ភ្នំពេញៈ លោក ហ៊ុន សែន ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​បានប្រកាសថា ប្រធានរដ្ឋសភា​ថ្មី នីតិកាល​ទី៧ ​គឺជា​ស្ត្រី គឺជា​ការ​បង្ហាញ​ពី​ការលើកកម្ពស់​ស្ត្រី ខណៈ​កាល​ពី​ល្ងាច​ថ្ងៃទី​ ១០ ​សីហា នាយករដ្ឋមន្ត្រី​ដែល​នឹង​ផុត​អាណត្តិ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ បាន​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​រាជរដ្ឋាភិបាល ក្នុង​អាណត្តិ​ចាស់ និង​សមាជិក​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​។​


​លោក ហ៊ុន សែន បាន​ថ្លែង​ដូចនេះ តាមរយៈ​សារ​សំឡេង​នាយ​ប់​ថ្ងៃទី​ ៩ ខែសីហា ដែលជា​ការឆ្លើយតប​ទៅនឹង​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​វាយប្រហារ​ពី​វិទ្យុ​អាស៊ីសេរី ដែល​ត្រូវបាន​លោក​ ហ៊ុន សែន​ ថា ការ​វាយ​ប្រហារ​នេះ​គ្មាន​ប្រយោជន៍​នោះឡើយ​។​

​លោក​មានប្រសាសន៍ថា​៖ «​ខ្ញុំ​សូម​ជម្រាប​ទៅ​អស់លោក ឱ្យបាន​ដឹងថា សម្រាប់​តំណែង​ប្រធានរដ្ឋសភា​ត្រូវបាន​រៀបចំ​តាំងពី​ចុងឆ្នាំ​ ២០២១​ មក​ម្ល៉េះ​។ លោកជំទាវ ឃួន សុ​ដា​រី ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ទី​២ នៃ​រដ្ឋសភា នឹង​ក្លាយទៅជា​ប្រធានរដ្ឋសភា​នាពេលខាងមុខ ដែលជា​ការអនុវត្ត​លើកកម្ពស់ តួនាទី​ស្ត្រី​»​។ សម្រាប់​លោក ជាម យៀប ដែល​ប​ច្ចុ​ប្បន្ន​ជា​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា នឹង​នៅតែ​ជា​អនុប្រធាន​ទី​១ ​ដដែល ហើយ​លោក វង​សូត​ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នឹង​ក្លាយជា​អនុប្រធាន​ទី​២ ​នៃ​រដ្ឋសភា​។ នេះ​បើតាម​ការបញ្ជាក់​ពី លោក ហ៊ុន សែន​។​


​លោក​បាន​ថ្លែង​សង្កត់ធ្ងន់ថា៖ «​ដូច្នេះ បើ​អស់លោក​ល្ងង់​ណាស់ អស់លោក​គួរតែ​ស្វះ​​ស្វែង​ដើម្បី​នឹង​រក​ការពិចារណា​ជាជាង​ចោទថា អ្វីៗ​ជា​ទំនាស់​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​។ ខ្ញុំ​ឱ្យអស់​លោក​វិទ្យុ​អាស៊ីសេរី ក៏ដូចជា​អស់លោក​វិទ្យុ​ដែល​និយាយ​ជា​ភាសា​ខ្មែរ​ដទៃទៀត ចងចាំ​ឱ្យបាន គណបក្ស​ប្រជា​ជនកម្ពុជា​គ្មាន​ទម្លាប់​ឈ្លោះ​គ្នា ដណ្តើម​អំណាច​គ្នា ដូចដែល​ពួក​អស់លោក​ធ្លាប់បាន និង​កំពុង​បាន ហើយនឹង​ឈានទៅ​ដួលរលំ​ដោយសារ​ជម្លោះផ្ទៃក្នុង​របស់​អស់​លោក​ដែរ​»​។​

