​រតនគិរីៈ ជនជាតិដើម​ភាគតិច​ចំនួន ​៦​ បាននិងកំពុង​តែ​រស់​នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ហើយ​ពួកគាត់​ជា​អ្នក​ដែល​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការងារ​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​ដ៏​មានតម្លៃ​នៅ​ទីនោះ​ផងដែរ​។


​ជនជាតិដើម​ភាគតិច​ទាំងនោះ​រួមមាន ជនជាតិដើម​ភាគតិច​ព្នង ចា​រាយ ទំពួន ស្ទៀង ព្រៅ និង​កា​វ៉ែត (​បូករួម​ទាំង​ជនជាតិ​ឡាវ និង​ចាម​មួយចំនួន​ផងដែរ​) ដែល​កំពុង​រស់នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ហើយ​ពួកគាត់​គឺជា​បុគ្គល​ជួរមុខ ក្នុងការ​ការពារ​ព្រៃឈើ និង​សត្វព្រៃ​ដ៏​មានតម្លៃ​នៅ​ទីនោះ​។ នេះ​បើ​យោងតាម​គម្រោង​មរតក​បៃតង (USAID Morodok Baitang)​។​

​គម្រោង USAID មរតក​បៃតង នឹងធ្វើ​ការ​ជាមួយ​សហគមន៍​មួយចំនួន ដែល​ស្ថិតនៅក្នុង និង​ជុំវិញ​ដែនជម្រកសត្វព្រៃ​លំផាត់ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ​ជីវ​រូបសាស្ត្រ បង្កើន​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​ពង្រឹង​ការអនុវត្ត​អភិបាលកិច្ច​ធនធានធម្មជាតិ​នៅទីនេះ​។​


​សហគមន៍​នៅក្នុង​តំបន់​នោះ​ជាច្រើន​ភូមិ​ក៏បាន​យល់ព្រម​ចូលរួម​ក្នុង​គម្រោង​រេ​ដ​បូក​ដែនជម្រកសត្វព្រៃ​លំផាត់​ផងដែរ ក្រោយពី​គម្រោង USAID-​មរតក​បៃតង អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា និង​អាជ្ញាធរ​បានធ្វើការ​ផ្សព្វផ្សាយ​ពី​គម្រោង​រេ​ដ​បូក​នេះ​ទៅដល់​ពួកគាត់​។​

​ដែនជម្រកសត្វព្រៃ​លំផាត់​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​ក្នុង​ឆ្នាំ​១៩៩៣ គ្របដណ្តប់​លើ​ផ្ទៃដី​សរុប​ចំនួន ២៥ ម៉ឺន​ហិកតា​។ ក្នុងនោះ​ប្រហែល​៨០% ស្ថិតនៅក្នុង​ខេត្តរតនគិរី និង​ចំនួន ២០% ទៀត​នៅក្នុង​ខេត្តមណ្ឌលគិរី​៕