ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះបញ្ជី​ការពារ​ពូជ​ស្វាយចន្ទី​ចំនួន ៤ ​ប្រភេទ រួម​មានពូជ​ចន្ទី ​M-23,​ពូជ M-10 ពូជ ​IM-4 និង​ពូជ ​H-09 ដែល​អ្នកជំនាញ​ខាង​ដំណាំ​ស្វាយចន្ទី​នៅ​កម្ពុជា បាន​រកឃើញ ដោយ​សមាគម​ស្វាយចន្ទី​កម្ពុជា បញ្ជាក់ថា ពូជ​ទាំងនេះ ជា​ពូជ​ចន្ទី​ដ៏​មានតម្លៃ​របស់​កម្ពុជា​។​

​លោក វ៉ា ​រុត​សាន​ ​អ្នកជំនាញ​ស្រាវជ្រាវ និង​ដាំ​ដុះ​ដំណាំ​ស្វាយចន្ទី​បាន​ប្រាប់​ឱ្យដឹងថា លោក​ជា​អ្នករក​ឃើញ​ពូជ​ចន្ទី ​M-23 និង ​M-10 និង​ជា​តំណាង​លោកស្រី តា​ល់ ណៃ​អុីម និង​លោក​កាំ​ង សៀក​ហោ ដែលជា​អ្នក​រកឃើញ​ពូជ​ចន្ទី ​IM-4 និង​ H-09​។​


​លោក​បាន​ឱ្យដឹងទៀតថា ការស្នើសុំ​ចុះបញ្ជី​ការពារ​ពូជ​ចន្ទី​ចំនួន ​៤ ​ប្រភេទ បានធ្វើ​ឡើង​យូរ​ឆ្នាំ​ហើយ តែ​ទើប​ត្រូវបាន​ក្រសួងកសិកម្ម សម្រេច​ចុះបញ្ជី​ជា​ផ្លូវការ​កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០២៣​ នេះ ដោយ​ពូជ​នីមួយៗ​មាន​លក្ខណៈពិសេស​រៀងៗ​ខ្លួន​។

​លោក វ៉ា រុត​សាន បាន​បញ្ជាក់ថា​៖«​ឆ្លងតាម​ការយកចិត្ត​ទុកដាក់ និង​ផ្តល់​តម្លៃ​ពី​ក្រសួង យើងខ្ញុំ​ជា​កសិករ​ដាំ​ដំណាំ​ស្វាយចន្ទី នឹង​ខិតខំ​ស្វែងរក​ពូជ​ស្វាយចន្ទី​ថ្មីៗ​ថែមទៀត ដែល​ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ និង​ផ្តល់​ទិន្នផល​ខ្ពស់ ក្នុង​គោលបំណង​ចូលរួមចំណែក​ធ្វើឱ្យ​កម្ពុជា យើង​ក្លាយជា​អធិរាជ​ស្វាយចន្ទី​ ដូច​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​»​។​


​លោក​បាន​បន្ថែមថា ការចុះបញ្ជី​ការពារ​ពូជ​ចន្ទី​នេះ មាន​សារៈសំខាន់​ណាស់ ក្នុងការ​ការពារ​កុំ​ឱ្យគេ​លួច។​

លោក វ៉ា រុត​សាន បានបញ្ជាក់​បន្ថែម៖ «​ដូច្នេះ​ការយកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មន្ត្រី​ជំនាញ ក្នុងការ​ចុះបញ្ជី​ការពារ​ពូជ​ចន្ទី​ទាំង ​៤ ដ៏​មានតម្លៃ​ខាងលើ​របស់​កម្ពុជា ពិត​មាន​សារៈសំខាន់​ណាស់ ក្នុងការ​ថែរក្សា ពូជ​ថ្មីៗ​ដែល​យើង​ខិតខំ​ស្រាវជ្រាវ​មក​»​។

​លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា ក៏បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៨ ខែសីហា ដែរ​ថា ការស្រាវជ្រាវ​រកឃើញ​ពូជ​ថ្មីៗ ពី​សំណាក់ លោក វ៉ា រុត​សាន ដែល​បាន​ចុះបញ្ជី​ការពារ​ពូជ​ចន្ទី​ទាំងនេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ទាំង​សម្រាប់​ឱ្យ​កសិករ​យកទៅ​ដាំ​ដុះ​ផង និង​ផ្តល់ការ​ការពារ​ដល់​ពូជ​ចន្ទី​ទាំងនោះ​ផង​។​

