ភ្នំពេញៈ មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ទទួល​ព្យាបាល​កុមារ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ចន្លោះ​ពី ​៦០​ ទៅ​ ៨០​ ករណី ​ក្នុង​ ១ ឆ្នាំៗ ជា​អ្វីដែល​អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​អះអាងថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ចំនួន​កុមារ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មក​ស្វែងរក​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ហាក់​មានការ​កើនឡើង ។​


​តាម​តួលេខ​ដែល ​ភ្នំពេញ ​ប៉ុស្តិ៍ ​ទទួលបាន​ពី​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ពីថ្ងៃ​ទី​ ៨ សីហា បានឱ្យដឹងថា ក្នុង​ ១​ ឆ្នាំៗ មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​បាន​ព្យាបាល​កុមារ​កើត​ជំងឺ​ទឹកនោមផ្អែម​ចន្លោះ​ពី​ ៦០​ ទៅ​ ៨០​ ករណី ក្នុងនោះ​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​រាជធានី​ភ្នំពេញ​មាន​ចន្លោះ​ពី​ ៤០ ទៅ​ ៥០ ​ករណី និង​មន្ទីរពេទ្យ​គន្ធ​​បុ​ប្ជា​នៅ​ខេត្តសៀមរាប​មាន​ចន្លោះ​ពី ២០ ​ទៅ​ ៣០ ករណី​។​

​ប្រភព​ដដែល​បានឱ្យដឹងថា បច្ចុប្បន្ន​កុមារ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ដែល​កំពុង​បន្ត​តាមដាន និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ គឺមាន​ ៥៦៦ ​ករណី ក្នុងនោះ​នៅ​ភ្នំពេញ​មាន ៣៦២ ​ករណី និង​សៀមរាប​ ២០៤​ ករណី​។​


​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​បញ្ជាក់ថា​៖«​សរុប​នៅក្នុង​ឆ្នាំ​ ២០២០ រហូតមកដល់​ខែ​ ៧ ឆ្នាំ​ ២០២៣ ​នេះ​គឺ​យើង​មាន​ ១៦១ ករណី​នៅ​ភ្នំ​ពេញ និង​នៅ​ខេត្តសៀមរាប​មាន​ចំនួន​ ៩៣ ​ករណី​។ តួលេខ​ទាំង​គន្ធ​បុ​ប្ជា​ភ្នំពេញ និង​សៀម​​រាប ដែល​កុមារ​មាន​ជំងឺ​ទឹកនោម​​ផ្អែម​ថ្មី​មក​ចូល​គេង​នៅ​មន្ទីរពេទ្យ​យើង​សរុប​មាន​ ២៥៤ ​ករណី​»​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ស្រី អ៊ីវ ម៉ា​ឡែ​ន អនុប្រធាន​មន្ទីរ​​ពេទ្យ​គន្ធបុប្ផា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៨ សីហា​ថា ជាទូទៅ​ជំងឺ​ទឹកនោមផ្អែម (​ប្រ​ភេទ​ទី​១)​ មិនទាន់មាន​មូលហេតុ​បញ្ជាក់​ច្បាស់​ថា បណ្តាលមកពី​អ្វី​នៅឡើយ​ទេ ព្រោះ​ទូទាំង​ពិភពលោក​មិនទាន់​រកឃើញ​។​


​ក៏ប៉ុន្តែ​លោកស្រី​អះអាងថា ​ការកើត​ជំងឺ​នេះ​ទាំង​វ័យក្មេង​ គឺអាច​មកពី​កត្តា​មួយចំនួន​ដូច​ជា ទី​១ អាចទាក់ទង​នឹង​កត្តា​សេ​នេ​ទិ​ក ឬ​កត្តា​ហ្ស៊ែន ទី​២ ​អាចទាក់ទង​នឹង​កត្តាបរិស្ថាន​ពាក់​ព័ន្ធ​នឹង​បញ្ហា​អនាម័យ ឬ​អា​​ហារ ការផ្លាស់ប្តូរ​អាកាសធាតុ និង​បញ្ហា​ការរស់នៅ​ជាមួយ​បរិយាកាស​អួអាប់ ឬ​ស្ត្រេ​ស ​(​កត្តា​ចិត្តសាស្ត្រ​)​។ ម្យ៉ាងទៀត​កត្តា​ជំងឺឆ្លង​ដោយ​វីរុស​មួយចំនួន​ក៏​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​កុមារ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​កោសិកា​មួយ​លំពែង រំខាន​ដល់​ការ​ផលិត​អាំង​ស៊ុយ​លីន​ផងដែរ​។

​លោកស្រីបាន​បញ្ជាក់ថា​៖ «​បងប្អូន​យើង​នៅតាម​ជនបទ​ក្តី​ឬ​ទីក្រុង​ក្តី គាត់​តែងតែ​ឆ្ងល់ ឱ្យតែ​យើង​និយាយថា ទឹក​នោម​ផ្អែម​លើ​កុមារ​ហ្នឹង គឺ​បង្ហាញ​ចម្ងល់ និង​មិន​ជឿ​។ អ៊ីចឹង​កុមារ​គឺអាច​នឹងមាន​ឱកាស​កើត​ជំងឺ​នេះ ប្រសិនបើ​ខ្វះ​អ័រម៉ូន​អាំង​ស៊ុយ​លីន​នេះ គឺ​នឹង​ធ្វើឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ធ្វើឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​នេះ​»​។​

