ភ្នំពេញៈ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ឡាវ បាន​សម្តែង​ការអបអរសាទរ​ចំពោះ​លោក​ ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​លោក​ ហ៊ុន សែន ដែល​ត្រូវបានចាត់តាំង​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី តាមរយៈ​ព្រះរាជក្រឹត្យ​ពី​ព្រះ​មហាក្សត្រ កាលពី​ថ្ងៃទី​ ៧ ខែសីហា ហើយ​មេដឹកនាំ​ប្រទេស​ទាំង​ ២ ​នេះ​ក៏បាន​បង្ហាញ​ការត្រៀមខ្លួន​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​លោក​ ហ៊ុន ម៉ា​ណែ​ត ផងដែរ​។​


​លោក ​លី ស៊ាន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី កាលពី​ថ្ងៃទី ​៧ ខែសីហា បាន​ផ្ញើលិខិត​ចូលរួម​អបអរសាទរ​ដល់​លោក​ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបានចាត់តាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​។ លោក​ លី ស៊ាន​ឡុង លើកឡើង​ក្នុង​លិខិត​ថា ទំនាក់ទំនង​កម្ពុជា​សិង្ហ​បុរី​បាន​រីកចម្រើន​ឡើង​ចាប់​តាំងពី​ជំនួប​ជា​លើកចុងក្រោយ​រវាង​លោក និង​លោក ​ហ៊ុន ម៉ា​ណែ​ត នៅ​ឆ្នាំ​ ២០១៨ ដោយបាន​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​នៅក្នុង​វិស័យ​ពាណិជ្ជ​​កម្ម និង​វិនិយោគ​ជំនួយ​បច្ចេក​​ទេស ព្រមទាំង​ដោះដូរ​ដំណើរ​ទស្សនកិច្ច​យោធា និង​យោធា នៅក្រោម​ការដឹកនាំ​រប​ស់លោក​ហ៊ុន ម៉ា​ណែ​ត គ្រា​ដែល​លោក​ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​​យោធពលខេមរភូមិន្ទ និង​ជា​អគ្គមេបញ្ជាការ​កងទ័ព​ជើង​គោក​។

​លោក​បញ្ជាក់​ពី​លទ្ធភាព​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​កម្ពុជា​-​សិង្ហ​បុរី យ៉ាង​ដូច្នេះ​ថា​៖ «​ប្រទេស​របស់​ពួកយើង​គួរ​តែ​បន្ត​ជំរុញ​ការពង្រីក​កិច្ច​សហ​ប្រតិបត្តិការ នៅក្នុង​វិស័យ​ជា​ច្រើន​ទៀត ដូចជា​ការប្រែប្រួល​អាកាសធាតុ និង​ឌីជីថល​នី​យ​កម្ម​»​។ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បង្ហាញ​ក្តី​រំពឹងថា នឹងធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​ហ៊ុន ម៉ា​ណែ​ត​ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ទំនាក់ទំនង​ទ្វេភាគី និង​ពហុភាគី ជាពិសេស​នឹង​ជួប​ដោយផ្ទាល់ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ ក្នុង​រដ្ឋធានី​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី នៅ​ខែកញ្ញា​ខាងមុខ​។​


​ជាមួយគ្នានេះដែរ​អគ្គលេខា​ធិ​ការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​ឡាវ​ លោក ថង​លុន ស៊ី​សុ​លី​ត ក៏បាន​បង្ហាញ​នូវ​ការ​​អបអរ​ដូចគ្នា ជុំវិញ​ព្រះមហាក្សត្រ​កម្ពុជា​ចាត់តាំង​លោក​ ហ៊ុន ម៉ា​ណែ​ត​ ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​នេះ ដែល​លោក​ថា ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រជាជន​កម្ពុជា​។ លោក​បង្ហាញ​ការអបអរ​នេះ តាមរយៈ​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​លោក​ហ៊ុន សែន នៅ​ថ្ងៃទី ​៨ ខែសីហា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណបក្ស​ប្រជា​ជនកម្ពុជា​។​