​ទាក់ទង​នឹង​ការតែងតាំង​ស្រី្ត​ឱ្យ​ដឹកនាំ​ស្ថាប័ន​ជាតិ​កំពូល​នេះ កញ្ញា បុណ្យ រចនា នាយិកា​អង្គការ​ក្លាហាន​បាន​ថ្លែងថា កញ្ញា​សាទរ​មែនទែន ចំពោះ​ការតែងតាំង​លោកស្រី ឃួន សុ​ដា​រី ជា​ប្រធានរដ្ឋសភា​ថ្មី ដែល​ស្ត្រី អាច​ទទួលបាន​តួនាទី​ខ្ពស់​បែបនេះ​។ ប៉ុន្តែ​ទន្ទឹមនេះ​កញ្ញា​ក៏បាន​សម្ដែង​ការ​សោក​ស្ដាយ​ផងដែរ​ចំពោះ​ការ​អវត្តមាន​ស្ត្រី នៅក្នុង​ជួរ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​មើលទៅ​ឃើញថា វត្តមាន​ស្ដ្រី​នៅក្នុង​តួនាទី​រដ្ឋមន្ត្រី គឺមាន​ចំនួន​តិចតួច​ណាស់​។


កញ្ញា​បុណ្យ រចនា ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ​ដែលជា​អ្នកធ្វើ​ការ​ក្នុង​វិស័យ​សិទ្ធិ​ស្ត្រី និង​លើកកម្ពស់​សម​ភាព​យេនឌ័រ​ហ្នឹង គឺ​ខ្ញុំ​មានការ​អបអរសាទរ ក៏ប៉ុន្តែ​ខ្ញុំ​ហាក់​មានការ​ខកចិត្ត​ខ្លាំង​ដែរ ចំពោះ​ការដែល​មិនមាន​ការកើនឡើង​វត្តមាន​ស្ដ្រី​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជ​រដ្ឋា​ភិ​បាល​យើង​»​។​

(រាប់ពីស្តាំ) លោក ជាម យៀប លោកស្រី ឃួន សុដារី និងលោក វង សូត។ ហុង មិនា

​ចំណែក អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក យង់ ពៅ បានលើកឡើង​ដែរ​ថា ប្រធានរដ្ឋសភា​ជា​ស្ត្រី​នេះ គឺជា​តួនាទី និង​តំណែង​មួយ​ខ្ពស់​សម្រាប់​ស្ត្រី​ដែល​កន្លងទៅ តាម​ការកត់សម្គាល់រ​ប​ស់លោក គឺ​មិន​ដែលមាន​ទេ​សម្រាប់​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​នេះ​ជា​ករណី​ទី​១​ សម្រាប់​ព្រះ​រាជាណាចក្រ​កម្ពុជា​យើង ក៏ដូចជា​ទូទាំង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​យើង​ដែរ ប៉ុន្តែ​និយាយ​ដោយឡែក​សម្រាប់​ប្រទេស​យើង​ទី​១​ ដែល​ស្រី្ត​បាន​ក្លាយជា​ប្រធាន​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដែល​នេះ​ជា​គុណ​តម្លៃ​មួយ​ដែល​កម្ពុជា​បានធ្វើ ដែល​នេះ​គឺជា​កិត្តិយស​ខ្ពង់ខ្ពស់​មួយ​សម្រាប់​ប្រទេស​កម្ពុជា​យើង​»​។​

​ទន្ទឹមគ្នា​នេះដែរ លោក យង់ ពៅ ក៏បាន​បញ្ជាក់​ផងដែរ​ទាក់ទង​នឹង​ការលើកឡើង​របស់លោក​ហ៊ុន សែន​ដែលថា គណបក្ស​ប្រជា​ជនកម្ពុជា​គ្មាន​ទម្លាប់​ឈ្លោះ​គ្នា​ដណ្តើម​អំណាច​គ្នា​ថា ជាធម្មតា​ទេ ការពិភាក្សា ជជែក​វែក​ញែក តស៊ូ​មតិ​គ្នា​នៅក្នុង​បក្ស តែងតែ​កើតមាន​ដើម្បី​ឈានទៅដល់​ការសម្រេចចិត្ត​មួយ​។​

