ភ្នំពេញៈ លោក​ ហ៊ុន ម៉ា​នី ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​កម្ពុជា ៤.០ បានលើកឡើង​ពី​គោលដៅ​ដោយ​ចង់​ប្រែក្លាយ​មជ្ឈមណ្ឌល​នេះ​ទៅជា​ស្ថាប័ន​ឈានមុខ​គេ​មួយ​លើ​ការលើកកម្ពស់​ការយល់​ដឹង​ផ្នែក​ឌីជីថល​នៅ​កម្ពុជា ខណៈ​កន្លងមក​បាន​បណ្តុះ​ការ​យល់ដឹង​ផ្នែក​នេះ​តាមរយៈ​សកម្មភាព​ជាច្រើន​ដល់​បណ្តា​យុវជន ជាពិសេស​សិស្ស និស្សិត និង​ក្នុងចំណោម​សហគ្រិន​។​


​ការបង្ហាញ​ការ​គោលដៅ​របស់លោក​ដូច្នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ភិ​បាល​នៃ​មជ្ឈមណ្ឌល​កម្ពុជា ៤.០​ នៅ​ថ្ងៃទី ​៧ ខែសីហា ឆ្នាំ ២០២៣ ដើម្បី​តាមដាន​វឌ្ឍន​ភាព​ការងារ និង​ដាក់ចេញ​ទិសដៅ​បន្ទាប់​របស់​មជ្ឈមណ្ឌល​នេះ​។​

​លោក​ ហ៊ុន ម៉ា​នី បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដោយបាន​កោ​ត​សរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ៤.០ កន្លងមក និង​បាន​លើកទឹកចិត្ត​ឱ្យ​កិច្ចខិតខំ​លើ​ការងារ​នានា​បន្តទៀត​ដោយ​ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង ជាពិសេស​ជំរុញ​ដល់​ការសិក្សា​ពី ​LMS (Learning Management System) ដែល​នឹង​ជួយ​សម្រួល​ដល់​វគ្គប​ណ្តុះ​បណ្តាល​ផ្សេងៗ​ដល់​សិក្ខាកាម​ទូទៅ​។​


​លោក​បាន​បញ្ជាក់ថា​៖ «​ក្នុង​រយៈកាល​កន្លងទៅ​មជ្ឈមណ្ឌល​កម្ពុជា​ ៤.០​ បាន​បំពេញ​សកម្ម​ភាព​របស់ខ្លួន​ស្របតាម​លក្ខ​ន្តិ​កៈ​ដែលមាន​ដូចជា​ការរៀប​ចំ​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​ឌី​ជី​ថ​ល​សម្រាប់​សាធារណជន​ទូទៅ ការអនុវត្ត​គម្រោង​កម្មវិធី​ទីផ្សារ​បច្ចេកវិទ្យា​ខ្មែរ​និង​សកម្មភាព​ជាច្រើន​ដែល​បានផ្តល់​ឱកាស​ដល់​យុវជន ជាពិសេស​សិស្ស និស្សិត និយោជិត និង​សហ​គ្រិន​បាន​ស្វែងយល់​រៀនសូត្រ​ពី​បំ​ណិ​ន​ក្នុង​វិស័យ​ឌីជីថល​»​។​

​ជាមួយគ្នា​នោះ​លោក​ក៏បាន​លើកទឹកចិត្ត​បន្ថែម​ដល់​ក្រុមការងារ​ឱ្យ​ខិតខំ​ធ្វើយ៉ាងណា​កែប្រែ​មជ្ឈមណ្ឌល​ ៤.០ នេះ​ឱ្យ​ក្លាយជា​ស្ថាប័ន​នាំមុខគេ​មួយ​លើ​ការអប់រំ​និង​បណ្តុះបណ្តាល​ផ្នែក​ឌីជីថល​នៅ​កម្ពុជា​។​


​ជុំវិញ​បញ្ហា​នេះដែរ លោក ​ហេង គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN)​ បាន​ថ្លែងថា ការពង្រឹង​លើ​ការយល់ដឹង​ផ្នែក​ឌីជីថល មាន​ភាពចាំបាច់​ខ្លាំងណាស់​ដើម្បីឱ្យ​កម្ពុ​ជាមាន​ធនធាន​មនុស្ស​ប្រកបដោយ​សក្តានុពល​ដែល​ឆ្លើយតប​នឹង​ស្ថាន​ការ​ណ៍​នៃ​ការវិវឌ្ឍ​ឥតឈប់ឈរ​នៃ​និន្នាការ​ពិភពលោក​ជាមួយ​បរិបទ​សេដ្ឋកិច្ច​ឌីជីថល​នេះ​។​

