ក្រចេះរយៈពេល ២ ថ្ងៃ ក្រុមកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរាវរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១ ០០០ គ្រាប់ នៅវិទ្យាល័យព្រះមហាក្សត្រីកុសុមៈ ក្នុងខេត្តក្រចេះ ខណៈមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរមីន នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវមានការប្រុងប្រយ័ត្នចំពោះតំបន់ដែលរាវរកឃើញនេះ។
យោងតាមមន្ទីរព័ត៌មានខេត្តក្រចេះ បានឱ្យដឹងនៅថ្ងៃទី១២ ខែសីហាថា ក្រុមកម្លាំងស៊ីម៉ាក់ បានរាវរកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងវិទ្យាល័យព្រះមហាក្សត្រីកុសុមៈ ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១២ ខែសីហា ដោយបានរកឃើញគ្រាប់ ៤ ប្រភេទ គឺប្រភេទM៧៩ ប្រភេទ DK ៧៥ ប្រភេទ M ៤៨ និងប្រភេទ B ៤០ ដែលសរុបមានចំនួន ១ ០៧៨ គ្រាប់។
ប្រភពដដែលបានឱ្យដឹងទៀតថា បន្ទាប់ពីរកឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ទាំងនេះហើយ សិស្សានុសិស្សនៅក្នុងវិទ្យាល័យព្រះមហាក្សត្រីកុសុមៈ ត្រូវបានមន្ទីរអប់រំ ខេត្តអនុញ្ញាតឱ្យផ្អាកការសិក្សាជាបណ្ដោះអាសន្នមួយរយៈ។
មន្ទីរព័ត៌មានខេត្តក្រចេះ បន្ថែមថា ក្រុមកម្លាំងស៊ីម៉ាក់ បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសប្រជាពលរដ្ឋក្នុងតំបន់មូលដ្ឋាន ដែលរាវរកឃើញគ្រាប់ទាំងនោះ។
ដោយឡែក លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងនៅថ្ងៃទី១៣ ខែសីហាថា ការរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើទឹកដីរបស់កម្ពុជា បានបង្ហាញថា ប្រទេសកម្ពុជាពិតជាបានរងគ្រោះដោយសារសង្គ្រាម ព្រោះបានបន្សល់ទុកគ្រាប់រំសេវជាច្រើននៅលើទឹកដីរបស់ខ្លួន។
លោកបានបន្តថា ការរកឃើញនេះ វាក៏បង្ហាញផងដែរថា កងកម្លាំងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ គឺមានភាពចាំបាច់ និងមានសារៈសំខាន់ក្នុងការបន្តបោសសម្អាតគ្រាប់ទាំងឡាយនេះឱ្យអស់ពីទឹកដីកម្ពុជា ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល។
ក្នុងនាមជាអាជ្ញាធរមីន និងជាកងកម្លាំងប្រតិបត្តិករជាតិ និងអន្តរជាតិទាំងអស់ នឹងបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយយកចិត្តទុកដាក់ប្រកបដោយប្រសិទ្ធភាពជាបន្តបន្ទាប់ទៀតសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ។
លោក លី ធុជ បានបញ្ជាក់ថា៖ «ប្រសិនបើគ្រាប់ទាំងនោះមិនទាន់រកឃើញទេនោះ វាបង្កគ្រោះថ្នាក់ដល់សិស្សានុសិស្ស ប្រជាពលរដ្ឋយើង ទោះបីជាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមហ្នឹងជាគ្រាប់ថ្មីឬក៏ចាស់ក៏ដោយ ប៉ុន្តែវាអាចធ្វើឱ្យពលរដ្ឋយើងស្លាប់ ឬក៏ពិការភាពផងដែរ»។
លោកបន្តថា ដូច្នេះហើយសំណល់ជាតិផ្ទុះពីសង្គ្រាមនេះ អាចចាត់ទុកថាវាជាឃាតករលាក់មុខ ដែលតម្រូវឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងនោះត្រូវមានការប្រុងប្រយ័ត្នជាបន្តទៅទៀតដើម្បីកុំឱ្យមានគ្រោះថ្នាក់ ស្របពេលដែលអាជ្ញាធរកំពុងបោសសម្អាតគ្រាប់ទាំងនោះ។
លោក លី ធុជ បានបញ្ជាក់ថា៖ «អ៊ីចឹងហើយនៅពេលដែលយើងរកឃើញ ហើយធ្វើការបោសសម្អាតគ្រាប់ទាំងនោះ គឺបានន័យថា មានជីវិតប្រជាជនជាច្រើនត្រូវបានជួយសង្គ្រោះឱ្យចាកផុតពីគ្រោះថ្នាក់»៕