ្ហា អ្នកដទៃ​កុំឱ្យ​មានបញ្ហា និងរាយ​ការណ៍ សហការគ្នា​ដើម្បី​រកការអន្តរាគមន៍​ជួយ​ទាន់​ពេលវេលា»។


ក្រៅពីនេះ​ លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា ថ្លែងក្នុងសិក្ខាសាលា​នេះថា វិស័យ​អប់រំ​ជាវិស័យ​អាទិភាព​នៃការបណ្តុះបណ្តាល​ធនធាន​មនុស្ស សម្រាប់​បង្កើន​ល្បឿន​កសាង​ប្រទេស​កម្ពុជា​ឆ្នាំ២០៣០ ជាប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់ និង២០៥០ ក្លាយជា​ប្រទេសមាន​ចំណូល​ខ្ពស់។ ការពង្រឹង​បាននូវ​សុខភាព​សិក្សា គឺជាផ្នែកមួយ​ជួយ​ពង្រឹងបាន​នូវគុណភាព​អប់រំ នាំឱ្យ​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ទៅមុខ​បានលឿន​ដោយចីរភាព។ នេះបើយោង​តាមគេហទំព័រ​ដដែល៕