ភ្នំពេញៈ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បានធ្វើ​ការបដិសេធ និង​ច្រានចោល​នូវ​ខ្លឹមសារ​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ដោយបាន​សរសេរថា ជំងឺអេដស៍​មានការ​ផ្ទុះ​ឡើង​ជាង​ ១​ពាន់​នាក់​ហើយ ខណៈ​មន្ត្រី​ថា ​ក្នុង​ ១​ថ្ងៃ​ មាន​អ្នក​ឆ្លង​ជំងឺអេដស៍​ចំនួន ៤​នាក់​ប៉ុណ្ណោះ​។


​យោងតាម​គណនី​យ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា «NX Vanlyda»​បាន​សរសេរ​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា​ថា ៖ «​ជំងឺអេដស៍​ថ្ងៃនេះ​ផ្ទុះឡើង​១​ពាន់​នាក់​ជាង​ហើយ​។ ឱ ជីវិត​ប្រពន្ធ​កូន​នៅផ្ទះ​ទៅជា​យ៉ាងណា បើ​ប្តី​លួច​មាន​ដៃគូ​ច្រើន​»​។​

​លោក ឈឹម ឃិន​ដា​រ៉េត អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៦ ខែសីហា​ថា តាមរយៈ​ការសិក្សា​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ក្នុង​ឆ្នាំ​២០២២ ស្ថានភាព​អ្នក​ផ្ទុក​ជំងឺអេដស៍​នៅ​កម្ពុ​ជាមាន​ប្រមាណ ៧៦ ០០០​នាក់ ហើយ​ក្នុងនោះ​អ្នក​ឆ្លង​ថ្មី​មាន​ចំនួន ១ ៤០០​នាក់ បើ​គិត​ក្នុង​១​ថ្ងៃ​មាន​អ្នក​ឆ្លង​ជំងឺអេដស៍​ចំនួន ៤​នាក់​។


​លោក​បន្តថា ដូច្នេះ​ស្ថានភាព​អ្នក​ឆ្លង​ជំងឺអេដស៍​នៅ​កម្ពុជា មាន​លក្ខណៈ​បែបនេះ​ក្នុង​១​ថ្ងៃ​មាន​អ្នក​ឆ្លង​តែ​៤​នាក់​នោះទេ​។ ហេតុនេះ​វា​មិន​ដូច​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​បណ្ដាញ​សង្គម​មួយចំនួន ដែលថា​ក្នុង​១​ថ្ងៃ​កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺអេដស៍​ជាង ១​ពាន់​នាក់​នោះឡើយ​។​

​លោក ឈឹម ឃិន​ដា​រ៉េត បាន​ថ្លែងថា​៖ «​ព័ត៌មាន​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ហ្នឹង គឺ​ឃើញ​ដាក់​ជាង​១​ពាន់ ប៉ុន្តែ​អត់​បានកំណត់ ដូច្នេះ​យើង​បារម្ភ និង​ខ្លាច​ប្រជាពលរដ្ឋ​យើង​មានការ​យល់ច្រឡំ​ថា​ក្នុង​១​ថ្ងៃ​មាន​អ្នក​ឆ្លង​ជាង ១​ពាន់​នាក់ តែ​តាមពិត​ក្នុង​១​ថ្ងៃ​អ្នក​ឆ្លង​ជំងឺអេដស៍​មានតែ​៤​នាក់​ទេ​»​។​


​លោក​បន្តថា ការរកឃើញ​អ្នក​ឆ្លង​ជំងឺអេដស៍​ក្នុង​១​ថ្ងៃ​ចំនួន ៤​នាក់​នេះ ភាគី​ច្រើន​កើតឡើង​ទៅលើ​ក្រុម​ប្រជាជន​គន្លឹះ​ដូចជា ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស​, ក្រុម​បំប្លែង​ភេទ​, ក្រុម​អ្នកប្រើប្រាស់ និង​ចាក់​គ្រឿងញៀន​, ក្រុម​ស្ត្រី​បម្រើ​ការងារ​ក្នុង​គ្រឹះស្ថាន​កម្សាន្ត​សប្បាយ និង​ក្រុម​យុវវ័យ​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​។

