ភ្នំពេញៈ គណបក្ស​ភ្លើងទៀន បាន​ទទូច​ចង់​ជួប​ជាមួយនឹង​មន្ត្រី​នៃ​ក្រសួងមហាផ្ទៃ​ជាថ្មី​ម្តងទៀត ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ជុំវិញ​លិខិត​រដ្ឋបាល ក្រោយពី​គណបក្សប្រឆាំង​មួយ​នេះ ត្រូវបាន​បដិសេធ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រាប់​ការចុះបញ្ជី​គណបក្ស​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣​។


​លោក ហុង សុខ​សួរ នាយក​ខុទ្ទកាល័យ​គណបក្ស​ភ្លើងទៀន បាន​ថ្លែង​​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នាទី​ស្នាក់ការ​គណបក្ស កាលពី​ថ្ងៃទី​ ៧ ខែសីហា ឆ្នាំ ​២០២៣ ដោយ​លោក​បាន​បញ្ជាក់ដែរថា ការធ្វើ​សន្និសីទ​សារព័ត៌មាន​នៅពេលនេះ ដើម្បីឱ្យ​សាធារណជន​ដឹង​ពី​កិច្ចខិតខំ​ប្រឹងប្រែងរបស់​គណបក្ស​ភ្លើងទៀន នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី ​២៣ ខែកក្កដា ប៉ុន្តែ​មិន​ទទួលបាន​ជោគជ័យ​ស្របតាម​បំណង​ដែល​បាន​គ្រោងទុក​នោះទេ ដោយសារតែ​គណបក្ស​មាន​បញ្ហា​ឯកសារ​រដ្ឋបាល​ក្នុងការ​ចុះ​បញ្ជី នៅ​ គ​.​ជ​.​ប​។​

​លោក​បាន​បន្តថា៖ «​កន្លងមកនេះ គណបក្ស​យើង​បាន​ជួប​ជាមួយ​ក្រសួងមហាផ្ទៃ និង​ គ​.​ជ​.​ប ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​រដ្ឋបាល ប៉ុន្តែ​ដំណោះស្រាយ​នេះ​មិន​ជោគជ័យ​។ គណបក្ស​បាន​ជួប​ម្តង​រួចហើយ​កាលពីមុន​បោះឆ្នោត ក្រោយមក​គណបក្ស​បានស្នើ​សុំ​ជួប​ម្តងទៀត ប៉ុន្តែ​ចម្លើយ​របស់​ក្រសួងមហាផ្ទៃ ឱ្យ​រង់ចាំ​ការបោះឆ្នោត និង​បង្កើត​រដ្ឋាភិបាល​ថ្មី​រួចរាល់​»​។​


​លោក​ ហុង សុខ​សួរ បាន​បន្ថែមថា គណបក្ស​ភ្លើងទៀន រហូតមក​នៅតែ​បន្ត​រង់ចាំ​ដើម្បី​រក​ដំណោះស្រាយ​នេះ ហើយ​នៅតែ​សង្ឃឹមថា រដ្ឋាភិបាល ពិសេស​ក្រសួងមហាផ្ទៃ​ដែលជា​អាណាព្យាបាល​របស់​គណបក្ស​នយោបាយ​ទាំងអស់​ដែល​ចុះបញ្ជី​នៅ​ក្រសួង នឹង​ជួប​ដោះស្រាយ​លិខិត​រដ្ឋបាល​របស់​គណបក្ស​ភ្លើងទៀន ព្រោះ​គណបក្ស​នេះ​មាន​ឆន្ទៈ​ក្នុងការ​ចូលរួម​ការបោះ​ឆ្នោត​នៅពេល​ខាងមុខៗ​ទៀត​។

​លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​ថ្មី នឹងមាន​ឆន្ទៈ​ដោះស្រាយ បញ្ហា​គណបក្ស​ភ្លើងទៀន ដើម្បីឱ្យ​គណបក្ស​បាន​ចូ​ល​រួម​ចលនា​ប្រជា​ធិ​បតេ​យ្យ​។ យើង​ចង់​ជួប​ក្រសួងមហាផ្ទៃ​នេះ គឺ​ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ដែល​កើតមាន​កន្លងមក​»​។


​លោក គឹម​សួរ ភិ​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន ក៏បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នោះដែរ​ថា​ ការខិតខំ​របស់​គណបក្ស​ភ្លើងទៀន ក្នុងជំនួប​ពិភាក្សា​ជាមួយ​ក្រសួងមហាផ្ទៃ​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ផ្លូវច្បាប់ និង​រដ្ឋបាល ព្រោះ​គណបក្ស​បានបញ្ជាក់​រួចហើយ​ថា ​ការបាត់បង់​លិខិតបញ្ជាក់​ច្បាប់ដើម​នេះ វា​បណ្តាលមកពី​អ្វីមួយ​នោះ​ហើយ​ឯកសារ​ក៏មាន​តម្កល់​នៅ​ក្រសួងមហាផ្ទៃ​ថែមទៀត​។​

