រាជរដ្ឋាភិបាលកម្ពុជា កាល​ពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ ២០២៣ បាន​ចេញ​អនុក្រឹត្យ​ស្តីពី ការ​គ្រប់គ្រង និង​លើក​កម្ពស់​ប្រសិទ្ធភាព​ថាមពល​នៃ​បរិក្ខារ​ប្រើប្រាស់​អគ្គិសនី ដោយ​អនុក្រឹត្យ បាន​កំណត់​បទប្បញ្ញត្តិ​សម្រាប់​ការ​គ្រប់គ្រង និង​លើក​កម្ពស់​ប្រសិទ្ធភាព​ថាមពល​នៃ​បរិក្ខារ​ប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា តាម​រយៈការ​អនុវត្ត​បទដ្ឋាន និង ការ​បិទស្លាក​សញ្ញា​ប្រសិទ្ធភាព​ថាមពល​ស្របតាម​គោលនយោបាយ​ជាតិ​ស្តីពី​ប្រសិទ្ធភាព​ថាមពល។


អនុក្រឹត្យនេះ​មាន ១០ជំពូក និង ២៨​មាត្រា ដែល​មាន​វិសាលភាព​គ្រប​ដណ្ដប់​លើ​រាល់​សកម្មភាព​នៃ​ការ​បញ្ញត្តិ ការ​គ្រប់គ្រង ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន​រាជរដ្ឋាភិបាល និង​ការ​លើក​កម្ពស់​ប្រសិទ្ធភាព​ថាមពល​នៃ​បរិក្ខារ​ប្រើប្រាស់​អគ្គិសនី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា គោលការណ៍​នៃ​ប្រសិទ្ធភាព​ថាមពល គឺ​ជាក់លាក់​ចំពោះ “បរិក្ខារ​ប្រើប្រាស់​អគ្គិសនីមុខ​សញ្ញា” នីមួយៗ ដូច្នេះ វិសាលភាព​បទដ្ឋាន​គុណផល​និង​សុវត្ថិភាព វិធីសាស្ត្រ​ធ្វើតេស្ត បទដ្ឋាន​គុណផល​ប្រើប្រាស់​ថាមពល​អប្បបរមា កម្រិត​ប្រសិទ្ធភាព​ថាមពល ការ​រចនា​ស្លាក​ប្រសិទ្ធភាព​ថាមពល នីតិវិធី​ត្រួត​ពិនិត្យ និង ផ្ទៀងផ្ទាត់ ត្រូវ​រៀបចំ​និង​ដាក់​ឱ្យ​អនុវត្ត​សម្រាប់​បរិក្ខារ​ប្រើប្រាស់​អគ្គិសនី​មុខ​សញ្ញា​នីមួយៗ ហើយ​បំពេញ​បន្ថែម​តាម​តម្រូវ​ការ ដោយ​មាន​ការ​ណែនាំ​លម្អិត និង នីតិវិធី​ប្រតិបត្តិការ​ស្តង់ដា​ជាក់លាក់។


អនុក្រឹត្យនេះ​កំណត់​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន​រាជរដ្ឋាភិបាល​ផ្សេងៗគ្នា ក្នុង​ការ​គ្រប់គ្រង និង​លើក​កម្ពស់​ប្រសិទ្ធភាព​ថាមពល​នៃ​បរិក្ខារ​ប្រើប្រាស់​អគ្គិសនី។

អនុក្រឹត្យ​បាន​កំណត់​ទៀត​ថា ក្រសួង​ស្ថាប័ន​សំខាន់ៗ ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​អនុក្រឹត្យ​នេះ​រួមមាន ក្រសួងរ៉ែ និង​ថាមពល ជា​ស្ថាប័ន​បង្គោល ដែល​ទទួល​ខុស​ត្រូវ​រួម​លើ​ការងារ​គ្រប់គ្រង​និង​លើក​កម្ពស់​ប្រសិទ្ធភាព ​ថាមពល​នៃ​បរិក្ខារ​ប្រើប្រាស់​អគ្គិសនី។


ដោយឡែក ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជា​ស្ថាប័ន​ដៃគូ​ទទួល​ខុសត្រូវ​ជួយ​ដល់​ក្រសួង រ៉ែ និង ថាមពល ក្នុង​ការ​កំណត់​ស្តង់ដា​នៃ​ការ​ធ្វើតេស្ត​ដែល​ត្រូវ​អនុវត្ត​ចំពោះ​បរិក្ខារ​ប្រើប្រាស់​អគ្គិសនី​មុខសញ្ញា និង លក្ខខណ្ឌ​វិនិច្ឆ័យ​សម្រាប់​ការ​ទទួល​ស្គាល់​មន្ទីរពិសោធន៍​ធ្វើតេស្ត ព្រម​ទាំង​ក្នុង​ការ​ត្រួត​ពិនិត្យ ផ្ទៀងផ្ទាត់ និង​ពង្រឹង​ការ​អនុវត្ត​វិធានការ​ច្បាប់ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ ដើម្បី​ធានា​ថា ការ​ផលិត​បរិក្ខារ​ប្រើប្រាស់​អគ្គិសនី​មុខ​សញ្ញា​ក្នុង​គោល​បំណង​​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អនុលោម​ទៅ​តាម​បទប្បញ្ញត្តិ​នៃ​បទដ្ឋាន និង ការ​បិទ​ស្លាក សញ្ញា​ប្រសិទ្ធភាព​ថាមពល។

ចំណែក​ក្រសួង​ពាណិជ្ជកម្ម ជា​ស្ថាប័ន​ដៃគូ​ទទួល​ខុសត្រូវ​ជួយ​ដល់​ក្រសួង រ៉ែ និង ថាមពល ក្នុង​ការ​ត្រួត​ពិនិត្យ ​ផ្ទៀងផ្ទាត់ និង ពង្រឹង​ការ​អនុវត្ត​វិធានការ​ច្បាប់ និង បទប្បញ្ញត្តិ​ពាក់ព័ន្ធ ដើម្បី​ធានា​ថា ការ​ដាក់​លក់​បរិក្ខារ​ប្រើប្រាស់​អគ្គិសនី​មុខ​សញ្ញា នៅ​ក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុលោម​ទៅ​តាម​បទប្បញ្ញត្តិ​នៃ​បទដ្ឋាន​និង​ការបិទ​ស្លាក​សញ្ញា​ប្រសិទ្ធភាព​ថាមពល។

ដោយឡែក អគ្គនាយកដ្ឋានគយ និង រដ្ឋាករ​កម្ពុជា​ជា​ស្ថាប័ន​ដៃគូ​ទទួល​ខុស​ត្រូវ​ជួយ​ដល់​ក្រសួង​ រ៉ែ និង ថាមពល ក្នុង​ការ​ត្រួត​ពិនិត្យ ផ្ទៀងផ្ទាត់ និង​ពង្រឹង​ការ​អនុវត្ត​វិធាន​ការ​ច្បាប់ និង បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ដើម្បី​ធានា​ថា ការ​នាំ​ចូល​បរិក្ខារ​ប្រើប្រាស់​អគ្គិសនី​មុខ​សញ្ញា​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អនុលោម​ទៅ​តាម​បទប្បញ្ញត្តិ​នៃ​បទដ្ឋាន​និង​ការ​បិទ​ស្លាក​សញ្ញា​ប្រសិទ្ធភាព​ថាមពល៕