បាត់ដំបងៈ តំណាង​សហគ្រាស គ្រឹះស្ថាន និង​កម្មករ និយោជិត​ផ្នែក​សេវា​កម្សាន្ត នៅ​ខេត្ត​បាត់ដំបង មកពី ៣០ ស្ថាប័ន បាន​ចូលរួម​សិក្ខាសាលា​ទទួល​ការពង្រឹង​សុខុមាលភាព ក្នុងការ​ឆ្លើយតប​ទៅលើ​ការទប់ស្កាត់​ការរាលដាល​ជំងឺ​អេដស៍ និង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​កន្លែង​ធ្វើការ។​


បើ​យោងតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សិក្ខាសាលា​កាលពី​ថ្ងៃទី ១០ ខែ​សីហា នោះ​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​គ្រឿងញៀន របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​អង្គការ​អន្តរជាតិ​ខាង​ការងារ។​

សិក្ខាសាលា​នេះ ផ្តោតទៅលើ​ការអនុវត្ត​ប្រកា​សលេខ ០៨៦ ប្រកា​សលេខ ១៩៤ និង​សេចក្តី​ណែនាំ​លេខ ០០៨ នៅតាម​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន ក្រុមហ៊ុន​ផ្នែក​សេវា​កម្សាន្ត​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទៅដល់​ម្ចាស់​គ្រឹះស្ថាន និង​កម្មករ​និយោជិត​ផ្នែក​សេវា​កម្សាន្ត នៅ​ខេត្ត​បាត់ដំបង។​


នៅក្នុង​សិក្ខាសាលា​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លឹម តុង​ហួត ក្នុងនាម​នាយ​ឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ថ្លែងអំណរគុណ​ដល់​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​គ្រឿងញៀន និង​គ្រប់ផ្នែក​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​បង្ការ​ទប់ស្កាត់បាន នូវ​ការរីក​រាលដាល​មេរោគ​អេដស៍ និង​គ្រឿងញៀន នៅ​កន្លែង​ធ្វើការ និង​សូមបន្ត កិច្ចខិតខំ​ប្រឹងប្រែង​បន្តទៀត។​

លោក​បានឱ្យដឹងថា ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៣ នេះ​ក្នុងចំណោម​អ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន ៤ ៦៦១ នាក់ អ្នក​ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ ឆ្នាំ ទៅ ៤៥ ឆ្នាំ គឺជា​ក្រុម​ដែល​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ជាងគេ។


ជាមួយគ្នានេះ លោក វេជ្ជ​.​ហ៊ុយ ហាន​សុង រដ្ឋលេខាធិការ ក្រសួង​ការងារ​បាន​មាន​ប្រសាសន៍​ថា ការចូលរួម​រក្សាបាន​នូវ​សុខុមាលភាព​នៅ​កន្លែង​ធ្វើការ គឺ​ពិតជា​ជោគជ័យ​ធំ​ណាស់ ព្រោះថា ការថែទាំ​បុគ្គលិក កម្មករ និយោជិត​ឱ្យមាន​សុខភាព​ល្អ គឺជា​ការថែទាំ​កម្លាំង​ពលកម្ម​របស់​ជាតិ ហើយ​ផលិតភាព​ក៏​កើនឡើង ហើយ​ទាំង​និយោជក និង​និយោជិត​រីកចម្រើន​ទៅមុខ​ទាំងអស់គ្នា៕