​បាត់ដំបងៈ ក្រសួងបរិស្ថាន​សម្រេច​ដាក់​វិធានការ​ដោយ​ពិន័យ​ក្រុមហ៊ុន Phoenix Industrial នូវ​ចំនួន​ទឹកប្រាក់​ប្រមាណ​ជាង ៥០​ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក និង​តម្រូវឱ្យ​ក្រុមហ៊ុន​នេះ​ប្តូរ​ទីតាំង​រោង​ចក្រ​ចេញ​ឆ្ងាយ​ពី​ស្ទឹង​សង្កែ​យ៉ាងតិច​ ១០​ គីឡូម៉ែត្រ​។ ការ​ពិន័យ​នេះ​ធ្វើឡើង​ក្រោយ​ក្រ​សួង​រកឃើញថា ក្រុមហ៊ុន​បានធ្វើឱ្យ​លេច​ធ្លាយ​ទឹកខ្មៅ​កខ្វក់​ដែលមាន​ជាតិពុល​ចូល​ស្ទឹង​សង្កែ​។


​តាមរយៈ​លិខិត​របស់​ក្រសួង​បរិស្ថាន​ចុះ​ថ្ងៃទី​ ១០ ខែសីហា ដែល ​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន​នៅ​ថ្ងៃទី​ ១៣ ខែសីហា បានឱ្យដឹងថា ក្រុមហ៊ុន Phoenix Industrial Co., Ltd. ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ភ្ជា​វ ឃុំ​​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង បាន​បង្កឱ្យមាន​បញ្ហា​ការបំពុល​ទឹកស្ទឹង​សង្កែ ប៉ះពាល់​ដល់​ធនធាន​ជីវចម្រុះ​ក្នុង​ទឹក និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​លិខិត​ជម្រាប​ជូនទៅ​លោកនាយក​ក្រុមហ៊ុន Phoenix Industrial ក្រសួងបរិស្ថាន​បាន​តម្រូវឱ្យ​ក្រុមហ៊ុន​ប្តូរ​ទីតាំង​រោងចក្រ​ចេញពី​តំបន់​នោះ ទៅ​តំបន់​ផ្សេងទៀត​ដែល​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹកស្ទឹង​សង្កែ យ៉ាងតិច​ ១០​ គីឡូម៉ែត្រ ហើយ​ក្រុម​ហ៊ុន​ត្រូវ​ផ្ដល់​សំណង​ផល​ប៉ះពាល់​បរិស្ថាន​ដោយផ្ទាល់ រួមមាន​ការប៉ះពាល់​ការនេសាទ និង​ទិន្នផល​នេសាទ ព្រមទាំង​ការផ្គត់ផ្គង់​ទឹកស្អាត នូវ​ចំនួន​ទឹកប្រាក់ ៩៣ ៥៦០​ ដុល្លារ​អា​មេ​រិ​ក​។ បន្ថែម​លើ​នេះ​ក្រសួង​​បរិស្ថាន​តម្រូវឱ្យ​ក្រុមហ៊ុន​ផ្តល់​សំណង​ប៉ះពាល់​បរិស្ថាន​ដោយ​ប្រយោល រួមមាន​ការបំពុល​ទឹកស្ទឹង​សង្កែ និង​សុខភាព​សាធារណៈ នូវ​ចំនួន​ទឹកប្រាក់ ៣៧៥ ០០០ ដុល្លារ​អាមេរិក​។ ក្រុមហ៊ុន​ត្រូវ​មក​បង់ប្រាក់​សំណង​ផលប៉ះពាល់​ទាំង ​២ នេះ​ទៅកាន់​គណនី​យ​នៃ​គណៈ​ក​ម្មា​ធិ​ការ មូលនិធិ​បរិស្ថាន និង​សង្គម (​គ​.​ម​.​ប​.​ស​)​ ឱ្យបាន​រួចរាល់​មុន​ថ្ងៃទី​ ២០ ខែ​​តុលា ឆ្នាំ​ ២០២៣ ជា​កំហិត​។


​ក្រៅពីនេះ​ក្រសួងបរិស្ថាន​ក៏បាន​សម្រេច​ធ្វើ​ពិន័យ​អន្តរ​ការណ៍ ចំនួន ១៥០​ លាន​រៀល លើ​បទល្មើស​ចំនួន​ ៥ រួមមាន ពិន័យ​ចំនួន ៣០​ លាន​រៀល ករណី​បង្កឱ្យមាន​ការបំពុល​ទឹកស្ទឹង​សង្កែ និង​ត្រី​ពុល​ងាប់ និង​ពិន័យ​ចំនួន ៣០​ លាន​រៀល ករណី​មាន​ចេតនា​ធ្វើឱ្យ​លេច​​ធ្លាយ ឬ​មាន​ចេតនា​បញ្ចេញ​សំណល់​រាវ​ដោយ​មិន​ឆ្លងកាត់​ការសម្អាត​បង្កឱ្យមាន​កា​រ​បំពុល​។ ពិន័យ​ចំនួន ៣០​ លាន​រៀល ករណី​មិនបាន​អនុវត្តតាម​លិខិត​បញ្ជា​កែប្រែ របស់​ក្រសួងបរិស្ថាន​។​ ពិន័យ​ចំនួន ៣០​ លាន​រៀល ករណី​មិនបាន​បូម​សំណល់​រាវ​ពី​ស្រះ​ស្តុក ទៅធ្វើ​ការសម្អាត​ឱ្យអស់ តាម​ការតម្រូវ​របស់​ក្រសួង​បរិស្ថាន បង្កឱ្យមាន​ការ​លេច​ធ្លាយ​សំណល់​រាវ​នេះ​ចូល​ស្ទឹង​សង្កែ និង​ពិន័យ ចំនួន ៣០​ លាន​រៀល​ទៀត លើ​ករណី​ដំណើរការ​អាជីវកម្ម​ដោយ​ពុំទាន់​មានការ​ឯកភាព​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​។

