កណ្ដាលៈ​ កូន​ផ្សោត​ញី​អាយុ​ប្រមាណ​ ២ ​ខែ ១ ​ក្បាល​ ត្រូវបា​នប្រទះ​ឃើញ​ងាប់​ដោយ​សារ​ជាប់​មង​​ក្នុង​ទន្លេ នា​ខេត្ត​កណ្ដាល ​ខណៈ​មន្ត្រី​អភិ​រក្ស​បាន​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​ទន្លេ​ឱ្យ​ជួយ​ការពារ ​និង​ឃ្លាំ​មើល​ហើយ​ប្រសិន​បើ​បាន​ឃើញ​ផ្សោត​ចុះ​មក​ផ្នែក​ខាង​ក្រោម​សូម​រាយ​ការណ៍​ទៅ​មន្ត្រី​ជល​ផល​។​


​សេចក្ដី​ប្រកាស​របស់រ​ដ្ឋ​បាល​ជល​ផល​នៃ​ក្រសួង​កសិ​កម្ម ​រុក្ខា​ប្រមាញ់ និង​នេសាទ ​បាន​ឱ្យដឹង​ថា នៅ​វេលា​ម៉ោង ៥​ និង​ ៣០ ​នាទី​ព្រឹក ​កាលពី​ថ្ងៃទី ​៩ ​ខែសីហា ឆ្នាំ​ ២០២៣ ​នេះ ​ប្រជា​នេសាទ​ក្នុង​ខេត្ត​កណ្ដាល​បាន​ប្រទះ​ឃើញ​កូន​ផ្សោត​ញី​ ១​ ក្បាល​មាន​ប្រវែង ១,០១​ ម៉ែត្រ ​ទម្ងន់ ១៤,៤ ​គីឡូ​ក្រាម ដែល​មាន​អាយុ​ប្រហែល ២​ ខែ​បាន​ជាប់​មង​ងាប់ ​នៅ​ភូមិ​ពាម ឃុំ​រកា​កោង​ទី​១ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល​។​

​រដ្ឋ​បាល​ជល​ផល ​បាន​ឱ្យដឹង​ទៀតថា​ នៅ​រដូវ​ទឹក​ដំឡើង សត្វ​ផ្សោត​តែងតែ​បំផ្លាស់​ទី​ចេញ​ពី​អន្លង់​ដើម្បី​តាម​ហ្វូង​ត្រី​ដែល​ជា​ចំណី​។ ប្រភព​ដដែល​បន្តថា​៖«​តាម​ការ​ស្រាវ​ជ្រាវ​ជា​លក្ខណៈ​ជីវសាស្ត្រ ​កូន​ផ្សោត​ដែល​រស់នៅ​ជាមួ​យ​មេ និង​បៅ​ដោះ​រយៈ​ពេល​១ឆ្នាំ​។ ហេតុ​ដូច្នេះ​កូន​ផ្សោត​ដែល​ប្រទះ​ឃើញ​ងាប់​នេះ ​ទំន​ងជា​បាន​ផ្លាស់​ទី​ជា​មួយ​មេ​រប​ស់​វាឬ​ជាមួយ​​ផ្សោត​ផ្សេង​ទៀត​ពី​ទន្លេមេ​គង្គ​លើ​ក្នុងភូ​មិ​សាស្ត្រ​ខេត្តក្រ​ចេះ និង​ស្ទឹង​ត្រែង​ មក​ដល់​ខេត្ត​កណ្ដាល ហើយ​ត្រូវ​ជាប់​មង​ងាប់​»​។


​លោក​អ៊ុក​ វិបុល ប្រធាន​នាយក​ដ្ឋាន​អភិរក្ស​ជល​ផល​បាន​ឱ្យដឹង​ថា ជា​ធម្មតា​តំបន់​គ្រប់​គ្រង​ផ្សោត ​គឺមាន​ព្រំដែន​ហួស​តែ​ខេត្ត​ក្រចេះ​បន្តិច​​ទេ ​ដែល​សុទ្ធ​សឹង​តែ​ជា​អន្លង់​ផ្សោត ​ដូច្នេះ​មន្ត្រី​ជលផ​លបាន​ការ​ពារ​កុំ​ឱ្យមាន​ឧប​ករណ៍​ខុស​ច្បាប់​មួយ​ចំនួន​ដូច​ជា ​មង និង​ឧប​ករណ៍​ឆក់​ជា​ដើម​។