​លោក គឹម​សួរ ភិ​រិ​ទ្ធ បញ្ជាក់ថា ក្រសួងមហាផ្ទៃ​អាចធ្វើ​វិសោធនកម្ម​ច្បាប់ ឬ​ចែង​នៅក្នុង​អនុក្រឹត្យ ដើម្បី​ដោះស្រាយ បាន​ពីព្រោះ​រឿងនេះ គឺជា​រឿង​រដ្ឋបាល​។ ជាងនេះទៅទៀត ក្រសួងមហាផ្ទៃ​ដែលជា​អាណាព្យាបាល​ក៏បាន​អះអាង​យ៉ាងច្បាស់​ដែរ​ថា គណបក្ស​ភ្លើងទៀន​ចុះបញ្ជី​បាន​ត្រឹមត្រូវ​។​

​លោក​ថ្លែងថា​៖ «​អ៊ីចឹង​! យើង​នៅតែ​ទទូច​សុំ​ក្រសួងមហាផ្ទៃ ដោះស្រាយ​រឿង​ហ្នឹង​តទៅទៀត ដើម្បី​ធានាថា ទៅ​ថ្ងៃមុខ គណបក្ស​មិន​ថា​ គណបក្ស​ភ្លើងទៀន​ទេវា​អាចមាន​គណបក្ស​ផ្សេងទៀត នឹង​អាច​ជួបប​ញ្ហា នឹង​អាច​ដោះស្រាយ​បញ្ហា​បាន​ដូចគ្នា​ ដើម្បី​ចៀសវាង​កើត​បញ្ហា​ដូច​បាន​កើតឡើង​កាលពី​កន្លងទៅ​»​។​

​អ្នកនាំពាក្យ​ដដែល​បាន​បន្តថា៖ «​នេះ​ជា​ជំហរ​របស់​គណបក្ស​ភ្លើងទៀន តែ​មិនមែន​ដើម្បី​តែ​គណបក្ស​ភ្លើងទៀន​តែមួយ​នោះទេ គឺ​ដើម្បី​គណបក្ស​ទាំងអស់​ដែលមាន​បំណង​កសាង​លទ្ធិប្រជាធិបតេយ្យនៅ​ក្នុង​សង្គម​»​។

​បើតាម លោក គឹម​សួរ ភិ​រិ​ទ្ធ ការចង់​ជួប​ក្រសួងមហាផ្ទៃ មិនមែន​ដើម្បី​ទៅ​ដាក់​សម្ពាធនោះទេ គឺ​ដើម្បី​ជជែក ចរចា ក្នុងការ​អនុគ្រោះ​ផ្លូវច្បាប់ ជូន​ដល់​គណបក្ស​ភ្លើងទៀន ដើម្បី​មានលទ្ធភាព​ក្នុងការ​ចូលរួម​ការបោះ​ឆ្នោត​នៅពេល​ខាងមុខ​ទៀត​។

​លោក​ក៏បាន​បញ្ជាក់ដែរថា លិខិត​ច្បាប់ដើម​ដែល​បាន​បាត់បង់​ហើយ​នោះ ក៏បាន​បញ្ជា​ក់ដោយ​តុលាការ​ដែរ​ថា​បាន​បាត់បង់​ដែរ ប៉ុន្តែ​បើ​គេ​ថា​លិខិត​ច្បាប់ដើម​នោះ​នៅ​កន្លែង​នេះ​ឬ​នៅ​ជាមួយ​អ្នកណា​នោះ​លោក​មិនដឹង​នោះទេ ព្រោះ​កន្លងមក​ថ្នាក់ដឹកនាំ​គណបក្ស​ដឹង​តែ​ថា ​បាត់​ប៉ុណ្ណោះ​។​

​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ មិនអាច​ទាក់ទង​សុំ​ការធ្វើ​អត្ថាធិប្បាយ​បាន​ទេនៅ​ថ្ងៃទី​ ៧ ខែសីហា ឆ្នាំ​ ២០២៣​។​

​ចំណែក លោក ឈឹម កាន អគ្គនាយករង​នៃ​អគ្គនាយក​រដ្ឋបាល​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី ៧ ខែសីហានេះ បាន​ថ្លែងប្រាប់​យ៉ាងខ្លី​ថា លោក​មិនទាន់​ទទួលបាន​លិខិត ឬ​ព័ត៌មាន​ក្នុង​ការចង់​ជួប​ក្រសួងមហាផ្ទៃ​របស់​គណ​បក្ស​ភ្លើងទៀន​នោះទេ លុះត្រាតែ​លោក​មាន​លិខិត​ទាំងអស់នេះ ទើប​លោក​អាចធ្វើ​អត្ថាធិប្បាយ​បាន​។​

​លោក​បន្តថា៖ «​មួយវិញទៀត ចំពោះ​ការសម្រេច​ជួប​ឬ​មិន​ជួប​ជាមួយ​គណបក្ស​ភ្លើងទៀន​នោះ ក៏​ខ្ញុំ​មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ដែរ អាស្រ័យ​លើ​ថ្នាក់ដឹកនាំ​ប៉ុណ្ណោះ​»៕