​ក្រុមហ៊ុន​ត្រូវ​មក​បង់ប្រាក់​ពិន័យ​ដែល​បានកំណត់​នេះ​នៅ ច្រកចេញ​​ចូល​តែមួយ នៃ​ក្រសួងបរិស្ថាន ឱ្យបាន​រួចរាល់​មុន ថ្ងៃទី​ ២០ ខែកញ្ញា ឆ្នាំ​ ២០២៣ ជា​កំហិត​។ ជាមួយគ្នានេះ​ក្រសួង​បាន​តម្រូវឱ្យ​ក្រុមហ៊ុន​ធ្វើការ​ស្ដារ​បរិស្ថាន​ឡើងវិញ​នៅក្នុង និង​ជុំវិញ​ទី​តាំង​រោងចក្រ​ឱ្យបាន​រួចរាល់​មុន​ថ្ងៃទី​ ២០ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ជា​កំហិត​ផងដែរ​។ ក្រសួងបរិស្ថាន​បញ្ជាក់​ថា​៖ «​ករណី​ក្រុមហ៊ុន​ប្រព្រឹត្តល្មើស​នឹង​ចំណុច​ណាមួយ​ខាងលើ ក្រសួងបរិស្ថាន​នឹង​ចាត់​វិធាន​ការ​តាមផ្លូវ​តុលាការ និង​ច្បាប់​ជា​ធរមាន​»​។​


​ក្រសួង​ឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​​វត្ត​ន៍ បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​រាល់​សកម្ម​ភាព​ផលិតកម្ម របស់​ក្រុមហ៊ុន Phoenix Industrial ដែល​ផលិត​ម្សៅដំឡូង​មី សម្បក​គ្រាប់​ថ្នាំ​ពី​ម្សៅដំឡូង​មី អេ​តា​ណុល និង​សារធាតុ​បន្ថែម​អាហារ​ហ្វី​នី​ក អ៊ីន​ដា​ស្ទ្រៀ​ល ចាប់ពី​ថ្ងៃទី​៤ ខែសីហា ដល់​ថ្ងៃទី​ ១៨ ខែសីហា ឆ្នាំ​ ២០២៣​។

ក្រសួង​នេះ​បញ្ជាក់ថា នេះ​ជា​លើក​ទី​ ៣ ហើយ ដែល​ក្រុម​ហ៊ុន Phoenix Industrial ធ្វើឱ្យ​ធ្លាយ​សំណល់​រាវ​ជា​ទឹក​កខ្វក់​ចូល​ស្ទឹង​សង្កែ ហើយ​ការ​ផ្អាក​បណ្តោះអាសន្ន​នេះ​ដើម្បីឱ្យ​ក្រុមហ៊ុន​ធ្វើការ​កែសម្រួល​ឡើងវិញ​រាល់​កំហុសឆ្គង​។ នេះ​បើតាម​លិខិត​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ចុះ​ថ្ងៃទី​ ២ ខែសីហា​។

​លោក កត បូរ៉ាន់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ១៣ ខែសីហា​ថា ការពិន័យ​នេះ​ជា​គំរូ​ល្អ​ដែល​ថ្ងៃក្រោយ​ក្រុមហ៊ុន​ទាំងអស់​នឹងមាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​មិនឱ្យ​មានការ​លេច​ធ្លាយ​ទឹក​កខ្វក់​ចូលក្នុង​ប្រភពទឹក​។ លោក​ក៏បាន​អំ​ពា​វនា​វ​ឱ្យ​ក្រុមហ៊ុន​ទាំងអស់​ត្រូវគោរព​ច្បាប់ និង​គិតពី​សុខ​ភាព​ប្រជាជន​ជាធំ កុំ​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​ធនធានធម្មជាតិ និង​មិនត្រូវ​ធ្វើឱ្យប៉ះពាល់​ដល់​ធ​ន​ធាន​ធម្មជាតិ​ក៏ដូចជា អ្វីៗ​គ្រប់យ៉ាង​ទាំងអស់ ដែលជា​ផ្លូវ​សេដ្ឋកិច្ច​ក៏ដូចជា ផ្គត់ផ្គង់​ចរន្ត​ការប្រើប្រាស់​សព្វ​យ៉ាង​»៕