​លោក​បានថា​៖«​ការចុះបញ្ជី​ការពារ​ពូជ​ចន្ទី​ទាំងនេះ គឺមាន​សារៈសំខាន់ និង​ប្រយោជន៍​ណាស់ ក្នុងការ​ការពារ​ពូជ ដែល​យើង​រកឃើញ បើ​មិន​ដូច្នេះ​ទេ​ប្រទេសជិតខាង​យើង​គេ​មក​យក​ពូជ​យើង​រកឃើញ​ទៅ​ចុះបញ្ជី​កន្លែង​គេ ធ្វើជា​របស់គេ​។អ៊ី​ចឹ​ង​ទាល់តែ​យើង​ប្រឹងប្រែង​រៀបចំ​ខ្លួនឯង​ឱ្យ​ហើយ ចុះបញ្ជី​ពូជ​ដែលជា​របស់​យើង ជា​តំណាង​អត្តសញ្ញាណ​ជាតិ​របស់​យើង​ទើប​ជាការ​ល្អ​»​។​

​លោក ​អួន ស៊ី​ឡុ​ត បាន​បន្ថែមថា កន្លងទៅ ធ្លាប់​មានពូជ​ចន្ទី ​IM-4​ ដែល​វៀតណាម បាន​យកទៅដាក់​ធ្វើជា​ពូជ AB 29 របស់គេ ដោយសារ​កាលនោះ មិនទាន់បាន​ចុះបញ្ជី​ការពារ​ត្រឹមត្រូវ​។​ ក្រោយមក​ខាង​កម្ពុជា ដែលមាន​លោក វ៉ា រុត​សាន និង​ខាង​សមាគម តវ៉ា​ទម្រាំ​បានមក​វិញ​។​

​សម្រាប់​ដំណាំ​ស្វាយចន្ទី លោក អួន ស៊ី​ឡុ​ត បានឱ្យដឹង​ទៀតថា កន្លង​ទៅខាង​សមាគម បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថ្មី​ ចំនួន ​២​ ដង​ រួចមកហើយ នៅក្នុង​ជំនួប​រាល់​លើក លោក​តែងតែ​សំណូមពរ​​ដល់​រដ្ឋមន្ត្រី ឱ្យមានការលើកលែង​ពន្ធ​នានា​ដូច​វិស័យ​ស្រូវ​អង្ក​រដែរ និង​ស្នើឱ្យ​មានការ​ចុះបញ្ជិកា​ពូជ ដែល​អ្នកជំនាញ​ស្វាយចន្ទី​រកឃើញ​ថ្មីៗ​។​

​លោក​បានបញ្ជាក់​ថា៖ «​ដោយសារ​យើង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រសួងកសិកម្ម​ ស្រាប់​ផង និង​មាន​ការជួយ​សម្របសម្រួល​ច្រើន​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ថ្មី​ផង​នោះ ទើប​ជំរុញ​ឱ្យ​ការចុះបញ្ជីការពារ​ពូជ​នោះ​ធ្វើយ៉ាងណា​ឱ្យបាន​លឿន បើ​មិនអ៊ី​ចឹ​ង​ទេ​ប្រទេសជិតខាង​យើង​យក​ធ្វើ​របស់គេ​អស់​»​។​

​បើតាម​សមាគម​ស្វាយចន្ទី​កម្ពុជា បច្ចុប្បន្ននេះ កម្ពុជា​បាន​រកឃើញ​ពូជ​ស្វាយចន្ទី​ចំនួន ​៧ ​ប្រភេទ រួមមាន​៖ M-1 ឬ SM-1, M-23, IM-4, M-10,H-09, IM-7​និង​ពូជ ​SAN-1​។ ក្នុងចំណោម​ពូជ​ទាំងនេះ ពូជ​ M23 មាន​ការដាំដុះ​ច្រើនជាងគេ​គឺ​ប្រមាណ ៧០ ភាគរយ​ ពូជ H09 ១០ ​ភាគរយ​ ពូជ ​M1 ៥ ​ភាគរយ​ និងពូជ​ M10 ៥​ ភាគរយ ក្រៅពីនេះ ​មាន​ដាំ​ដុះ​ពូជ​ដូនតា រួម​នឹង ពូជ​នាំចូល​ពី វៀតណាម 10​ភាគរយ​ផងដែរ​៕