​លោក​ ហេង គឹមហុង បាន​លើកឡើងថា​៖ «​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពង្រីក​កញ្ចប់​ថវិកា ឬ​មូលនិធិ​ដើម្បី​ជួយ​សម្រួល​ក្នុង​កិច្ច​ការបង្កើត​ព្រឹត្តិ​ការណ៍​ធំៗ​ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​យុវជន​អាច​ផ្សារភ្ជាប់​ខ្លួន​ទាំង​ការបណ្តុះបណ្តាល ការ​ប្រកួតប្រជែង​ផ្សេងៗ​ក្នុង​ក្រប​ខ័​ណ្ឌ​ថ្នាក់ជាតិ ក៏ដូចជា ក្នុង​កម្រិត​ផ្ទៃក្នុង តួយ៉ាង​រវាង​សាលា​រៀន និង​សាលារៀន ជាដើម ក្នុង​ទេពកោសល្យ​ឌីជីថល ដើម្បី​ពង្រឹងសមត្ថភាព​ធនធាន​មនុស្ស​កម្ពុជា​»​។​

​ចំណែក​លោក ឈ​ត ប៊ុន​ថង ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​វប្បធម៌ អប់រំ និង​ទេសចរណ៍ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ក៏បាន​ថ្លែង​ដែរ​ថា កម្ពុជា​កំពុង​ឈាន​ជើង​ក្នុង​ដំណើរ​យឺតៗ​នៃ​ដំណើរការ​ឌីជីថល​ទៅហើយ ប៉ុន្តែ​នៅ​ចោទ​ជា​បញ្ហា​ត្រង់​យុវ​ជន សិស្ស​និស្សិត និង​មនុស្ស​មួយចំនួន​មិនទាន់បាន​ត្រៀមខ្លួន​បាន​រួចរាល់​ច្រើន​នៅឡើយ ដែល​ត្រូវការ​ការអភិវឌ្ឍ និង​ពង្រឹងសមត្ថភាព​បន្ថែម​ដើម្បី​ដើរ​ឱ្យទាន់​សភាពការណ៍​ពិភព​លោក តែ​ត្រូវ​ទាមទារ​ប្រើពេល​វេលា​យូរ​។​

​សូម​ជម្រាប​ដែរ​ថា កាលពី​ខែតុលា ឆ្នាំ ​២០១៩ លោក ហ៊ុន​ ម៉ា​នី ដែលជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (​ស​.​ស​.​យ​.​ក​)​ ផង​នោះ បានលើកឡើង​ពី​ការសិក្សា​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ប​ដិ​វត្ដ​ន៍​ឧស្សា​​ហក​ម្ម​ ៤.០ ឈ្មោះថា ​«​ម​ជ្ឈ​​មណ្ឌល​កម្ពុជា ៤.០» ដែលជា​កន្លែង​ ១ ​អាចឱ្យ​ស្វែងយល់​អំពី​ឧស្សាហកម្ម​ ៤.០ ក្នុង​សិក្ខា​​សាលា​ស្ដីពី «​វិទ្យាសាស្ដ្រ និង​បច្ចេកវិទ្យា​បច្ចុប្បន្ន សម្រាប់​ជីវិត​អនាគត​» ដែល​រៀបចំ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​(​តិច​ណូ​)​។​

​មជ្ឈមណ្ឌល​កម្ពុជា​ ៤.០​ ត្រូវ​បាន​បង្កើតឡើង​ក្នុង​បំណង​កសាង​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​តាមរយៈ​ការបណ្តុះបណ្តាល និង​តម្រង់ទិស​ផ្នែក​ជំនាញ​ឌីជីថល និង​ធុរកិច្ច​ថ្មី (Startups)​ ដោយ​ផ្អែកលើ​ថ្នាល​​បច្ចេកវិទ្យា ការផ្សារភ្ជាប់​បណ្តាញ​ការងារ ការសិក្សា​ស្រាវជ្រាវ​អភិវឌ្ឍន៍ និង​ពិគ្រោះ​យោបល់​លើ​សហគ្រិនភាព​ផ្នែក​ជំនាញ​ឌីជីថល និង​បណ្តុះ​ស្មារតី​ស្រឡាញ់​ការសិក្សា និង​ស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ ទេពកោសល្យ គំនិត​ច្នៃប្រឌិត និង​ការបង្កើត​ថ្មី​៕