​ភ្នំពេញៈ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ចរាចរណ៍​គ្រឿងញៀន​ឆ្លងដែន​បាន​ជាង ​៧៨០​ គីឡូក្រាម ពី​តំបន់ត្រីកោណមាស ឆ្លងកាត់​ឡាវ​-​កម្ពុជា បន្ត​ចេញទៅ​កោះ​តៃវ៉ាន់ ប្រទេស​ចិន តាម​លម្ហ​សមុទ្រ​។​


​យោងតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃទី​៤​ខែសីហា​នេះ​បានឱ្យដឹងថា នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បន្ទាប់ពី​បានទទួល​ព័ត៌មាន​ពី​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​ការស៊ើបអង្កេត រយៈពេល​ជាង​៤​ខែ ដើម្បី​ស្រាវជ្រាវ​ច្បាម​មុខសញ្ញា​ឧក្រិដ្ឋជន​គ្រឿងញៀន ដែលមាន​អង្គការ​ចាត់តាំង ជនជាតិ​ចិន​(​តៃវ៉ាន់​)១​ក្រុម​។ ពួកគេ​បានធ្វើ​សកម្មភាព​ចរាចរណ៍​គ្រឿងញៀន​ឆ្លងដែន​ពី​តំបន់ត្រីកោណមាស ឆ្លងកាត់​ឡាវ​-​កម្ពុជា បន្ត​ចេញទៅ​កោះ​តៃវ៉ាន់ ប្រទេស​ចិន តាម​លម្ហ​សមុទ្រ​។

​កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២៣ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​១+​ក​៤) ដែល​ដឹកនាំ​ដោយ​លោក​អ៊ិន សុង នាយករង​មន្ទីរ និង​លោក​ម៉ាក់ សេរី​វឌ្ឍនៈ នាយករង​មន្ទីរ ចូលរួម​សហការ​ពី​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដឹកនាំ​សម្របសម្រួល​ដោយ សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាដំបូង​ខេត្ដ​ព្រះសីហនុ បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ដោយ​បែងចែក​កម្លាំង​ជា​២​ក្រុម​។​


​ក្នុងនោះ​ក្រុមទី​១​គឺ នៅវេលា​ម៉ោង​២​និង​៣០(​យប់​) ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២៣ បាន​បង្ក្រាប​នៅ​ចំណុច​ភូមិគ្រឹះ​លើ​ភ្នំ ស្ថិតនៅ​ភូមិ​២ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ជា​លទ្ធផល ឃាត់​ជនសង្ស័យ​២​នាក់ ភេទ​ប្រុស ជនជាតិ​ចិន​(​តៃវ៉ាន់​)៖ ១.​ឈ្មោះ AN CHI WEI កើត​ឆ្នាំ ១៩៩២ និង​២.​ឈ្មោះ TUAN ZHONG YUE កើត​ឆ្នាំ​១៩៧៧​។ វត្ថុតាង​រឹបអូស​រួមមាន​៖ សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន ចំនួន​៧៨៥​ដុំ ស្មើ​ទម្ងន់ ជាង​៧៨៩ គីឡូក្រាម រថយន្ត​១​គ្រឿង និង​ទូរស័ព្ទ​២​គ្រឿង​ផងដែរ​។​

​ដោយឡែក​ក្រុមទី​២​វិញ​គឺ នៅវេលា​ម៉ោង​៧​និង​៣០(​ព្រឹក​) ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២៣ បាន​បង្ក្រាប​នៅ​បុរី​ប៉េង​ហួត​បឹង​ស្នោរ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ជា​លទ្ធផល ឃាត់​ជនសង្ស័យ​៤​នាក់ ភេទ​ប្រុស ជនជាតិ​ចិន (​តៃវ៉ាន់​) ៖ ១.​ឈ្មោះ CHEN CHI HSIANG កើត​ឆ្នាំ ១៩៨៦ " មេខ្លោង​" ។ ២.​ឈ្មោះ CHAN I YANG កើត​ឆ្នាំ ១៩៨៩​។ ៣.​ឈ្មោះ LIAO SHI BO កើត​ឆ្នាំ ១៩៩៧ ។ ៤. ឈ្មោះ TSAI YU CHING កើត​ឆ្នាំ ១៩៨៨​។ រីឯ​វត្ថុតាង​ដែល​ត្រូវបាន​រឹបអូស​រួមមាន​៖ រថយន្ត​៣​គ្រឿង ម៉ូតូ ២​គ្រឿង ទូរស័ព្ទ​៥​គ្រឿង និង​គណនី​ធនាគារ​៨​គណនី​ផងដែរ​។​


​បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ចាប់យក ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