ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកទឹកចិត្ត​ឱ្យ​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​កម្ពុជា និង​ឥណ្ឌូនេស៊ី​ថែមទៀត ដោយ​លោក​ចាត់ទុកថា កងទ័ព​ជា​អ្នកការទូត​សន្តិភាព​។​


​លោក​លើកឡើង​ដូច្នេះ​ក្នុងជំនួប​រវាង​លោក និង​លោក​Dudung Abdurachman មេបញ្ជាការ​កងទ័ពជើងគោក​ជាតិ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី នា​ថ្ងៃទី​១១ ខែសីហា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម (Telegram) លោកនាយក​រដ្ឋមន្ត្រី បានឱ្យដឹងថា លោក Abdurachman បាន​ប្រា​ប់លោក ហ៊ុន សែន អំពី​លទ្ធផល​នៃ​ជំនួប​រវាង​លោក​ផ្ទាល់ ជាមួយ លោក ម៉ៅ សុផាន់ មេបញ្ជាការ​កងទ័ពជើងគោក​ស្ដីទី ដែល​ក្នុងនោះ​មាន​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​កា​រព​ង្រី​កិច្ចសហប្រតិបត្តិការ​បន្ថែម តាមរយៈ​ការជំរុញឱ្យ​មានការ​ផ្លាស់​ប្ដូរ​បទពិសោធន៍​កាន់តែខ្លាំង​ឡើង ការផ្លាស់ប្ដូរ​ព័ត៌មាន​រវាង​កងទ័ព​ទាំង​២ និង​ជាពិសេស​ការពង្រីក​វិសាលភាព​នៃ​ការហ្វឹកហាត់​កងទ័ព​។


Telegram ដដែល​បញ្ជាក់ថា​៖ «​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ប្រទេស​ទាំង​២ ហើយ​បាន​លើកទឹកចិត្ត​ឱ្យ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែមទៀត ដោយ​ចាត់ទុកថា កងទ័ព​ជា​អ្នកការទូត​សន្តិភាព​"៕