ភ្នំពេញៈ ​លោកស្រី អ៊ី​វ ម៉ា​ឡែ​ន អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​បានឱ្យដឹងថា មាន​កុមារ​កើត​ជំងឺ​​មហារីក​គ្រាប់​ឈាម​ជាង​​ ​១០០ នាក់ កំពុង​បន្ត​តាមដាន​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុ​ប្ជា​រាជធានី​ភ្នំពេញ ខណៈ​មន្ទីរពេទ្យ​នេះ​នឹង​ទទួល​ព្យាបាល​ជំងឺមហារីក​ទូទៅ​លើ​កុមារ​ក្នុងពេល​ឆាប់ៗ​ផងដែរ​។​


​លោកស្រីបាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១០ សីហា​ថា ការព្យាបាល​ជំងឺមហារីក​គ្រាប់​ឈាម​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ គឺ​បាន​ធ្វើឡើង​តាំងពី​ឆ្នាំ​ ២០០៣​ មក​ម្ល៉េះ​។ លោកស្រី​បន្តថា ជំងឺមហារីក​គ្រាប់​ឈាម​គឺមាន​ច្រើន​ប្រភេទ ហើយ​ចាប់ពី​ដើមឆ្នាំ​នេះ​មក មន្ទីរពេទ្យ​បានទទួល​ព្យាបាល​ប្រភេទ ALL ហើយ​រហូតទល់​ពាក់កណ្តាល​ឆ្នាំ​ ២០២៣ មន្ទីរ​ពេទ្យ​ទទួល​ព្យាបាល​ប្រភេទ​ផ្សេងទៀត​ដែល​ស្ថិតក្នុង​ក្រុម​មហារីក​គ្រាប់​ឈាមមាន​ឈ្មោះថា AML​និង CML​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖ «​យើង​មាន​កុមារ​កើត​ជំងឺមហារីក​គ្រាប់​ឈាម​ជាង ​១០០ ​នាក់ កំពុង​តាមដាន​ជាមួយ​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​យើង​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ភ្នំពេញ​។ ទន្ទឹមនឹងនោះ យើង​ក៏មាន​អ្នកជំងឺ​ផ្សេងៗ​ជា​ច្រើន​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ដែរ​»​។​


​ដោយឡែក នៅ​ថ្ងៃ​ខាងមុខ​ឆាប់ៗ​នេះ លោកស្រី អ៊ី​វ ម៉ា​ឡែ​ន បាន​អះអាងថា មន្ទីរពេទ្យ​គន្ធ​​បុ​ប្ជា នឹង​ទទួល​ព្យាបាល​កុមារ​ដែលមាន​ជំងឺមហារីក​ទូទៅ​មិន​ថា ជា​ប្រភេទ​ណា​ទេ គឺ​ក្រុម​​គ្រូពេទ្យ​ជំនាញ​នឹង​ទទួល​យកមក​ព្យាបាល​ទាំងអស់​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖ «​ក្នុងពេល​ឆាប់ៗ​ខាងមុខ មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​នឹង​រៀបចំ​ព្យាបាល​ជំងឺ​មហារីក​ទូទៅ​របស់​កុមារ​។ ជំងឺមហារីក គឺមាន​ប្រភេទ​ច្រើន ដែលមាន​ពពួក​ប្រភេទ​ផ្សេងៗ​។ មហារីក​ទូទៅ​លើ​កុមារ មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​នឹង​ចាប់ផ្តើម​ធ្វើការ​ព្យា​បាល​នៅ​ថ្ងៃ​ខាងមុខ​ឆាប់ៗ​»​។​


​ជំងឺមហារីក​ឈាម ឬ​មហារីក​​ឈាម​ជាប់​ចំណាត់ថ្នាក់​ជា​ទម្រង់​ទូទៅ​បំផុត​នៃ​ជំងឺមហារីក​ចំពោះ​កុមារ​ដែលមាន​អាយុ​ពី​ ២​ ទៅ ​១៤ ​ឆ្នាំ​។ ក្នុងនោះ​ក៏មាន​ប្រភេទ​ជំងឺ​មហារីក​ឈាម​ប្រភេទ​ផ្សេងៗ​គ្នា​ដែលមាន​ផលប៉ះពាល់​ដល់​កុមារ​អាស្រ័យ​លើ​កោសិកា​ឈាម​ដែល​បាន​ផ្លាស់ប្តូរ​ឬ​មហា​​រីក​មាន​ភាព​សាហាវ​ប៉ុណ្ណោះ​។ ជំងឺមហារីក​កូនកណ្តុ​រ​ភាគច្រើន​ចំពោះ​កុមារ​អាច​ព្យាបាល​បាន​។ នេះ​បើ​យោងតាម​ការសិក្សា​របស់​អ្នកជំនាញ​។​

