ភ្នំពេញៈ សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា​ កំពុង​សហការ​ និង​មាន​ផែនការ​រៀបចំ​សំណើ សុំ​ហិរញ្ញប្បទាន​ឥត​សំណង ពី​គម្រោង​ហា​វែ​ស III នៃ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ដើម្បី​អនុវត្ត​គម្រោង «​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ទីផ្សារ​នាំចេញ​» សម្រាប់​ជា​ផែនការ​យុទ្ធសាស្ត្រ​បង្កើន​ការនាំចេញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​ ប្រកបដោយ​គុណភាព ទៅកាន់​ទីផ្សារ​អន្តរជាតិ ​ដែល​ផ្តល់​តម្លៃ​ខ្ពស់​។​

​លោក អាន តារា ប្រធាន​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៩ ខែសីហា ថា ការស្នើសុំ​ហិរញ្ញប្បទាន​ឥត​សំណង ពី​គម្រោង​ហា​វែ​ស III​នៃ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID នេះ គឺ​ដើម្បី​អនុវត្ត​គម្រោង «​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ទីផ្សារ​នាំចេញ​» សម្រាប់​ជា​ផែនការ​យុទ្ធសាស្ត្រ​បង្កើន​ការនាំចេញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​ប្រកបដោយ​គុណភាព ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដែល​ផ្តល់​តម្លៃ​ខ្ពស់​។​


​លោក​ថ្លែងថា ជាពិសេស​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ប្រទេស​ជប៉ុន ប្រទេស​នៅ​មជ្ឈិមបូព៌ា ព្រមទាំង​ប្រទេស​ដែលជា​ទីផ្សារ​សក្តានុពល សម្រាប់​គ្រាប់ស្វាយចន្ទី​ខ្មែរ ក៏ដូចជា​ទីផ្សារ​សកល​ផងដែរ​។​

​លោក​បានបញ្ជាក់​​ថា​៖«​យើង​កំពុងតែធ្វើការ​បណ្តើរៗ​លើ​ការស្នើសុំ​ហិរញ្ញប្បទាន​នេះ ដោយ​ថវិកា​ដែល​ស្នើសុំ អាច​ចន្លោះ ​១២​ ទៅ​ ១៥ ​ម៉ឺន​ដុល្លារ មាន​រយៈពេល​ ១ ​ឆ្នាំ​។ ​គោលបំណង​ធំ​ទី​១ ដែល​យើង​ស្នើសុំ គឺ​ប្រើប្រាស់​សម្រាប់​ផ្តល់​បច្ចេកទេស​ដល់​ក្រុមហ៊ុន​កែច្នៃ​ណា ​ដែលមាន​លក្ខណៈ​ស្តង់ដា អាច​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​បាន និង​ដើម្បី​ជួយ​រក​ទីផ្សារ ដែល​ផ្តល់​តម្លៃបន្ថែម​ខ្ពស់​សម្រាប់​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច ដូចជា​អាមេរិក សហភាព​អឺរ៉ុប ប្រទេស​ជប៉ុន ប្រទេស​នៅ​មជ្ឈិមបូព៌ា​ជាដើម​»​។​


​លោក អាន តារា បាន​បន្តថា គម្រោង​នេះ ក៏​នឹង​ជួយ​ដល់​ក្រុមហ៊ុន សហគ្រាស ឬ​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ផ្សេងទៀត ដែល​មិនទាន់មាន​ស្តង់ដា ដោយ​ជួយ​រៀបចំ​ដំណើរការ​ចង្វាក់​ផលិតកម្ម​ឱ្យមាន​ស្តង់ដាអាច​នាំចេញ​បាន​។

​លោក អាន តារា ថ្លែងថា គម្រោង​ហា​វែ​ស III នេះ មាន​លក្ខណពិសេស​ ដែល​អាចជួយ​បាន​ច្រើន​ដល់​ការកែច្នៃ​ស្វាយចន្ទី ដោយសារ​គម្រោង​មាន​កិច្ចសហការ​ជាមួយ​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា ដែលជា​តួអង្គ​សំខាន់​លើ​វិស័យ​ស្វាយចន្ទី ជាពិសេស​ការជួយ​ដល់​កសិករ​លើ​ការប្រមូល​ផល​ស្តុក​ទុក​តាម​ស្តង់ដា​បច្ចេកទេស​, ជួយ​ដល់​ការកែច្នៃ​ឱ្យ​ត្រឹមត្រូវ​តាម​ស្តង់ដាបច្ចេកទេស សម្រាប់​នាំចេញ​ទៅ​ប្រទេស ដែល​ផ្តល់​តម្លៃ​ខ្ពស់​។​តាមរយៈ​ការគាំទ្រ​ពី​គម្រោង​ហាវែស III​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា​ នឹងធ្វើ​ការជ្រើសរើស​ប្រកបដោយ​តម្លាភាព​ចំពោះ​ក្រុមហ៊ុន សហគ្រាស ឬ​សិប្បកម្ម ដែលមាន​ស្ថានភាព​ត្រៀមលក្ខណៈ​រួចរាល់​ ក្នុងការ​នាំចេញ គ្រាប់ស្វាយចន្ទី​ខ្មែរ ទៅ​ទីផ្សារ​សកល ដោយមាន​លក្ខ​ខ​ណ្ឌ​ដូចជា បាន​ចុះ​ប​ញ្ជិកា​ត្រឹមត្រូវ​នៅ​ក្រសួងពាណិជ្ជកម្ម​។

