ភ្នំពេញៈ លោក វ៉ាង យី រដ្ឋ​មន្ត្រី​ការបរទេស​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន បាន​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កំ​ពូ​ល​កម្ពុជា ​ជាច្រើនរូប ហើយ​បាន​សន្យា​បន្ត​ពង្រឹង​ទំនាក់​ទំនង​កម្ពុជា​-​ចិន និង​រង់ចាំ​បន្ត​ជួយ​ដល់​រាជរដ្ឋាភិបាល​អាណត្តិ ថ្មី​ឱ្យមាន​ភាពរុងរឿង​។​


​លោក ​វ៉ាង យី ដែលជា​ប្រធានការិយាល័យ​គណៈកម្មកា​រ​កិច្ច​ការបរទេស​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ ផង​ដែរនោះ បាន​ជួបពិភាក្សា​ការ​ងារ​ជាមួយ​លោក ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោក​ ហ៊ុន​ ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃទី ​១៣ ខែសីហា ឆ្នាំ ២០២៣​។​

​ជំនួប​នេះ​ធ្វើឡើង​នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ថ្ងៃទី ​២ របស់លោក ​វ៉ាង យី នៅ​កម្ពុជា ក្រោយ​មាន​ជំនួប​ជាមួយ​ថ្នាក់​ដឹកនាំ​កម្ពុជា ​មួយចំនួន​រួចមក​។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី​លោក ​អ៊ាង សុផល្លែត ជំនួយ​ការ​ផ្ទាល់​លោក ​ហ៊ុន សែន​។​


​លោក ​អ៊ាង សុផល្លែត ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​ជំនួប​នេះ​ថា នៅក្នុង​កិច្ចពិភាក្សា លោក វ៉ាង យី បានធ្វើការ​ផ្តាំ​សួរសុខទុក្ខ​ពី​សំណាក់​លោក​ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន នាយក​រដ្ឋ​​មន្ត្រី​ចិន និង​ថ្នាក់ដឹកនាំ​ចិន​ចំពោះ លោក​ហ៊ុន សែន​ផងដែរ​។

​លោក​បាន​បន្តថា​៖ «​លោក​ក៏បាន​អបអរសាទរ​ចំពោះ​លោក​ហ៊ុន សែន និង​គណបក្ស​ប្រជា​ជនកម្ពុជា​ដែល​បានទទួល​ជ័យ​ជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៧ កន្លងមក​ជាមួយ​សំឡេងគាំទ្រ​ពី​ពលរដ្ឋ​លើស ៨០% ដែលមាន​វត្តមាន​អ្នក​សង្កេត​​ការណ៍​ជាតិ និង​អន្តរជាតិ​ច្រើន​បាន​វាយតម្លៃថា ជាការ​បោះ​ឆ្នោត​ប្រកបដោយ​តម្លាភាព ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​ច្បាប់​»​។​


​លោក អ៊ាង សុផល្លែត ថ្លែងថា​៖ «​លោក វ៉ាង យី បាន​ថ្លែង​នាឱកាស​នោះ​ថា ដំណើរ​ទស្សន​កិច្ច​របស់​ឯកឧត្តម​មកកាន់​កម្ពុជា​នៅពេលនេះ ដើម្បី​បញ្ជាក់ថា ចិន​គាំទ្រ​កម្ពុជា ហើយ​មានជំនឿថា ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ចិន នឹង​រីកចម្រើន​ឡើង​កាន់តែ​ធំធាត់​ថែមទៀត ជាពិសេស​កម្ពុជា​នឹង​កាន់តែ​មាន​ភាព​រុង​រឿង​ឡើង​ផងដែរ​»​។​