​លោកស្រី អ៊ីវ ម៉ា​ឡែ​ន បាន​អះអាងថា មូលហេតុ​ដែលនាំឱ្យ​កើត​ជំងឺមហារីក​គ្រាប់​ឈាម គឺ​នៅតែ​មិនទាន់​រកឃើញ​ច្បាស់​ទេ ប៉ុន្តែ​លោកស្រី​ថា តាម​ភាព​ជាក់ស្តែង គេ​អាច​សង្កេតឃើញថា អាច​បណ្តាលមកពី​កត្តា​សេ​នេ​ទិ​ក ឬ​កត្តា​ហ្ស៊ែន និង​អាចទាក់ទង​នឹង​កត្តាបរិស្ថាន​ពាក់​ព័ន្ធ​នឹង​បញ្ហា​អនាម័យ ឬ​អាហារ ឬ​តាមរយៈ​វីរុស​ឆ្លង​មួយចំនួន​ដែលជា​ប្រភព​នៃ​ជំងឺមហារីក​។​

​លោកស្រី​បាន​បន្តថា កត្តា​ផ្សេងទៀត​ជុំវិញ​ការប៉ះពាល់​ជា​​មួយ​វិទ្យុសកម្ម​ផ្សេងៗ និង​សារ​ធាតុគីមី​មួយចំនួន​លើ​ចំណី​អាហារ ក៏​អាចជា​មូលហេតុ​បណ្តាលឱ្យមាន​ជំងឺមហារីក​ផងដែរ ហើយ​សញ្ញា​ទូទៅ គឺអាច​តាមដាន​បាន​តាមរយៈ​មានការ​ឆ្លង​មេរោគ និង​គ្រុន​ក្តៅ កូនកណ្តុរ​រីក​ធំ ភាព​ស្លេក​ស្លាំង បាត់បង់​ចំណង់​អាហារ និង​ហូរឈាម​នៅ​អញ្ចាញធ្មេញ ឬ​មាន​ស្នាម​ជាំ​លើ​ខ្លួនប្រាណ​ជាដើម​។​

​មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវបាន​បង្កើតឡើង​ដោយ​លោក Beat Richner តាំងពី​ឆ្នាំ​ ១៩៩២ ដោយ​ត្រូវ​ចំណាយ​ជា​មធ្យម​ប្រចាំ​សប្ដាហ៍​អស់​ប្រមាណ​ ៨៤​ ម៉ឺន​ដុល្លារ​អាមេរិក​ ឬ​ស្មើនឹង​ជាង ​៤០ ​លាន​ដុល្លារ​ ក្នុង​ ១ ​ឆ្នាំៗ ខណៈ​រាល់​ការព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ ៥ គឺ​ឥតគិតថ្លៃ​សម្រាប់​គ្រប់ៗ​គ្នា និង​គ្មាន​ការរើសអើង​។​

​តាម​របាយការណ៍​នៅ​ថ្ងៃទី​ ១ សីហា មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ទទួល​ពិគ្រោះ​អ្នកជំងឺ​ក្រៅ​សរុប ៣ ៧១៨ ​នាក់ ក្នុងនោះ​មាន ​២ ០៥២ នាក់ នៅ​ភ្នំពេញ និង ១ ៦៦៦​ នាក់ នៅ​ខេត្តសៀមរាប​។ ចំណែក​អ្នកជំងឺ​ដែល​ដាក់ឱ្យ​សម្រាក​នៅ​មន្ទីរពេទ្យ គឺមាន​សរុប​ ២ ៦២៦​ នាក់ ក្នុងនោះ​ ១ ២០៩​ នាក់​នៅ​ភ្នំពេញ និង​ ១ ៤១៧​ នាក់​នៅ​ខេត្តសៀមរាប ខណៈ​អ្នកជំងឺ​ឈឺ​ធ្ងន់​មាន​ចំនួន ៦៣៨ ​នាក់​៕