​លោក​បន្តថា លោក​អាច​ស្នើសុំ​ឯកសារ​នាំចេញ​បាន​គ្រប់គ្រាន់​នៅពេល​ទទួលបាន​ការបញ្ជា​ទិញ យ៉ាងហោចណាស់​មាន​វិ​ញ្ញាប​ន​បត្រ​សុវត្ថិភាព​ចំណីអាហារ​ទទួលស្គាល់ ​ដោយ​អន្តរជាតិ GMP/GHP និង​HACCP កែច្នៃ​តែ​គ្រាប់ស្វាយចន្ទី​ខ្មែរ​ ដោយ​ខ្លួនឯង​ ដើម្បី​នាំចេញ (​ដោយ​មិន​លាយ​ឡំគ្រាប់ស្វាយចន្ទី ដែល​នាំចូល​ពីប្រទេសជិតខាង​ឬ​ប្រទេស​ផ្សេងៗ​) និង​ជា​ក្រុមហ៊ុន​ដែល​ជួយ​ដល់​សហគមន៍​ស្វាយចន្ទី​ដែល​ត្រឹមត្រូវ​តាមច្បាប់ និង​មាន​ភាព​ស្អាតស្អំ ដែល​មិន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សង្គម និង​បរិស្ថាន​។​

អ្នកស្រី មុត ចរិយា ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ស្ទឹងត្រែង ​ប្រាប់​ថា បច្ចុប្បន្ន ខាង​សិប្បកម្ម របស់អ្នក​ស្រី​បាននិងកំពុង​ធ្វើការ​ងា​រ​នេះ ជាមួយ​ដៃគូ​សហការ​នៅ​ប្រទេស​អង់គ្លេស ដោយមាន​ការជួយ​គាំទ្រ​ពី​ស្ថាន​ទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ផង និង​ពី​ស្ថានទូត​កម្ពុជា​នៅ​អង់គ្លេស​ផង​។​

​អ្នកស្រី​ថ្លែងថា​៖«​ទីផ្សារ​ថ្មីៗ​គឺ​ល្អ​សម្រាប់​ផលិតផល​ស្វាយចន្ទី​យើង ប៉ុន្តែ​យើង​ត្រូវការ​ដើមទុន​បន្ថែម ដើម្បី​ពង្រឹង​ស្តង់ដា និង​ចង្វាក់ផលិតកម្ម​របស់​យើង​។ យើង​មាន​កិច្ចសហការ​ជាមួយ​អង់គ្លេស ដោយមាន​គម្រោង​នាំចេញ​ទៅ​ប្រទេស​នេះ​ថែមទៀត ព្រោះតែ​ខាង​អង់គ្លេស​បាន​មើល​ការកែច្នៃ​របស់​យើង​មាន​លក្ខណពិសេស ដោយ​គោរព​ទៅតាម​គោលការណ៍​សុវត្ថិភាព​ចំណីអាហារ​»​។​

​អ្នកស្រី​បាន​បន្ថែមថា កន្លងទៅ​ផលិតផល​របស់​សិប្បក​ម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ស្ទឹងត្រែង បាន​ផ្ញើ​ទៅកាន់​អាមេរិក ជប៉ុន ដោយ​ទទួលបាន​ការបញ្ជាក់​ពី​កន្លែង​ពិសោធន៍​នៃ​ប្រទេស​ទាំង២នេះ​ថា ​ជា​ផលិតផល​ដែលមាន​គុណភាព និង​មិនមាន​សារធាតុ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព ដែល​នាំចូល​ទៅកាន់​ទីផ្សារ​អង់គ្លេស​បាន​។​

អ្នកស្រី មុត ចរិយា​ ថ្លែងថា៖«​មិន​ត្រឹមតែ​ទីផ្សារ​អង់គ្លេស​ទេ សូម្បីតែ​ទីផ្សារ​ជប៉ុន និង​កូរ៉េ ក៏​យើង​កំពុង​ត្រៀម​នាំ​ចេញទៅ​ដែរ ដោយ​កូរ៉េ​យើង​ត្រៀម​មួយ​កុង​តឺន័​រ​។ កន្លងទៅ​យើង​ធ្លាប់​នាំចេញ​ទៅ​អាមេរិក​និង​សិង្ហ​បុរី តែ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ ព្រោះ​ជាការ​នាំចេញ​សាកល្បង ដើម្បី​ស្ទាបស្ទង់​ទីផ្សារ​តែប៉ុណ្ណោះ​»​។ ​បើតាម​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា​ការនាំចេញ​គ្រាប់ស្វាយចន្ទី​ទៅ​ក្រៅប្រទេស​នេះដែរ គឺ​នៅមាន​ចំនួន​កម្រិត​នៅឡើយ ដោយសារតែ​ស្វាយចន្ទី​ដែល​កម្ពុជា បាននិងកំពុង​នាំចេញ​នាពេល​កន្លង​ជា​ប្រភេទ​គ្រាប់​ឆៅ ដែល​នាំចេញ​ទៅកាន់​ប្រទេសជិតខាង​។ ​ហេតុដូចនេះ សហព័ន្ធ​រំពឹងថា តាមរយៈ​គម្រោង​ហា​វែ​ស III នៃ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID​នេះ នឹង​អនុញ្ញាតឱ្យ​កម្ពុជា អាច​នាំចេញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​ប្រកបដោយ​គុណភាព ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​៕