​លោក អ៊ាង សុផល្លែត ថ្លែងថា លោក ​វ៉ាង យី បញ្ជាក់ថា លោក​បានធ្វើ​ដំណើរ​មក​កម្ពុជា​ជាច្រើនលើក​មកហើយ ហើយ​រៀងរាល់​លើក លោក​តែង​កត់​សម្គាល់​ឃើញ​ពី​ការរីកចម្រើន ​លូតលាស់​យ៉ាង​រស់​រវើក​របស់​ប្រទេស​នេះ ជាពិសេស​ទីក្រុង​ភ្នំពេញ ដែលជា​ទីក្រុង​ពាណិជ្ជ​​កម្ម​យ៉ាង​ទំនើប​។ ជាការ​ឆ្លើយ​​តប លោក​ហ៊ុន សែន ថ្លែងអំណរគុណ​ដោយ​ផ្តាំ​តាម​លោក​ វ៉ាង យី វិញ​ចំពោះ​ការ​សួរ​សុខ​ទុក្ខ​របស់លោក​ស៊ី ជីន​ភីង និង​ថ្នាក់ដឹកនាំ​ចិន​នានា​។ លោក​បាន​គូសបញ្ជាក់​ផងដែរ​ថា ប្រជាជន​កម្ពុជា​បានដឹង​មុន​រួចជាស្រេច​ថា​នឹងមាន​ការផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំ តាំងតែ​ពីមុន​ការ​បោះឆ្នោត ប៉ុន្តែ​ប្រជាជន​នៅតែមាន​ការគាំទ្រ​។​

លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក​ វ៉ាង យី។ រូបថត SPM

​ដំណើរ​ទស្សនកិច្ច​ថ្ងៃទី ​១ កាលពី​រសៀល​ថ្ងៃទី​ ១២ ខែ​សីហា លោក​ វ៉ាង យី បាន​ជួបពិភាក្សា​ជាមួយ​លោក​សុខ​ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គ​​លេខាធិការ​ក្រុមប្រឹក្សា​អភិ​​វឌ្ឍន៍​កម្ពុជា​។​

​បន្ទាប់មក លោក ​វ៉ាង យី ក៏បាន​ជួប​ជាមួយនឹង​លោក ហោ​ ណាំហុង អតីតរដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ដោយ​លោក ​វ៉ាង យី បាន​កោតសរសើរ​ ចំពោះ​ការខិតខំ​របស់លោក ​ហោ ណាំ​ហុង ក្នុងការ​នាំយក​ការពង្រឹង​និង​ពង្រីក​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង ​២ អស់​រយៈ​ជាច្រើន​ឆ្នាំ ឆ្លងកាត់​សម័យកាល​ជាច្រើន​របស់​កម្ពុជា ព្រមទាំង​អាច​នៅ​រក្សា​ទំនាក់ទំនង​នេះ​ដ៏​ល្អ រហូត​ក្លាយជា​ដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៅ​ឆ្នាំ​ ២០១០​។​

​នៅ​ព្រឹក​ថ្ងៃទី​ ១៣ ខែសីហា លោក ​វ៉ាង យី បន្ត​ជួប​លោក ​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការ​បរទេស និង​កិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិ​។​

​លោក យង់ ពៅ អគ្គលេខា​​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ឥរិយាបថ​ការទូត​របស់​ចិន​ស្តែងឡើង​តាមរយៈ​ដំណើរ​​ទស្សនកិច្ច​របស់លោក ​វ៉ាង យី នៅ​កម្ពុជា​ ដោយបាន​ជួប​ថ្នាក់​ដឹកនាំ​កំពូលៗ​ កម្ពុជា ​នេះ ជាការ​ទូត​តំណ​ភ្ជាប់ និង​សាង​អនាគត​រួមគ្នា​។​

​លោក​បន្តថា ក្នុងនោះ​មាន​ជំនួប​ជាមួយ​លោក​ ហោ ណាំ​ហុង លោក​ ប្រាក់ សុខុន លោក​សុខ ចិន្តា​សោភា លោក ​ហ៊ុន​ សែន និង​នាយករដ្ឋមន្ត្រី​អា​ណ​ត្តិ​ថ្មី លោក ​ហ៊ុន ម៉ា​ណែ​ត ទាំងនេះ​ ជាការ​បង្ហាញ​ពី​ការ​គាំទ្រ​កម្ពុជា​គ្រប់​ជំនាន់​។​

