កំ​ពតៈ អាជ្ញាធរ​ខេត្តកំពត រួមជាមួយ​ប្រជាពលរដ្ឋ បាន​ដាំ​ដើមត្នោត​ជាង​ ៧ ពាន់​ដើម ​នៅ​សងខាង​ផ្លូវ​ខ្សែក្រវាត់​ព្រំ​ដែនកម្ពុជា​-​វៀតណាម ក្នុង​គោលបំណង​ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណ​ខ្មែរ​ដល់​អ្នក​ជំនាន់​ក្រោយ​ផង និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នាពេល​អនាគត​ផង​។​


​លោក ចាន់ រិ​ទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត បានឱ្យដឹង​នៅ​ថ្ងៃទី ​៩ ខែសីហា​ថា ការ​ជ្រើស​រើស​ដើមត្នោត​ដាំ​នៅ​សងខាង​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​នេះ ដោយសារ​ដើមត្នោត វា​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ជាតិខ្មែរ​តាំងពីដើម​មក ខណៈ​នៅពេល​ដើមត្នោត​ដុះ​នៅ​កន្លែង​ណា នោះ​វា​មានន័យថា វា​ជា​ដី​របស់​ខ្មែរ​នៅ​កន្លែង​នោះ​។

​ដូច្នេះហើយ​បានជា​អាជ្ញាធរខេត្ត បានជ្រើសរើស​ដើមត្នោត​យកទៅ​ដាំ​នៅតាម​តំបន់​ព្រំដែន ដើម្បីឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​បន្ត​គ្នា​ថា ដើមត្នោត​ជា​រុក្ខជាតិ អត្តសញ្ញាណ​របស់​ជាតិខ្មែរ​។ ក្រៅពីនេះ ដើមត្នោត​ក៏បានផ្ដល់​ប្រយោជន៍​ជាច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ស្លឹក និង​ដើម​របស់​វា អាច​យកទៅ​ធ្វើជា​លំនៅ​​ឋាន ឬ​អាច​ធ្វើជា​ផ្ទះ​។ ចំណែក​ផ្លែ​របស់​វា គឺអាច​យកទៅ​ហូប និង​អាច​ធ្វើជា​ស្ករ ធ្វើជា​នំ​ជាដើម​។


​លោក ចាន់ រិ​ទ្ធិ បញ្ជាក់ថា​៖ «​យើង​ដាំ​នៅតាម​តំបន់​ព្រំដែន​ហ្នឹង វា​គឺ​ជាការ​សម្គាល់​ដី​ខ្មែរ​យើង​ផង​ក៏បាន ជា​ប្រយោជន៍​ផង​ក៏បាន និង​ជា​តំបន់​ទេស​ចរណ៍​ក្នុង​ពេលអនាគត​ក៏បាន​។ មួយវិញទៀត វា​ក៏​ចូលរួមចំណែក​រំឭក​ទៅដល់​កូន​​ខ្មែរ​ឱ្យ​ស្គាល់​រុក្ខជាតិ​ដែល​បញ្ជាក់​ពី​អត្ត​សញ្ញាណ​របស់​ខ្មែរ​យើង ពីព្រោះ​អាហ្នឹង​គឺ​សំខាន់​ដើម្បីឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​យល់ បាន​ស្គាល់ និង​រួមគ្នា​ថែរក្សា​កុំឱ្យ​បាត់បង់​ប្រភេទ​រុក្ខជាតិ​ដើមត្នោត​នេះ​»​។​

​លើសពីនេះ​ទៀត លោក​ថា អាជ្ញាធរ​ខេត្តក៏បាន​ណែនាំ​ទៅដល់​ប្រជាពលរដ្ឋ ជាពិសេស​អាជ្ញាធរ​មូល​ដ្ឋា​ន​ត្រូវ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម ដែលមាន​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ជា​សេនាធិការ ដើម្បី​បង្កើត​សួន​មួយ​ដែល​សុទ្ធតែជា​ដើមត្នោត​សម្រាប់​បង្ហាញ​ទៅដល់​អ្នកជំនាន់ក្រោយ​។​


​មួយវិញទៀត អាជ្ញាធរខេត្ត បានស្នើ​ទាំង​ទីតាំង​របស់​រដ្ឋ​ដែលមាន​ដី​ទូលាយ ទី​វត្ត​អារាម សាលារៀន និង​ទីកន្លែង​សាធារណៈ​ផ្សេងៗ​ដែល​នៅជាប់​ព្រំដែន គឺ​ត្រូវ​ចូលរួម​ដាំ​ដើមត្នោត​ឱ្យ​ច្រើន ដើម្បី​ជាការ​លម្អ​ផង និង​ដើម្បី​ជាការ​ទាក់ទាញ​អ្នកទេសចរ​ចូល​មកលេង​តំបន់​ដែលមាន​ដើមត្នោត​ច្រើន​បំផុត​ផង​។​

​បើ​យោងតាម​របាយការណ៍ ក្នុង​រយៈ​ពេល ​២​ សប្ដាហ៍ ខេត្តកំពត​បាន​ដាំ​ដើម​​ត្នោត​បាន​ចំនួន​សរុប ៧ ៥០០​ ដើម នៅ​សងខាង​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀត​ណា​ម ស្ថិតនៅ​ភូមិ​អន្លង់​ថ្ងាន់ ឃុំ​ឫស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខណៈដែល​មានការ​ចូល​រួម​ដាំ​ដោយ​អាជ្ញាធរ​​ដែនដី កងកម្លាំងប្រដាប់អាវុធ ប្រជា​ពល​រដ្ឋ សិស្សានុសិស្ស យុវជន​សស​យក និង​ក្រុម​កាយឫទ្ធិ​នារី​កម្ពុជា​។​

​សូម​បញ្ជាក់ដែរថា នា​ថ្ងៃទី​ ៨ ខែសីហា លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​ចូលរួម​ក្នុង​ពិធី​រុក្ខទិវា​ ៩​ កក្កដា ឆ្នាំ​ ២០២៣​ ដោយបាន​ដាំ​ដើមត្នោត​នៅ​សង​ខាង​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀត​ណា​ម ប្រវែង​ ៥​ គីឡូម៉ែត្រ នៅ​ចំណុច​អន្លង់​ថ្ងាន់​ស្ថិតក្នុង​ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​៕