កែបៈ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបឆ្នាំ ២០២៣-២០៣៥ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកែប។
តាមរយៈផែនការនេះ ក្រសួងទេសចរណ៍ជឿថា នឹងក្លាយជាចក្ខុវិស័យដ៏សំខាន់សម្រាប់ប្រែក្លាយខេត្ដកែបជាគោលដៅទេសចរណ៍ សម្រាកកម្សាន្ដប្រណីតកម្រិតខ្ពស់។
នាឱកាសនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការដាក់ឱ្យអនុវត្តផ្លូវការផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបនេះគឺដើម្បីប្រែក្លាយខេត្ដកែបជាគោលដៅទេសចរណ៍សម្រាកកម្សាន្ដប្រណីតកម្រិតខ្ពស់ ភាពទាក់ទាញ ធានាបានឧត្តមភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោកនាពេលខាងមុខ។
លោកបានថ្លែងថា៖ «ការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបគឺបានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ ធម្មជាតិសម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់ ដោយប្រកាន់យកគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព សុវត្ថិភាព គុណភាព ភាពប្រកួតប្រជែង និងទេសចរណ៍បែបឆ្លាតវៃ ហើយត្រូវបានទទួលការអនុម័តដោយប្រមុខរាជរដ្ឋាភិបាល កាលពីខែកក្កដា កន្លងមក»។
បន្ថែមពីនេះ លោក ថោង ខុន ក៏បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពិសេសរដ្ឋបាលខេត្តកែប ខិតខំអនុវត្តផែនការមេនេះប្រកបដោយគុណភាព និងប្រសិទ្ធភាពពិសេសបង្កើនការផ្សព្វផ្សាយពីផែនការនេះឱ្យបានទូលាយ។
នៅក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបក៏បានលើកឡើងដែរថា ក្រៅពីវិស័យកសិកម្ម នេសាទសមុទ្រ ឧស្សាហកម្ម និងអាជីវកម្មកំពុងជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត បច្ចុប្បន្នវិស័យទេសចរណ៍ សេវាកម្ម ក៏កំពុងជួយដល់ពលរដ្ឋ និងទាក់ទាញកំណើនទេសចរមកកាន់ខេត្តកែបផងដែរ។
លោកបានថ្លែងថា៖ «ថ្វីដ្បិតតែខេត្តកែបជាខេត្តមួយតូច និងមានប្រជាជនតែជាង ៤ ម៉ឺននាក់ តែខេត្តនេះសម្បូរភោគផលធម្មជាតិ កន្លែងទេសចរណ៍ធម្មជាតិជាច្រើនដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា ជាក់ស្តែងក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ខេត្តកែបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាសរុបជាង ៦ លាននាក់»។
លោកបានឱ្យដឹងដែរថា គិតមកទល់ពេលនេះ នៅទូទាំងខេត្តកែប មានសណ្ឋាគារចំនួន ១៦ ផ្ទះសំណាក់ចំនួន ៦១ បាងហ្គាឡូរីសតចំនួន ២៥ អាហារដ្ឋាន និងភោជនីយដ្ឋានចំនួន ៤១ ស្ប៉ាសូណា និងម៉ាស្សាចំនួន៣ ខារ៉ាអូខេចំនួន ៩ ក្លិបកម្សាន្តចំនួន ១ មណ្ឌលព័ត៌មានទេសចរណ៍ចំនួន ៣ និងទូកដឹកភ្ញៀវទេសចរចំនួន ១៦។
លោកសោម ពិសិដ្ឋ បានបន្តថា ជាមួយគ្នានេះ ខេត្តក៏មានគោលដៅរមណីយដ្ឋានទាក់ទាញទេសចរកើនឡើងដល់ ៤២ កន្លែង រួមមាន រមណីយដ្ឋានវប្បធម៌ ៧ កន្លែង រមណីយដ្ឋានធម្មជាតិ ២៤ក ន្លែង រមណីយដ្ឋានកែច្នៃ ១១ កន្លែង និងរមណីយដ្ឋានឯកជន ៨ កន្លែង។
លោកបានបញ្ជាក់ថា៖ «តាមរយៈផែនការមេដែលបានដាក់ឱ្យអនុវត្តចាប់ពីពេលនេះតទៅ នឹងជួយប្រែក្លាយកន្លែងទេសចរណ៍ធម្មជាតិនៅក្នុងខេត្តជាប់សមុទ្រមួយនេះទៅជាគោលដៅទេសចរណ៍សម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់ ហើយរដ្ឋបាលខេត្តកែបក៏ប្តេជ្ញាខិតខំដាក់ចេញយុទ្ធសាស្ត្រកែលម្អនានាដើម្បីឈានទៅសម្រេចជោគជ័យផែនការនេះដែរ»។
បើតាមក្រសួងទេសចរណ៍ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបនេះមានការរៀបចំដោយលម្អិតពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋបាលខេត្តកែបផ្ទាល់ និងអន្តរក្រសួងនានា។ តាមរយៈការអនុវត្តផែនមេនេះ ក្រសួងទេសចរណ៍ បានអះអាងដែរថា នឹងបង្កើនភាពទាក់ទាញបណ្តាក្រុមហ៊ុនវិនិយោគជាតិ អន្តរជាតិ និងអង្គការសមាគមដៃគូរាជរដ្ឋាភិបាលនានាចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត ឆ្លាតវៃ និងទាក់ទាញនៅក្នុងខេត្តកែបនេះផងដែរ៕