​លោក​ថា​៖ «​ជា​ទម្លាប់​របស់​គណបក្ស​ប្រជា​​ជន នៅពេលដែល​មានការ​សម្រេច​ចិត្តបាន​ហើយ គណបក្ស​តែងតែ អនុវត្តតាម​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អចិ​ន្រៃ្ត​យ៍ នៃ​គណៈកម្មការ​កណ្តាល​រប​ស់​គណបក្ស​។ ដូចនេះ​ជា​ឥរិយាបថ​នៃ​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន ដែល​នេះ​គេ​ហៅថា ប្រជា​ធិ​ប​តេ​យ្យ​ក្នុង​បក្ស ដោយ​មិនដែល​មានការ​ដណ្តើម​អំ​ណា​ច​គ្នា​ក្រោយ​ការសម្រេច​ហើយ​នោះទេ​»​។​

​សូមបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន លោកស្រី ឃួន សុ​ដា​រី កាន់តំណែង​ជា​អនុប្រធាន​ទី២​ រដ្ឋសភា និង​ក៏​ជា​សមាជិក​គណៈកម្មការ​កណ្តាល​កាកបាទ ក្រហមកម្ពុជា​ផងដែរ​។​លោកស្រី ឃួន សុ​ដា​រី មាន​ស្រុកកំណើត ក្នុងស្រុក​សង្កែ ខេត្តបាត់ដំបង ហើយ​លោក​​ស្រី​ជា​អតីត​និស្សិត សញ្ញាបត្រ​សារព័ត៌មាន ពី​វិទ្យាស្ថាន​អន្តរជាតិ​សារព័ត៌មាន ប្រទេស​ហុង​គ្រី និង​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​អក្សរសាស្ត្រ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

​ជាមួយគ្នានេះដែរ កាលពី​ល្ងាច​ថ្ងៃទី​ ១០ ​សីហា​ លោក ​ហ៊ុន សែន បាន​ជួប​សំណេះ​សំ​ណា​ល​ជាមួយ​សមាជិក​រាជរដ្ឋាភិបាល ក្នុង​អាណត្តិ​ចាស់ និង​សមាជិក​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី នៅ​ទីស្នាក់ការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា​។ ការជួប​សំណេះសំណាល​នេះ ក្នុង​គោលបំណង​ដើម្បី​ចែក​រំលែក​បទពិសោធន៍​ការងារ​ដឹកនាំ​រដ្ឋាភិបាល​ជូន​សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​រាជ​រដ្ឋា​​ភិ​បាល​ថ្មី ដែល​ស្ទើរតែ​ទាំងអស់​ជាម​នុស្ស​ថ្មី និង​មាន​វ័យក្មេង​។ នេះ​បើតាម​លោក សុខ​ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​។​

​លោក​បាន​បន្ថែមថា ជំនួប​រវាង​ថា្នក់​ដឹកនាំ​រាជរដ្ឋាភិបាល​ចាស់ និង​ថ្នាក់ដឹកនាំ​រាជ​រដ្ឋា​ភិ​បាល​ថ្មី​នេះ ស្ថិតនៅ​ក្នុងពេល​អន្តរ​កាល​នៃ​ការផ្ទេរ​ពី​នីតិកាល​ ១​ ទៅ​នីតិកាល ១​ ទៀត​។ ជាពិសេស​ជាការ​ជួប​សំណេះសំណាល​ដើម្បីឱ្យ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី យល់​ដឹង​ពី​កិច្ចការ​មួយចំនួន ដែល​នឹង​ត្រូវធ្វើ​នៅពេល​ខាងមុខ​។ លោក​មានប្រសាសន៍ថា ៖ «​ជំនួប​នេះ​ក៏​នឹង​ផ្តល់​បទពិសោធន៍​ដល់​អ្នក​ជំនាន់​ថ្មី​ដែរ​។ រីឯ​ចាស់ៗ​វិញ​មានតែ​ដាក់អាវុធ​ចុះ​ឱ្យ​ក្មេងៗ ជា​អ្នក​កាន់​ម្តង​»៕