​បន្ថែម​ពីនេះ​លោក ​ថង​លុន ស៊ី​សុ​លី​ត បានបង្ហាញ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​លើ​រដ្ឋាភិបាល​អា​ណ​ត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​លោក​ហ៊ុន ម៉ា​ណែ​ត ដែល​នឹង​បន្ត​កិច្ចអភិវឌ្ឍន៍​កម្ពុជា​ឱ្យ​កាន់​​តែ​រីកចម្រើន​ថែមទៀត​ជាពិសេស​ការបន្ត​ពង្រឹង​ទំនាក់ទំនង​ដ៏​ល្អ​រវាង​គណបក្ស រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា និង​ឡាវ​។​


​ជុំវិញ​បញ្ហា​នេះ នៅ​ព្រឹក​ថ្ងៃទី​ ៨ សីហា តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក ​ហ៊ុន ម៉ា​ណែ​ត​ ដែល​នឹង​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ផ្លូវការ​នៅ​ថ្ងៃទី​ ២២ ខែសីហា​ ខាងមុខ ​បាន​ថ្លែងអំណរគុណ​ដល់​ឥស្សរជន​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​រូប​លោក​។

លោក​សង្កត់ធ្ងន់ថា​៖ «​ទាំងនេះ​គឺជា​ការលើកទឹកចិត្ត​ដ៏​មហិមា​ចំពោះ​រូបខ្ញុំ​ដោយ​ខ្ញុំ​សូម​ប្តេជ្ញាចិត្ត​ខិតខំ​ឱ្យ​អស់ពី​សមត្ថ​ភាព​ដើម្បី​បំពេញបេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​នេះ ក្នុងការ​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន តាមរយៈ​ការថែរក្សា​ឱ្យបាន​ជាដាច់ខាត នូវ​សុខសន្តិភាព ស្ថិរ​ភាព និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​ប្រកបដោយ​បរិ​យា​ប័ន្ន​»​។

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក គិ​ន​ ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​សង្កេតឃើញថា លោក​ ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ការគាំទ្រ និង​អបអរ​ទាំងពី​ម​ជ្ឈ​​ដ្ឋា​ន​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ លោក​ថា ការអបអរ​ពី​មជ្ឈដ្ឋាន​ថ្នាក់ដឹកនាំ​ប្រទេស​នានា​ចំពោះ​លោក​ហ៊ុន ម៉ា​ណែ​ត ជាការ​បង្ហាញ​ការគាំទ្រ​កម្រិត​អន្តរជាតិ​។​

​លោក គិ​ន ភា លើកឡើងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ច្រើន​លើ​ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត ដោយ​សារ​លោក​ទទួល​បានកា​រ​អប់រំ​ខ្ពង់ខ្ពស់​ពី​បរទេស​ដែលមាន​ប្រព័ន្ធ​អប់រំ​ល្អ ហើយ​កន្លងមក យើង​ឃើញ​ពី​សមត្ថភាព​ដែល​លោក​បាន​កាន់​តួនាទី​ក្នុង​ក្រប​ខ័​ណ្ឌ​ក្រសួងការពារជាតិ លោក​មាន​ភាព​សកម្ម ហើយ​ក៏មាន​ទំនាក់ទំនង​ការបរទេស​ល្អ​ផង​​ដែរ​។ លោក​ធ្លាប់​អមដំណើរ​ច្រើន​ជាមួយ​សម្តេច​តេ​ជោ​ផង ដែរ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅប្រទេស ដែល​លោក​បាន​​បទពិសោធន៍​ច្រើន​»​។

​លោក ​គិ​ន ភា ក៏បាន​បង្ហាញ​ពី​ជំនឿ​ជឿជាក់​ខ្ពស់​លើ​សមត្ថភាព​របស់លោក​ ហ៊ុន ម៉ា​ណែ​ត ក្នុងតួនាទី​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​ទំនង​អាច​បន្ត​ពង្រឹង និង​ពង្រីក​នយោបាយ​ការបរទេស​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ជាពិសេស​ភាពបត់បែន​ក្នុង​លម្ហ​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​។​

​សូម​រំឭកថា នៅ​ព្រឹក​ថ្ងៃទី​ ៧ ខែសីហា ឆ្នាំ​ ២០២៣ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានចេញ​ព្រះរាជ​​ក្រឹត្យ ត្រាស់បង្គាប់​ចាត់តាំង​លោក ​ហ៊ុន ម៉ា​ណែ​ត ជានា​យក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​រៀបចំ​គណៈរដ្ឋមន្ត្រី​សម្រាប់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧៕