សៀមរាបៈ មន្ត្រី​ជំនាញ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា កំពុង​បន្តធ្វើ​ការជួសជុល​តួប៉ម​ខាងជើង នៃ​ប្រាសាទ​ត្រពាំងល្ពៅ ដែល​មកដល់​ដើមខែ​សីហា​នេះ សម្រេច​បាន ៧០ ភាគរយ​ហើយ បន្ទាប់ពី​បានធ្វើ​ការជួសជុល តួប៉ម​ផ្នែក​ខាងត្បូង កាលពី​ខែវិច្ឆិកា ឆ្នាំ ២០២២ និង​បាន​បញ្ចប់ការ​ជួសជុល​ក្នុង​ខែមីនា ឆ្នាំ ២០២៣ កន្លងមក​។ នេះបើ​យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា។​


លោកស្រី ឈុន រតនា មន្ត្រី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឱ្យដឹង​ថា ប្រាសាទ​ត្រពាំងល្ពៅ មាន​តួប៉ម​ចំនួន ៣ ដែល​នៅ​ឈរ​មាន​រូបរាង។

លោកស្រី​បន្តថា​៖ «​ដូច្នេះ​ក្រុម​អ្នកជំនាញ​បាន​ចំណាយ​ពេលវេលា​ប្រមាណ ៥ ខែ ដើម្បី​ជួសជុល​តួប៉ម​ផ្នែក​ខាងត្បួង​រួចរាល់»។


បន្ទាប់មក​ក្នុង​ខែមេសា ឆ្នាំ ២០២៣ ក៏​បន្តការងារ​ជួសជុល​តួ​ប៉ម​ផ្នែក​ខាងជើង​វិញ​ម្តង ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​ប្រាសាទ​ឱ្យ​រឹងមាំ​ឡើងវិញ បន្ទាប់ពី​ពិនិត្យ​ឃើញថា រចនាសម្ព័ន្ធ​នៃ​ប្រាសាទ​បាន​បែកបាក់ ហែក​ចេញពី​គ្នា ស្ទើរតែ​មិន​សល់​រូបរាង​ដើម ដោយសារ​កត្តា​ជាច្រើន។​

ក្នុង​ដំណើរការ​ជួសជុល​ប្រាសាទ​ឥដ្ឋ​មួយ​នេះ អ្នកជំនាញ​បានចាប់ផ្តើម​ធ្វើការ​សិក្សា សម្រង់​ប្លង់​នៃ​ប្រាសាទ និង​ធ្វើការ​ពង្រឹង​ខឿន​ជញ្ជាំង​ឱ្យមាន​លំនឹង ដើម្បី​ទប់ស្កាត់​ការរលុះ​ធ្លាក់​ធ្វើឱ្យ​បាត់បង់​រូបរាង​ដើម​របស់​ប្រាសាទ។


បន្ទាប់មក ធ្វើការ​សម្អាត បិទ​បាយអ​ភ្ជាប់​តាម​ស្រទាប់​រហែក ដើម្បី​ការពារ​ការ​ជ្រាប​ទឹក​ធ្វើយ៉ាងណា​ឱ្យ​តួប៉ម​នៃ​ប្រាសាទ​នេះ មាន​ភាពរឹងមាំ​ឡើងវិញ។​

លោកស្រី ឈុន រតនា បានឱ្យដឹងថា មកដល់​ដើមខែ​សីហា ឆ្នាំ ២០២៣ នេះ ដំណើរការ​ជួសជុល​ប្រាសាទ​ត្រពាំងល្ពៅ សម្រេចបាន​លទ្ធផល​ប្រមាណ ៧០ ភាគរយ​ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​គម្រោង​ជួសជុល នា​ចុងឆ្នាំ ២០២៣ ខាងមុខនេះ៕