​ដោយសារ​ពួកគាត់​ជា​ក្រុម​ដែល​ប្រឈម​ហានិភ័យ​ខ្ពស់ ដូច្នេះ​ទាំង​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ កំពុង​ធ្វើ​កិច្ច​អន្តរាគមន៍​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​បានទទួល​ព័ត៌មាន និង​ចូលរួម​ទប់ស្កាត់​លើ​ខ្លួន​របស់​ពួកគាត់​បន្តទៀត​សម្រាប់​កុំឱ្យ​ឆ្លង​។ នេះ​បើតាម​លោក ឈឹម ឃិន​ដា​រ៉េត​។​

​លើសពីនេះ​ទៀត លោក​ក៏បាន​បញ្ជាក់ដែរថា កន្លងមក អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ក៏មាន​វិធានការ​ជាច្រើន​ក្នុងការ​ទប់ស្កាត់​ការឆ្លង​ជំងឺអេដស៍​ដែរ​ប៉ុន្តែ​ថ្មីៗ​នេះ អាជ្ញាធរ​បាន​ជំរុញ​ឱ្យ​រាជធានី​-​ខេត្ត ដែលជា​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ រួមទាំង​ឃុំ​-​សង្កាត់ និង​ក្រសួងសុខាភិបាល ត្រូវ​ចូលរួម​ទាំងអស់គ្នា​ជា​កម្លាំង​តែមួយ ដើម្បី​ផ្សព្វផ្សាយ​និង​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់​។​

​ក្នុងនោះ​រួមមាន ទាំង​ការផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម និង​ការប្រើប្រាស់​ថ្នាំ​សម្រាប់​បង្ការ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ផង និង​ពិសេស​ក្រុម​ប្រជាជន​គន្លឹះ ខណៈដែល​ក្រុម​ប្រជាជន​ទាំងនេះ​មានការ​ពិបាក ក្នុង​ការដែល​អាជ្ញាធរ​ត្រូវ​ជួប​ពួកគាត់​ក៏ដោយ​។​

​លោក​ឈឹម ឃិន​ដា​រ៉េត បន្ថែមថា​៖ «​ខ្ញុំ​សូមបញ្ជាក់ថា ទាំង​ការធ្វើ​តេស្ដ​រក​មេរោគ​អេដស៍ និង​ទាំង​ការព្យាបាល ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​នៅ​កម្ពុជា​យើង គឺ​អត់​មាន​គិត​ប្រាក់​នោះទេ រាជរដ្ឋាភិបាល​យើង​បាន​ព្យាបាល​ជូន​ដោយ​មិន​គិតថ្លៃ ហើយ​ជាពិសេស​រាជរដ្ឋាភិបាល​យើង ក៏បាន​ផ្ដល់នូវ​សមធម៌​បន្ថែមទៀត ទៅដល់​អ្នក​ដែលមាន​ផ្ទុក​ជំងឺអេដស៍​»​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ក្រសួងសុខាភិបាល និង​ការិយាល័យ​ពហុ​ប្រទេស​នៃ​អង្គការ UNAIDS នៃ​ប្រទេស​កម្ពុជា ឡាវ និង​ម៉ាឡេស៊ី​កាលពី​ខែមេសា ឆ្នាំ​២០២៣ បានឱ្យដឹងថា នៅ​ចុងឆ្នាំ​២០២២ មនុស្ស​ប្រមាណ ៧៦ ០០០​នាក់ កំពុង​ផ្ទុកមេរោគ​អេដស៍​។​

​សេចក្តីប្រកាស​ព័ត៌មាន បន្តថា ក្នុងនោះ ៧៤ ០០០​នាក់​ជា​មនុស្សពេញវ័យ​ដែលមាន​អាយុ​ចាប់ ពី ១៥​ឆ្នាំ​ឡើងទៅ និង​ប្រហែល ២ ០០០​នាក់ ជា​កុមារ​ពី​០-១៤​ឆ្នាំ​។ ៨៦% នៃ អ្នក​ផ្ទុកមេរោគ​អេដស៍​ទាំងអស់​បានដឹង​ពី​ស្ថានភាព​មេរោគ​អេដស៍​របស់​ពួកគេ ហើយ​បាន​ប៉ាន់​ស្មានថា មនុស្ស ១១ ០០០ នាក់ មិនដឹងថា​ពួកគេ​កំពុង​ផ្ទុកមេរោគ​អេដស៍​នៅឡើយ​៕