​លោកស្រី​អនុប្រធាន​មន្ទីរ​ពេទ្យ​បានឱ្យដឹង​ទៀតថា មនុស្ស​ដែលមាន​អាយុ​ក្រោម​៣៥​ឆ្នាំ រហូត​វ័យ​កុមារ គឺ​ត្រូវបាន​ចាត់​ចូល​ជា​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​១​។ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ ១ ខូច​លំពែង​ដែល​បង្ក​ឱ្យ​ខ្វះ​អាំង​ស៊ុយ​លីន​រំខាន​ដល់​មុខងារ​ដឹកនាំ​ជាតិ​ស្ករ​ក្នុង​ខ្លួន​ដែល​នឹង​នាំឱ្យ​មានការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​។​

​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី១ ​គឺ​ចាំបាច់​ត្រូវ​ប្រើ​អាំង​ស៊ុយ​លីន​បន្ថែម​ពី​ខាងក្រៅ​ ដើម្បី​ឱ្យជួយ​ទៅ​បំពេញ​មុខងារ​ដែល​ខ្វះខាត​ទាំងនោះ​។​ លោកស្រីបាន​បញ្ជាក់ថា​៖ «​កុមារ​ដែល​កើត​ជំងឺ​ទឹកនោម​​ផ្អែម គឺ​ត្រូវ​ចាត់បញ្ចូល​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ ពី ​៩០​ ទៅ​ ៩៥​ ភាគរយ ព្រោះ​មកពី​ការខូចខាត​ទាំងស្រុង​ឬក៏​ខូចខាត​ស្ទើ​តែ​ទាំងស្រុង​នូវ​កោសិកា​បែ​លតា​របស់​លំពែង​។ កោសិកា​បែ​លតា​នេះ គឺមាន​តួនាទី​ក្នុងការ​បញ្ចេញ​អាំង​ស៊ុយ​លីន ដើម្បី​ដឹកនាំ​ជាតិ​ស្ករ​ពី​ក្នុង​ឈាម​យកទៅ​ចិញ្ចឹម​កោសិកា​ទូទៅ​របស់​សរីរាង្គ ហើយនឹង​នាំ​ជាតិ​ស្ករ​ដែល​លើស​យកទៅ​ស្តុក​នៅក្នុង​ថ្លើម​»​។​

​លោកស្រី​វេជ្ជបណ្ឌិត អ៊ីវ ម៉ា​ឡែ​ន បាន​ព្រមាន​ថា បើ​ទោះ​ជា​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី១ អាច​រក្សា​ជាតិ​ស្ករ​ក្នុង​ខ្លួន​បាន​ដោយ​ការបន្ថែម​អាំង​ស៊ុយ​​លីន​ពី​ខាងក្រៅ​ក្ដី ក៏​អ្នកជំងឺ​ត្រូវ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ខ្លួន​ឱ្យបាន​ត្រឹម​ត្រូវជា​ប្រចាំថ្ងៃ​ផងដែរ​។​

​លោកស្រីបាន​ណែនាំ​ថា​៖ «​ចំពោះ​កុមារ​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​១​ គឺ​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​គ្រប់​គ្រង​ជាតិ​ស្ករ​ឱ្យបាន​ត្រឹមត្រូវ ល្អ ហ្មត់ចត់ តាមរយៈ​ការចាក់​អាំង​ស៊ុយ​លីន តាមរយៈ​ការ​​ទទួលទាន​អាហារ និង​ការធ្វើ​កីឡា​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ​ជំនាញ​»​។​

​បើតាម​លោកស្រី អ៊ី​វ ម៉ា​ឡែ​ន ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ខ្លួន​បាន​ត្រឹមត្រូវ​នឹង​នាំឱ្យ​កុមារ​អាចមាន​សុខភាព​ល្អ និង​បន្ត​រស់នៅ​ជាធម្មតា តែបើ​ការគ្រប់គ្រង​ជាតិ​ស្ករ​មិនបាន​ល្អ នឹង​នាំឱ្យ​កុមារ​ឆាប់​វិ​វ​ឌ្ឍ​ទៅរក​ស្ថានភាព​ធ្ងន់ធ្ងរ ដូចជា​ការ ខូច​ភ្នែក តម្រងនោម លើសឈាម ប៉ះ​ពាល់​សរសៃឈាម​តូចធំ និង​ប្រព័ន្ធ​ប្រាសាទ​ជាដើម​។ ផ្អែក​តាម​ការរកឃើញ​កាល​ពី​ឆ្នាំ​ ២០១០ បង្ហាញថា ក្នុងចំណោម​មនុស្សពេញវ័យ​សរុប អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​មាន​ចំនួន​ ៥,២​ ភាគរយ ហើយ​តួលេខ​បាន​ឡើងដល់ ​៦,៤​ ភាគរយ​នៅ​ឆ្នាំ​ ២០១៩ ក្នុងនោះ ​៦២​ ភាគរយ​មិនបាន​ដឹងខ្លួន​ថា មាន​ផ្ទុក​ជំងឺ​នេះ​ទេ​។​

​ចំណែក​តាម​ការវាយតម្លៃ​របស់​សហព័ន្ធ​ជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ​បានឱ្យដឹង​ដែរ​ថា អ្នក​ស្លាប់​ដោយ​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា​គឺមាន​ចំនួន​ ២២ ​នាក់​ ក្នុង​ ១ ​ថ្ងៃ គិត​ក្នុង​ឆ្នាំ​ ២០១៩ ឯ​ការចំណាយ​លើ​ថ្លៃ​ព្យាបាល​ឃើញថា អ្នកជំងឺ​ម្នាក់​ចំណាយ​ប្រហែល ​២៣៨​ ដុល្លារ​ ក្នុង ​១ ​ឆ្នាំ​៕