​បាត់ដំបងៈ ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​រៀបចំ​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​ ២០២៣ រយៈពេល ២ ថ្ងៃ ចាប់ពី​ថ្ងៃទី​ ១៤ ដល់ទី​ ១៥ ខែសីហា នា​សាល​​មហោស្រព​ស្ទឹង​សង្កែ ដែល​ស្ថិតនៅ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។


​តាមរយៈ​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប នៅ​ថ្ងៃទី ​៩ ខែសីហា បានឱ្យដឹងថា នៅ​ថ្ងៃទី​ ១៤ ខែសីហា លោក នុត សុខុម អនុប្រធាន គ​.​ជ​.​ប នឹង​ថ្លែង​សុន្ទរកថា បើក​អង្គសន្និបាត ហើយ​ថ្ងៃទី​ ១៥ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប នឹងចូលរួម​ពិធី​បិទ​អង្គសន្និបាត​នេះ​។

​ទាក់ទង​នឹង​អង្គសន្និបាត​នេះ លោក សោម សូ​រី​ដា អ្នកនាំពាក្យ គ​.​ជ​.​ប នៅ​ថ្ងៃទី​ ៩ ខែសីហា បាន​ប្រាប់ថា តាមរបៀប​វារៈ​សំខាន់ៗ នៅក្នុង​សន្និបាត​នាពេល​ខាងមុខនេះ នឹងមាន​ការចូល​​រួម​ថ្លែង​សុន្ទរកថា​បើក​របស់​ថ្នាក់ដឹកនាំ គ​.​ជ​.​ប និង​ការអាន​របាយការណ៍​ស​ង្ខេ​ប​ស្តីពី​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនីតិកាល​ទី៧ ឆ្នាំ ២០២៣​។


​ក្រៅពីនេះ ក៏​នឹងមាន​ការពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន ៥ ដែល​ផ្តោតទៅលើ​បញ្ជី​រៀបចំ​ការបោះ​​ឆ្នោត​, ការចុះបញ្ជី​គណបក្សនយោបាយ និង​បញ្ជី​ឈរឈ្មោះ​បេក្ខជន​បោះឆ្នោត​, ដំណើរការ​ឃោសនាបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ រយៈពេល ២១ ​ថ្ងៃ​, ការបោះឆ្នោត​, ការរាប់​សន្លឹកឆ្នោត និង​ការប្រកាស​លទ្ធផល​បោះឆ្នោត រួម​នឹង​ការបណ្តុះបណ្តាល អប់រំ​អ្នកបោះឆ្នោត​ផងដែរ​។

​លោក សោម សូ​រី​ដា បញ្ជាក់ថា​៖ «​ក្រោយពេល​បញ្ចប់​ការពិភាក្សា​នៅតាម​ក្រុម​នីមួយៗ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ គ​.​ជ​.​ប តំណាង​ក្រុម​នីមួយៗ ត្រូវ​ឡើងរាយការណ៍​លទ្ធផលរ​បស់​ក្រុម​ពិភាក្សា និង​បន្ទាប់មក អគ្គលេខា​​ធិ​កា​ធិ​ការ គ​.​ជ​.​ប នឹង​រាយការណ៍​ជូន​អង្គសន្និបាត​ពី​លទ្ធផល​នៃ​ការរៀបចំ​សន្និបាត​ទាំងមូល​តែម្តង មុននឹង​ប្រកា​សបិទ​បញ្ចប់​ពី​ថ្នាក់ដឹកនាំ​»​។​


​បើតាម​លោក សោម សូ​រី​ដា នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៧​ នេះ នឹងមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​នានា ដូចជា​តំណាង​គណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ជាដើម​។

​ចំណែក​លោក ហង្ស ពុទ្ធា សមាជិក គ​.​ជ​.​ប ក៏បាន​ឱ្យដឹង​ដែរ​ថា ជា​រៀងរាល់​ការបញ្ចប់​ការបោះឆ្នោត​ម្តងៗ គ​.​ជ​.​ប តែងតែ​រៀបចំ​ធ្វើ​សន្និបាត​បូកសរុប​ការ​ងារ​របស់ខ្លួន ហើយក៏​រៀបចំ​ធ្វើ​ដូចគ្នា​ដែរ ដោយ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​របាយការណ៍​ស្តីពី​សកម្មភាព​ទាំងឡាយ​នៅ​គ្រប់​ដំណាក់កាល​នៃ​បោះឆ្នោត​។

​សូម​រំឭក​ដែរ​ថា ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៧ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា​ដោយមាន​គណបក្សនយោបាយ​ចំនួន ១៨ ចូលរួម​ប្រកួតប្រជែង និង​មាន​ប្រជា​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត ៨៤,៥៩ % នៃ​ពលរដ្ឋ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ជាង ៩​លាន​នាក់​។​

​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​លើសលប់ ដោយ​ទទួលបាន​អាសនៈ​ចំនួន​ ១២០ នៅក្នុង​រដ្ឋសភា រីឯ​គណបក្ស​ហ្វុ​៊​ន​ស៊ិនប៉ិច ទទួលបាន ៥ អាសនៈ ខណៈ​គណបក្សនយោបាយ ១៦ ផ្សេងទៀត មិន​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ឡើយ​៕