កំពង់ឆ្នាំងៈ កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់លែង និង​ស្រុក​កំពង់ត្រឡាច សហការ​ជាមួយ​កម្លាំង​ខណ្ឌ​រដ្ឋបាល​ជលផល នៅ​ថ្ងៃទី​ ១១ ​សីហា​នេះ បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ដោយបាន​រុះរើ និង​កម្ទេចចោល​របាំង​ស្បៃ​មុង​ជាង​៧០០​ម៉ែត្រ និង​បង្គោល​ជាង​ ២០០​ ដើម​។​


​យោងតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កម្លាំង​អធិការនគរបាល​ស្រុក​កំពង់លែង សហការ​ជាមួយ​កម្លាំងចម្រុះ ដោយ​ប្រើ​មធ្យោបាយ​បា​ឡា​ស្មាច់​ចំនួន​២​គ្រឿង ដឹកនាំ​ដោយ លោក ឌុល ចាន់​ឌី សង្កាត់រដ្ឋបាល​ជលផល​កំពង់លែង បាន​សហការ​ចុះ​ល្បាត​ត្រួតពិនិត្យ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច បឹង​ស្ទឹង​រដ្ឋ​, ព្រែក​ចង្កៀង​, ប៉ោង​ឡោ​មានជ័យ​, បឹង​ល្ពា​ក់​, បឹងរាំង​ទិល ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​សំរោង​សែន និង​ឃុំ​ដារ ស្រុក​កំពង់លែង​។​

​ជា​លទ្ធផល រុះរើ​របាំង​ស្បៃ​មុង បាន​ចំនួន ២​កន្លែង ប្រវែង ៤០០​ម៉ែត្រ លប​លូ​ចំនួន ៣​លប​។ សម្ភារ​ទាំងនេះ ត្រូវបាន​កម្ទេចចោល​នៅនឹងកន្លែង​។​


​ចំណែក​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច សហការ​ជាមួយ​កម្លាំងចម្រុះ និង​កម្លាំង​រដ្ឋបាល​ជ​ល​ផល ក៏បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច​ឃុំ​កំពង់ត្រឡាច​ផងដែរ​។

​ជា​លទ្ធផល បានធ្វើ​ការរុះរើ​របាំង​ស្បៃ​មុង​បាន​ចំនួន​១៦​កន្លែង ប្រវែង​៣២០​ម៉ែត្រ​, លប​លូ​ចំនួន​១៦​លប​, បង្គោល​ចំនួន​២១០​ដើម​, ចាក់​លែង​ត្រី​ចម្រុះ ចំនួន​៤០​គីឡូ​។ សម្ភារ​ដែល​រឹបអូស​បាន​ទាំងនេះ ត្រូវបាន​កម្ទេចចោល​នៅនឹងកន្លែង​៕