​ភ្នំពេញៈ ប្រជាពលរដ្ឋ​ជា​បុគ្គល​ស្វ័យ​និ​យោជន៍​ជាង​២​ម៉ឺន​នាក់​បាន​ចុះឈ្មោះ​ចូល​ជា​សមាជិក​ប​.​ស​.​ស​. តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត ដែល​ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​១២ ៨៤៣​នាក់ ដែល​រួមមាន​ស្រី​ចំនួន​៧ ០៣៧​នាក់​ផងដែរ​។​


​លោក​ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​ជា​អ្នកនាំពាក្យ​របស់ ប​.​ស​.​ស​. បានឱ្យដឹងថា គិត​ចាប់​ពីថ្ងៃ​ប្រកាស​ដាក់ឱ្យអនុវត្ត​នូវ​គម្រោង​សាកល្បង​ខាងលើ រហូតមកដល់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២៣​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជា​បុគ្គល​ស្វ័យ​និ​យោជន៍​សរុប​ប្រមាណ​ជា​២០ ០៣១​នាក់ (​ស្រី​ចំនួន ១១ ៧០៧​នាក់​)​ហើយ បាន​ទៅ​ស្នើសុំ​ចុះឈ្មោះ​ចូល​ជា​សមាជិក ប​.​ស​.​ស​. តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​។ ក្នុងនោះ​គ្រាន់តែ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន ១២ ៨៤៣​នាក់ (​ស្រី​ចំនួន ៧ ០៣៧​នាក់​)​។ នេះ​បើ​យោងតាម​បេឡា​ជាតិ​សន្តិសុខ​សង្គម​។

​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ប្រកាស​ដាក់ឱ្យអនុវត្ត​នូវ​គម្រោង​សាកល្បង​របប​ថែទាំ​សុខភាព​សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត ពេលដែល​កំពុង​ប្រក​បរបរ និង​មាន​ចំណូល​ផ្ទាល់ខ្លួន មានការ​សប្បាយរីករាយ​យ៉ាងខ្លាំង ព្រោះ​ពួកគាត់​ក៏​អាចមាន​សិទ្ធិ​ក្នុងការ​ស្នើសុំ​ធ្វើ​ប័ណ្ណសមាជិក​ប​.​ស​.​ស​. និង​ទទួល​បានការ​គាំពារ​ទៅលើ​ការថែទាំ​សុខភាព រួមទាំង​ប្រាក់​បំណាច់​មាតុភាព​ដូច​ទៅនឹង​បងប្អូន​មន្ត្រីរាជការ និង​អ្នក​ដែល​កំពុងមាន​ការងារ​ធ្វើជា​សមាជិក ប​.​ស​.​ស​. ដទៃទៀត​ផងដែរ​។​


​លោកស្រី​ជា សោភី​ន ប្រកបរ​បរជា​ជាងកាត់ដេ​រ​ម្នាក់ ក៏ដូចជា​បងប្អូន​អាជីវករ​ជាច្រើន​ទៀត ក្នុង​រាជធានី​ភ្នំពេញ បានបង្ហាញ​អារម្មណ៍​ពិត​ថា ពួកគាត់​ពិតជា​សប្បាយ​រីករាយ​ខ្លាំងណាស់ ព្រោះ​មិន​ធ្លាប់​នឹកស្មានថា ត្រឹម​ជា​ពលរដ្ឋ​ធម្មតា​មាន​មុខរបរ​តិចតួច​នៅផ្ទះ​សោះ ក៏​អាច​ទទួលបាន​សិទ្ធិ​ក្នុងការ​ស្នើសុំ​ប័ណ្ណសមាជិក ប​.​ស​.​ស​.​បានដែរ​។ គាត់​បាន​លើកឡើងថា​ប័ណ្ណ​ប​.​ស​.​ស​.​នេះ​ពិតជា​សំខាន់​ណាស់​សម្រាប់​ពួកគាត់ ព្រោះ​អាចជួយ​សម្រាល​លើ​បន្ទុក​ចំណាយបាន​ច្រើនណាស់​នៅពេល​គាត់​ឈឺ​ត្រូវ​ទៅ​ពេទ្យ ពិសេស​ពេល​សម្រាលកូន​មិន​អស់ថ្លៃ​សម្រាល​ហើយ ថែមទាំង​បាន​ប្រាក់ឧបត្ថម្ភ​ពី​ប​.​ស​.​ស​.​ទៀត​។​

​បេឡា​ជាតិ​សន្តិសុខ​សង្គម​បាន​រំឭកថា សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ ដើម្បី​មាន​សិទ្ធិ​ទទួល​ប័ណ្ណសមាជិក ប​.​ស​.​ស​.​ត្រូវអនុវត្ត​តាម​លក្ខ​ខណ្ឌ​រួមមាន​៖ (១) មានមុខរ​បរមាន​ប្រាក់ចំណូល​ផ្ទាល់ខ្លួន មិន​ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល (២) ធ្វើ​ការងារ ឬ​ប្រកប​របរ​អាជីវកម្ម​ផ្ទាល់ខ្លួន ដោយ​មិន​ប្រើប្រាស់​បុគ្គលិក (៣) ត្រូវមាន​អាយុ​មិន​លើសពី​៦០​ឆ្នាំ គិត​ត្រឹម​កាលបរិច្ឆេទ​ស្នើ​ចុះបញ្ជី​នៅ ប​.​ស​.​ស​. និង​ទី​(៤) សាមីខ្លួន​ត្រូវ​ទៅ​ស្នើសុំ​ធ្វើ​ប័ណ្ណ ប​.​ស​.​ស​. ដោយផ្ទាល់ និង​ភ្ជាប់​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ច្បាប់ដើម (​មាន​សុពលភាព​)​។​


​គិត​រហូតមក​ដល់ពេលនេះ បេឡា​ជាតិ​សន្តិសុខ​សង្គម​មាន​សមាជិក​សរុប​ចំនួន​១ ៩៤៥ ៧៩៥​នាក់ (​ស្រី​ចំនួន ១ ០៧៦ ៣៩៦​នាក់​)​។ ក្នុងនោះ​សមាជិក ប​.​ស​.​ស​. ក្នុង​វិស័យ​ឯកជន​មាន​ចំនួន​១ ៤៩១ ៦១៣​នាក់ (​ស្រី​ចំនួន ៩២៤ ៥៧១​នាក់​), សមាជិក ប​.​ស​.​ស​. ក្នុង​វិស័យ​សាធារណៈ ចំនួន ៤៣៤ ១៥១​នាក់ (​ស្រី​ចំនួន ១៤០ ១១៨​នាក់​) និង​សមាជិក ប​.​ស​.​ស​. ជា​បុគ្គល​ស្វ័យ​និ​យោជន៍​សរុប​ចំនួន ២០ ០៣១​នាក់ (​ស្រី​ចំនួន ១១ ៧០៧​នាក់​)​។ នេះ​បើ​យោងតាម​ប្រភព​ដែល​នេះ​៕