ភ្នំពេញៈ សហគមន៍​ជន​ជាតិដើម​ភាគតិចនៅ​កម្ពុជា​ បាន​ប្រារព្ធ​​ទិវា​សិទ្ធិ​ជនជាតិដើម​ភាគតិច​ពិភពលោក​លើក​ទី​២៩ និង​នៅ​កម្ពុជា​លើក​ទី​១៩ នៅតាម​បណ្តាសហគមន៍​របស់​​របស់​ពួកគេ​រៀងៗ​ខ្លួន​ទូទាំងប្រទេស ដើម្បី​លើ​កម្ពស់​ការអភិរក្ស និង​អភិវឌ្ឍ​អត្ត​សញ្ញា​ណ​វប្បធម៌​​ជនជាតិដើមភាគតិច​ ដោយ​អំពាវនាវ​ឱ្យរដ្ឋាភិបាល​ថ្មីពន្លឿនការ​ចុះប​ញ្ជីដី​សមូហភាព​ដល់​សហគ​មន៍​របស់​ពួកគេ​។​​


​ព្រឹ​ត្តិការណ៍​​ប្រារព្ធ​ពិធី​ជួបជុំ​នេះបានធ្វើ​ឡើង​នៅ​ថ្ងៃទី​ ៩ សីហា ដោយ​ផ្តោតលើ​ប្រធានបទ យុវជន​ជនជាតិដើម​ភាគតិច គឺជា​តួអង្គ​នៃ​ការផ្លាស់ប្ដូរ ដើម្បី​សិទ្ធិ​ស្វ័យ​សម្រេច ក្នុងនោះ​មានការ​ប្រមូលផ្តុំ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​សហគមន៍​មូល​ដ្ឋាន រួមទាំង​ការចូល​រួមជាមួយ​ក្រសួង​អភិវឌ្ឍ​ន៍ជនបទ​ នៅ​ខេត្ត​សៀម​រាប​ផងដែរ​។​

​អ្នកស្រី ភ្លឹក ភី​រុំ ជា​ស្ត្រី​ជនជាតិដើម​ភាគតិច​ម្នាក់ និង​ជា​អ្នករៀបចំ​ទិវា​នេះ​ នៅក្នុង​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​ប្រា​រព្ធ​​ទិវា​ក្នុងឆ្នាំនេះ គឺមាន​លក្ខណៈ​ល្អប្រសើរ និង​មាន​សេរីភាព​ជាង​ឆ្នាំមុនៗ ដោយ​គ្មាន​ការរារាំង​នោះទេ ហើយ​ថែមទាំង​មានការ​ចូលរួម​គាំទ្រ​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផងដែរ​។​


​អ្នកស្រី បាន​និយាយថា ការជួប​ជុំគ្នា​រំឭក​​ទិវា​នេះ គឺមាន​គោលបំណងក្នុងការ​លើកកម្ពស់​ការអភិរក្ស និង​អភិវឌ្ឍ​អត្ត​សញ្ញាណ​វប្បធម៌​ ទំនៀម​ទម្លាប់ ​ប្រពៃណី​ឱ្យបាន​ល្អប្រសើរ ព្រមទាំង​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​មកលើ​ជនជាតិ​ដើម​ភាគ​តិច​។​

​ទន្ទឹម​នឹង​នេះ​ដែរ អ្នកស្រីបន្ថែមថា ទិវា​នេះ នឹងចូលរួម​ពង្រឹង​​ការផ្សារភ្ជាប់​ទំនាក់ទំនង​ភាពជា​ដៃគូ​ល្អ និង​កិច្ចសហការ​រវាង​ជនជាតិដើម​ភាគតិច និង​អាជ្ញាធរ​មូលដ្ឋាន​ ខណៈ​អ្នកស្រីច​ង់ឱ្យ​រដ្ឋាភិបាល​ថ្មី ព​ន្លឿ​ន​ការចុះបញ្ជី​ដី​សមូហភាព​ដល់​សហគម​ន៍​ជនជាតិ​ដើម​ភាគ​តិច​ទាំង​អស់​ឱ្យបាន​ឆាប់​។​


​អ្នកស្រី បាន​បញ្ជា​ក់ថា​៖«​ខ្ញុំ​សុំឱ្យ​គាត់​ព​ន្លឿ​ន​ក្នុងការ​ចុះបញ្ជី​ដី​សមូហភាព​ ដើម្បីឱ្យ​ជនជាតិដើម​ភាគតិច​ មាន​ដី​ប្រើប្រាស់​ស្របតាម​ច្បាប់​។ នេះ​គឺជា​សំ​ណូម​ពរ​របស់ខ្ញុំ ហើយ​ខ្ញុំ​សុំឱ្យ​គាត់នៅតែ​បន្ត​ការគាំទ្រ​នៅពេល​ពួក​ខ្ញុំ​ធ្វើ​កម្មវិធី​បែប​ហ្នឹង កុំឱ្យ​មាន​ការ​រាំងស្ទះ​ពី​សំណាក់​អាជ្ញាធរ​អី​»​។​

​ក្នុងឱកាស​ទិវា​អន្តរជាតិ​នៃ​ជនជាតិដើម​ភាគតិច​ពិភពលោក​នេះដែរ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ក៏បាន​ចេញ ផ្សាយ​​របាយ​ការណ៍​បច្ចុប្បន្ន​ភាព​ ស្តីពី​សិទ្ធិ​ទទួលបាន​បណ្ណកម្មសិទ្ធិ​ដី​សមូហភាព សម្រាប់សហគមន៍​ជនជាតិ​ដើម​ភាគ​តិចនៅ​កម្ពុជា​ផង​ដែរ​។​

CCHR បាន​ឱ្យដឹងថា ចាប់ពី​ឆ្នាំ២០១១ ដល់​ខែមិថុនា ឆ្នាំ២០២៣ រាជរដ្ឋា​ភិបាល​កម្ពុជា បាន​ផ្តល់​ការចុះបញ្ជី​ដី​សមូហ​ភាព​​​ដល់​សហគម​ន៍​ជនជាតិដើម​ភាគតិច​កម្ពុជា​ចំនួន​៤០សហគមន៍​ប៉ុណ្ណោះ ហើយ​ការចុះបញ្ជី​ថ្មី​មាន​ចំនួន​ត្រឹមតែ​២១ សហគមន៍​ចាប់តាំងពី​ឆ្នាំ​២០១៧​មក បើទោះបីជា​រដ្ឋាភិបាល បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ព​ន្លឿ​ន​ការចុះបញ្ជី​ដីធ្លី​សម្រាប់​ជនជាតិ​ដើម​ភាគតិច​ក៏ដោយ​។

​ CCHR បាន​បញ្ជាក់ថា​៖«​ក្តីកង្វល់​ចម្បង​១ ក្នុង​​ចំណោ​មក្តី​ក​​ង្វល់​ដ​ទៃទៀ​ត​ ​​របស់​សហ​គ​​មន៍​ជនជាតិដើម​ភាគតិច គឺ​ការ​មិន​ដាក់​បញ្ចូល​ពាក្យសហគមន៍​ជន​ជាតិ​ដើម​ភាគតិច នៅក្នុង​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ ស្តីពី​តំបន់​ការពារ​ធម្មជាតិ និង​ច្បាប់​ស្តីពីព្រៃ​ឈើ តែ​ជំនួស​ដោយ​ពាក្យសហ​គមន៍​មូល​ដ្ឋាន​»​។​

​ដូច្នេះ CCHR លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​ ក្នុង​ការបំពេញ​ការប្តេជ្ញា​ចិត្ត​របស់ខ្លួន​ក្នុងការ​ព​ន្លឿ​ន​ការចុះបញ្ជី​ដី​សមូហភាព​​សម្រាប់​សហ​គម​ន៍​ជនជាតិ​ដើម​ភាគតិច និង​ដោះស្រាយ​ឧបសគ្គ​ដែល​រារាំង​សហគមន៍​ជនជាតិដើម​ភាគតិច​ពី​ការចុះ​បញ្ជី​ដី​សហគ​មន៍​របស់​ពួកគេ​។

​តាម​ការ​ចងក្រង​ក្នុង​របាយការណ៍​ថ្មី​របស់ CCHR ដែល​ភ្នំ​ពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី៩ សីហា បាន​បង្ហាញថា លទ្ធផល​សរុប​រយៈពេល​១២ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០១១ រហូតដល់​ខែមិថុនា ឆ្នាំ​២០២៣ មាន​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន ៤០ ក្នុងនោះ​មាន​ ៣ ៨៩៣គ្រួ​សារ ឬ​ស្មើ​៨,៧៣ភាគរយ​នៃ​សហគមន៍​ជនជាតិដើម​ភាគតិច​សរុប​ចំនួន​៤៥៨សហគមន៍​នៅ​ទូទាំង​ប្រទេស​បាន​ទទួល​បណ្ឌ​កម្មសិទ្ធិ​ដី​សមូហ​ភាព​។

​របាយ​ការណ៍​នោះ​លម្អិត​ថា ខេត្តដែ​លមាន​ការចុះបញ្ជី​ដី​សមូហភាព គឺ​ខេត្តរតន​គិរី មាន ​២៧សហគមន៍ លើ​ផ្ទៃដី​ជាង​២៧ ០០០ហិកតា ចំណែក​ខេត្តមណ្ឌល​គិរី​មាន​៧សហ​គមន៍ លើ​ផ្ទៃដី​ជាង​ ៦ ០០០ហិកតា និង​ខេត្តក្រចេះ​មាន ​៤សហគមន៍ លើ​ផ្ទៃដី​ជាង​ ៤ ៧០០ហិកតា ព្រមទាំង​ខេត្ត​ស្ទឹង​ត្រែង​មាន ​២សហគមន៍ លើ​ផ្ទៃដី​ជិត ​២ ០០០​ហិកតា​។​

​លោក នេ​ត្រ ភក្ត្រា អ្នក​នាំ​ពា​ក្យ​​​​ក្រ​សួ​ង​បរិ​ស្ថា​ន​ ​មិ​នទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​បានទេ កាលពី​ថ្ងៃទី​៩ សីហា ​ឆ្នាំ​២០២៣៕