​លោក យង់ ពៅ បញ្ជាក់ថា​៖ «​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​កម្ពុជា​-​ចិន នេះ បញ្ជាក់​ពី​ផលប្រយោជន៍​រួមគ្នា ទាំង​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច សង្គម និង​ការបញ្ជាក់​ទៅ​ពិភពលោក​ពី​ភាពជា​មិត្តភាព​ដែកថែប​ដ៏​រឹងមាំ​រវាង​ប្រទេស​ទាំង​ ២»​។​

​សម្រាប់​លោក រ៉ូ វណ្ណៈ អ្នក​​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​ន​យោ​បាយ ក៏បាន​ប្រាប់​ដែរ​ថា ​ចិន​ ជា​ប្រទេស​ប្រើ​នយោបាយ​ការ​បរ​ទេស​ទន់ភ្លន់ ​ជាមួយ​បណ្តា​ប្រទេស​ជិតស្និទ្ធ និង​ស្របតាម​របៀបវារៈ​យុទ្ធសាស្ត្រ​ខ្លួន​។​

​លោក​បន្តថា ជាក់ស្តែង​ការ​មកជួប​ថ្នាក់ដឹកនាំ​សិង្ហ​បុរី ម៉ាឡេស៊ី និង​កម្ពុជា​នេះ ជា​​ពិសេស​ការជួប​នាយករដ្ឋមន្ត្រី​ថ្មី និង​ចាស់​របស់​កម្ពុជា ជា​របៀបវារៈ​ការទូត​ដែល​ចិន​តែង​ធ្វើ​ហើយ​បម្រើ​ដល់​ផល​ប្រ​យោ​ជន៍​ចិន​ជាមុន និង​ប្រទេស​ដៃគូ​ជា​ក្រោយ ខណៈ​ចិន​កំពុងមាន​មហិច្ឆតា​ចង់​គ្រប់គ្រង​តំបន់​អាស៊ីអាគ្នេយ៍​។​

​លោក រ៉ូ វណ្ណៈ ថ្លែងថា​៖ «​ខ្ញុំ​យល់ថា ទំនាក់ទំនង​កម្ពុជា និង​ចិន មិនមាន​ការផ្លាស់ប្តូរ​ទេ​នៅ​ថ្ងៃមុខ ហើយ​រឹតតែ​ល្អប្រសើរ​ជាង​មុន​ទៅទៀត ដើម្បី​ប្រទេស​ទាំង​ ២ អាច​ការពារ​ផល​ប្រ​យោជន៍​គ្នា​ទៅវិញទៅមក ព្រោះ​ថ្នាក់ដឹកនាំ​ថ្មី​ត្រូវបាន​គេ​មើលឃើញថា អនុវត្ត​គោ​លន​យោ​បាយ​តាម​ថ្នាក់ដឹកនាំ​ចាស់​ដដែល​»​។​

​លោក ថ្លែងថា ទំនាក់ទំនង​រវាង​លោក​ហ៊ុន ម៉ា​ណែ​ត និង​ចិន​ប្រាកដជា​នៅ​រក្សា​បានល្អ​ដូច​អ្វីដែល​លោក​ហ៊ុន សែន ធ្លាប់បាន​អនុវត្ត​កន្លងមក​។​

​លោក វ៉ាង យី បាន​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​ ១២ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈ​ពេល​ ២​ ថ្ងៃ ចាប់ពី​ថ្ងៃទី ​១២ ដល់​ថ្ងៃទី​ ១៣ ខែសីហា ក្នុង​ដំណើរ​ទស្សនកិច្ច​មក​ប្រទេស​អាស៊ាន ដូចជា សិង្ហ​បុរី ម៉ាឡេស៊ី និង​កម្ពុជា​។

​នៅ​កម្ពុជា ក៏មាន​កម្មវិធី​ចូល​ក្រាបបង្គំ​គាល់​ព្រះបាទ ន​រោ​ត្ត​ម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង ហើយ​បាន​ជួប​សម្តែង​ការគួរសម​ដាច់​ដោយ​​ឡែក ​ជាមួយ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី ដោយ​ផ្តោតលើ​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី និង​ពហុ​ភាគី ដែល​ឆ្លុះបញ្ចាំង​អំពី​វិស័យ​អាទិភាព​រួម​៕