ភ្នំពេញៈ អាជ្ញាធរ​ជាតិ​ព្រះវិហារ បានរៀបចំ​សិក្ខាសាលា​ស្តីពី​ការងារ​អភិរក្ស និង​បច្ចេកទេស​ជួសជុល​ថ្ម នៅ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ លើ​វិធីសាស្ត្រ​ក្នុង​ការងារ​អភិរក្ស ជួសជុល​ប្រាសាទ​ទាំងនោះ​នាពេលខាងមុខ​។​


សិក្ខាសាលា​នេះ បាន​រៀបចំឡើង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣ ដល់ ថ្ងៃទី​៤ ខែសីហា ក្រោម​អធិបតីភាព​លោក ហែម ស៊ី​ណាត អគ្គនាយករង​អាជ្ញាធរ​ជាតិ​ព្រះវិហារ​, លោក​សាស្ត្រាចារ្យ Dr. Hans Leisen, លោក គឹម សុ​ធិ​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​អ្នកជំនាញ​ជាតិ អន្តរជាតិ​មកពី​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក សារមន្ទីរ​ជាតិ​ភ្នំពេញ អភិរក្ស​ដ្ឋា​ន​អង្គរ ស្ថាប័ន World Monument Fund និង​ស្ថាប័ន GIZ​។

​យោងតាម​អាជ្ញាធរ​ជាតិ​ព្រះវិហារ បានឱ្យដឹង​នៅ​ថ្ងៃទី​៥ ខែសីហា ថា ការរៀបចំ​នេះ​ក្នុង​គោលបំណង​ដើម្បី​ប្រមូល​ធាតុ​ចូល ពី​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ លើ​វិធីសាស្ត្រ​ក្នុង​ការងារ​អភិរក្ស ជួសជុល និង​ការប្រើប្រាស់​សម្ភារ​សម្រាប់​អនុវត្ត​នៅ​ប្រាសាទ​បល្ល័ង្ក​ត្បូង និង​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​នាពេលខាងមុខ​។​


​លោក គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ថ្លែង​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៦ ខែសីហា ថា ទាក់ទង​នឹង​ការអភិរក្ស និង​បច្ចេកទេស​ក្នុងការ​ជួសជុល អាជ្ញាធរ​ជាតិ​ព្រះវិហារ​ធ្លាប់បាន​រៀបចំ​បើក​ការបណ្ដុះបណ្ដាល​រួចមកហើយ ប៉ុន្តែ​ជា​លើកដំបូង​ដែល​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ធ្វើ​ឡើងជា​ក្របខ័ណ្ឌ​សិក្ខាសាលា​ដូចនេះ​។​

​លោក​បាន​បន្តថា ៖ «​មូលហេតុ​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង ដោយសារ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ ចង់​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​នៃ​ការងារ​អភិរក្ស និង​ជួសជុល​ថ្ម នៅតាម​តំបន់​នីមួយៗ​របស់ខ្លួន​គ្រប់គ្រង​»​។​


​លោក​បញ្ជាក់ថា ជារួម​នៅក្នុង​សិក្ខាសាលា​នេះ មិន​ត្រឹមតែ​ទទួលបាន​ទ្រឹស្ដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ចុះទៅ​អនុវត្ត និង​ពិនិត្យមើល​ទីតាំង​ដោយផ្ទាល់ ហើយ​ក៏បាន​យល់ដឹង និង​ទទួលបាន​នូវ​បទពិសោធន៍​នៃ​ការងារ​ជួសជុល​ក្នុង​កន្លែង​នីមួយៗ​ផងដែរ ដើម្បី​សំយោគ​ចូលគ្នា​សម្រាប់​ឱ្យដឹងថា​តើ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ត្រូវតែមាន​ការគិតគូ​រយ៉ា​ង​ណា​ទៅលើ​ការងារ​អភិរក្ស និង​ជួសជុល​ថ្ម នៅ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​។​

​លោក គង់ ពុទ្ធិការ បាន​ថ្លែងថា​៖ «​យើង​បាន​ប្រយោជន៍​ច្រើន​ពី​សិក្ខាសាលា​ហ្នឹង ដោយ​យើង​បាន​ដកស្រង់​នូវ​បទពិសោធន៍​ការងារ​នៅ​កន្លែង​ផ្សេងៗ យើង​ដឹងថា ​នៅ​ប្រាសាទ​អង្គរ​គេ​ធ្វើ​ម៉េច នៅ​ប្រាសាទសំបូរព្រៃគុក​គេ​ធ្វើ​ម៉េច ហើយ​នៅ​ខាង​ក្រុមការងារ​របស់​អាល្លឺម៉ង់​គេ​ធ្វើ​យ៉ាងម៉េច?​»​។​

​លោកបន្តទៀតថា ចំណុច​នៃ​ការងារ​ជួសជុល​មាន​ខ្លះ​ដូចគ្នា ហើយ​ខ្លះទៀត​មិន​ដូចគ្នា អ៊ីចឹង​បន្ទាប់ពី​បញ្ចប់​សិក្ខាសាលា​នេះ មានការចងក្រង​ជា​អនុសាសន៍ ដើម្បី​យកទៅអនុវត្ត​កិច្ចការ​អភិរក្ស និង​ជួសជុល​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​ជា​បន្ត​ទៅមុខទៀត​។​

​លោក​ថា នៅក្នុង​សិក្ខាសាលា​នេះ វា​ក៏​អាច​ផ្ដល់​ជា​លទ្ធភាព​ទៅដល់​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ទាំងអស់នោះ គឺ​ពួកគាត់​អាចមក​ពិនិត្យមើល​ផ្ទាល់​ទៅលើ​បញ្ហា​ប្រាសាទ​កោះ​កេរ​ថា ​មាន​លក្ខណៈ​យ៉ាងណាដែរ ដើម្បី​ផ្ដល់នូវ​យោបល់​ពី​សំណាក់​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ ក្នុង​កិច្ចការ​ដោះស្រាយ​បញ្ហា​អភិរក្ស និង​ជួសជុល​ក្នុង​តំបន់​នោះ​៕