លោក​បន្ត​ថា ប៉ុន្ដែប្រ​សិនបើ​ផ្សោត​បាន​ចេញ​ឆ្ងាយ​ពី​អន្លង់​រហូត​ធ្លា​ក់មក​ខេត្ត​កំពង់​ចាម​ដល់​ខាង​ក្រោម​នេះ គឺ​មន្ត្រី​ជល​ផល​មិន​មាន​ការ​ហាមឃា​ត់​ឧ​បករណ៍​នេសាទ​​ទេក្នុ​ងការ​ប្រើប្រាស់​មង​នេសា​ទ ពីព្រោះ​មង ​វា​ជា​ឧបក​រណ៍​ប្រពៃ​ណី​របស់​ប្រជា​ពលរដ្ឋ​សម្រាប់​ចាប់​ត្រី​។​


​លោក​បាន​បញ្ជាក់ថា​​៖«​ផ្សោត​ដែល​ស្លាប់​នេះ វា​ជា​ករណី​កម្រ​នឹង​កើតឡើ​ង​ណាស់ ​ដែល​កូន​ផ្សោត​១ក្បាល​បាន​ធ្លាក់​មក​ដល់​ខេត្ត​កណ្ដា​ល ដោយ​ត្រូវ​ជាប់​មង​ស្លាប់​នៅ​រកា​កោង ​ដែល​វា​ជា​រឿង​ចម្លែ​ក​បំផុត​នៅក្នុង​ឆ្នាំនេះ​​ដែល​ផ្សោត​​បាន​វង្វេង​ចេ​ញពី​អន្ល​ង់​របស់​វា ហើយ​បាន​មក​ងាប់​នៅ​ផ្នែក​ខាង​ក្រោម​។ អ៊ីចឹង​!​ប្រសិន​បើ​ផ្សោត​ដែល​វង្វេង​ធ្លាក់​ពីលើ​​មកគឺ​ប្រាកដ​ណាស់​មិន​អាច​គេច​ផុត​ពី​មង​ហ្នឹង​បាន​ទេពី​ព្រោះ​នៅ​ខា​ងក្រោម​វា​មាន​មង​នេសាទ​ច្រើន​ណាស់​»​។​

​លើស​ពី​ទៀត លោ​ក​ថា ក្នុង​នាម​ជា​អ្នក​អភិ​រក្ស​ រាល់​ការ​បាត់​បង់​ផ្សោត​មួយៗ​គឺមា​ន​ការសោក​ស្ដាយ​មែន​ទែន ហេតុ​នេះហើ​យ​បាន​ជា​ត្រូវ​ការ​ចំណាយ​​កម្លាំង​ក៏​ច្រើន ​ថវិកា​ក៏​ច្រើន​ សម្រាប់​ការពារ​ផ្សោត​ដើម្បី​ធ្វើ​យ៉ាងណា​​កុំឱ្យ​ប្រភេទ​សត្វ​ផ្សោត​នេះ​ផុត​ពូជ​និង​ថយ​ចុះ​។

លោក​បាន​បន្ថែម​ថា​៖«​ដូច្នេះ​ហើយ​ការ​ស្លាប់​របស់​វា​មួយៗ គឺ​យើង​មាន​ការ​សោក​ស្ដាយ​ ហើយ​យើង​មាន​ការ​បារម្ភ​នៅ​ពេល​កូន​ផ្សោត​បាន​ស្លាប់​ ពីព្រោះ​កូន​ផ្សោត​ជា​អ្នក​ជំនាន់​ថ្មី​មក​ជំនួស​អា​ចាស់​ ប្រសិន​បើ​អា​ចាស់​ស្លាប់​បាត់​ទៅ អា​ថ្មី​ក៏​ស្លាប់​បាត់​​ដែរ អ៊ី​ចឹង​វា​អាច​នឹង​ផុត​ពូជ​នៅ​ពេល​ខាង​មុខ​ហ្នឹង​»​។​

​ជា​មួ​យគ្នា​នេះ​លោក សេ​ង ទៀក នាយក​ប្រតិប​ត្តិ​អង្គការ​មូល​និធិ​សកល​សម្រាប់​អភិរក្ស​ធនធា​នធម្មជាតិ W​WF បាន​ថ្លែង​ថា​ករណី​​កូន​ផ្សោត​ទើប​តែ​ងាប់​១​ក្បាល​នេះ​ វា​ជា​ករណី​លើក​ទី​៣​ហើយ​ ដែល​ផ្សោត​បាន​បំផ្លាស់​ទី​ឆ្ងាយ​ចុះ​មក​ក្រោម​ដើម្បី​រក​ចំណី​ត្រូវ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​បែប​នេះ​។

រីឯ​២​ករណី​ទៀត​លោក​ថាត្រូវបាន​មន្ត្រី​ជល​ផល​បាន​ដឹង​ ហើយ​បាន​​ជួយស​ង្គ្រោះ​ទាន់​ពេល​ និង​យក​សត្វ​ផ្សោត​ទាំង​នោះ​ទៅ​ដាក់​ក្នុង​តំបន់​ដែល​វា​រស់នៅ​ឡើង​វិញ តែ​ករណី​លើក​នេះគឺ​កូន​ផ្សោត​ដែល​ចុះមក​ខាង​មន្ត្រី​ជល​ផល​មិន​បាន​ដឹង​ ទើប​ជា​ហេតុ​កូន​ផ្សោត​នេះ​​បាត់​បង់​ជីវិត​។ លោក​បន្ត​ថា ប្រសិនបើ​​មន្ត្រី​ជំនាញ​​ជល​ផល​និង​ក្រុម​ការងារ​ស្រាវ​ជ្រាវ​បាន​ដឹង​ព័ត៌មាន​នេះ​មុនក៏​អាច​ចុះ​អន្ត​រាគមន៍​ ដើម្បី​ការពារ​វា​ត្រឡប់​ទៅខាង​លើ​វិញ​ផង​ដែរ​។​

​លោក​សេង​ ទៀក បានប​ញ្ជាក់ថា​​៖ «​អ៊ីចឹង​នៅ​ពេល​ប្រជា​នេសាទ​គាត់​បាន​ឃើញ​កូន​ផ្សោត​អី​នៅ​តាម​ទន្លេ​ដែល​ដាច់​ហ្វូង​ចុះ​មក​ខាង​ក្រោម​មាន​កំពង់​ចាម​អី​ជាដើម​ហ្នឹង សូមជួ​យ​ផ្ដល់ព័​ត៌មាន​ទៅខាង​រដ្ឋ​បាល​ជល​ផល ​ដូច្នេះ​មន្ត្រី​ជំនាញ​របស់​យើង​នឹង​ចុះទៅ​អន្ត​រាគមន៍​ ដើម្បី​ធ្វើយ៉ាង​ណា​ឱ្យ​វា​ត្រឡប់​ទៅ​ដែន​ខាង​លើ​របស់​វា​វិញ​»​។​

​លោក​បាន​ឱ្យដឹ​ងដែរថា​ ក្នុង​ឆ្នាំ​២០២៣​នេះ ​មាន​សត្វ​ផ្សោត​ងាប់​ចំនួន៣​ក្បាល​ហើយ ​ក្នុង​នោះ​មាន​កូន​ផ្សោត​២​ក្បាល​និង​មេ​ផ្សោត​ចំនួន​១​ក្បាល តែ​អត្រា​ចំនួន​​ងាប់​នេះ វា​មាន​តិចតួ​ច​នៅឡើយ​ បើ​​ធៀប​នឹង​ឆ្នាំមុ​ន​។ ​ចំណែក​អត្រា​កើត​របស់​សត្វ​ផ្សោត​ក្នុង​ឆ្នាំនេះ​ក៏មាន​កើនឡើ​ង​ចំនួន​៥​ក្បាល​ផង​ដែរ​ បើ​ធៀប​ទៅនឹង​ឆ្នាំមុន​ដូចគ្នា​។​លោក​បន្ថែម​ថា ដូច្នេះ​ឆ្នាំ​នេះ​ទាំង​អត្រា​ងាប់ក៏ថ​យចុះ​ និង​ទាំង​អត្រា​កើតក៏​មាន​ការកើ​នឡើង​ ពីព្រោះ​ដោយ​សារតែ​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ការអ​នុវត្ត​ច្បាប់ និង​ការកា​រពារ​សត្វ​ផ្សោត​នៅ​តំបន់​ដែល​វា​កំពុង​រស់នៅ​។​

​យោង​តា​ម​រដ្ឋ​បាល​ជល​ផលគិត​​មក​ត្រឹម​ឆ្នាំ​២០២២ សត្វ​ផ្សោត​មាន​ចំនួន​៩០​ក្បាល​ដែល​កំពុង​រស់នៅ​ក្នុង​​ទន្លេ​មេ​គង្គ​ត្រង់​តំបន់​គ្រប់​គ្រង​និង​កា​រពារ​សត្វ​ផ្សោត​ទន្លេ​មេគ​ង្គក្នុង​ខេត្ត​ក្រចេះនិ​ង​ខេត្ត​ស្ទឹងត្រែ​ងដែ​លមាន​ប្រវែង​១៨០​គីឡូ​ម៉ែត្រ​​៕