លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានស្នើ​ឱ្យ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ទាំងអស់ ក្នុង​អាណត្តិ​ទី​៧ ​ថ្មី​នេះ ត្រូវ​យកចិត្តទុកដាក់​ចុះ​ជួប ជាមួយ​ប្រជាពលរដ្ឋ​ឱ្យបាន​ច្រើន​ដើម្បី​ដឹង​ពី​សុខទុក្ខ​របស់​ពលរដ្ឋ និង​ត្រូវខិតខំ​បង្កើន​នូវ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។


​ការស្នើ​របស់​នាយករ​ដ្ឋ​មន្ត្រី​ដែល​នឹង​បញ្ចប់​អាណត្តិ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ធ្វើឡើង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល ពិសារ​ភោជនាហារ ជាមួយ​សមាជិក​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​អាណត្តិ ចាស់ និង​សមាជិក​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី នៅ​វិមាន​៧​មករា ទីស្នាក់ការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​១០ ខែសីហា ឆ្នាំ ២០២៣​។​

​ក្នុងជំនួប​នោះដែរ​លោក ហ៊ុន សែន ក៏បានផ្តល់​ជា​អនុសាសន៍​ដល់​នាយករដ្ឋមន្ត្រី​ថ្មី ត្រូវ​តែងតាំង​នូវ​មន្ត្រី​ថ្នាក់​នយោបាយ នៅតាម​បណ្ដា ក្រសួង ស្ថាប័ន ឡើងវិញ និង​ក៏មាន​ការកែសម្រួល​នូវ​តួនាទី​មន្ត្រី​នយោបាយ​ខ្លះៗ​ផងដែរ ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី​។


​លោក ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​៖«​កត្តា​សំខាន់បំផុត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ថែរក្សា​ប្រៀប​ឈ្នះ​ពី​អតីតកាល ក្នុងពេល​បច្ចុប្បន្ន និង​តទៅ​អនាគត គឺ​ការ​សាមគ្គី​និង​ឯកភាព​ផ្ទៃក្នុង​គណបក្ស​»​។​

​សម្រាប់​អាណត្តិ​ថ្មី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី​២២ ខែសីហា តទៅ គឺមាន​ការផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​ស្ទើរតែ​ទាំងស្រុង​ដោយមាន​លោក ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី ត្រូវបាន​ព្រះមហាក្សត្រ​ផ្តល់​គោរមងារ​កិត្តិយស​ពិសេស​ដ៏​ឧត្តុង្គឧត្តម​បំផុត​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ជា​“​កិត្តិ​ទេសាភិបាល​បណ្ឌិត​” តែមួយ​រូប​គត់​។​


​សូមបញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រកាស​លទ្ធផល​ជា​ផ្លូវការ​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៃ​រដ្ឋសភា ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​ឈ្នះ​អាសនៈ​ចំនួន ១២០ អាសនៈ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេងគាំទ្រ​ឈ្នះ​បាន ៥ អាសនៈ​។ តាម​គម្រោង រដ្ឋសភា​នីតិកាល​ទី​៧ និង​បើក​សម័យប្រជុំ​ដំបូង​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​២១ ខែសីហា និង​បន្ត​កិច្ចប្រជុំ​បោះឆ្នោត​អនុម័ត​រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ​រដ្ឋសភា និង​បោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​លើ​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣៕