ភ្នំពេញៈ លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តី​ការបរទេស​ចិន បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​រសៀល​ថ្ងៃទី១២ ខែ​សីហា​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​រហូត​ដល់​ថ្ងៃទី ១៣ ខែសីហា។


សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការ​បរទេស​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែ​សីហា បញ្ជាក់​ថា លោក វ៉ាង យី នឹង​ចូលក្រាប​បង្គំ​គាល់​ព្រះ​មហាក្សត្រ​នៅ​ព្រះ​បរម​រាជវាំង ព្រម​ទាំង​ជួប​ដាច់​ដោយឡែក​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ក្នុង​អាណត្តិ​ថ្មី។ កិច្ច​ពិភាក្សា​នឹង​ផ្តោត​លើ​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធនឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ដែល​ឆ្លុះ​បញ្ចាំង​អំពី​វិស័យ​អាទិភាពរួម។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា លោក វ៉ាង យី នឹង​មាន​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្រ្តី និង​ជាអគ្គលេខាធិការ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ ជំនួប​នឹង​គ្រប​ដណ្ដប់​លើ​ទិដ្ឋភាព​ចម្រុះ​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុងក្របខ័ណ្ឌ​ទ្វេភាគី​និង​ពហុភាគី ដែល​ជា​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​នៃ​ប្រទេស​ទាំង២។


ដំណើរ​ទស្សនកិច្ច​របស់​លោក វ៉ាង យី ដែល​ជាស​មាជិក​ការិយាល័យ​នយោបាយ និង​ជា​ប្រធាន​ការិយាល័យ​គណៈកម្មការ​កិច្ចការ​បរទេស នៃ គណៈកម្មាធិការ​មជ្ឈិម​បក្ស កុម្មុយនីស្ត​ចិន នេះ​ប្រព្រឹត្ត​ទៅ​ស្រប​ពេល​ជាមួយ​នឹង​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ លើកទី ៦៥ ឆ្នាំ នៃ​ទំនាក់ទំនង​ ការទូត និង ឆ្នាំ​មិត្ត​ភាព​រវាង​ កម្ពុជា និង ចិន។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា៖ «ដំណើរ​ទស្សនកិច្ច​នេះ នឹង​រួម​ចំណែក​បន្ថែម​ទៀត​ក្នុង​ការ​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ពង្រឹង​សហគមន៍​វាសនា​រួម​ប្រកប​ដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្ដង់ដា​ខ្ពស់ លើក​កម្ពស់​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ ព្រម​ទាំង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​វេទិកា​តំបន់​ និង អន្តរជាតិ ដើម្បី​ជា​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់​ប្រទេស និង ប្រជាជន​ទាំង២»៕