ភ្នំពេញៈសហ​ភាព​ការងារ​កម្ពុជា (CLC)​និង​អង្គ​ការ​អុក​ស្វា​មបាន​សហ​ការគ្នា​រៀបចំ​វេទិកា​ស្តីពី «​ច្បាប់ ​និង​គោល​នយោ​បាយ​ស្តីពី​របប​សន្តិ​សុខ​សង្គម​នៅ​កម្ពុជា​»ក្នុង​គោល​បំណង​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ចែករំ​លែក​កា​រវិវឌ្ឍ​ថ្មី និង​ផែន​ការ​បន្ទាប់ ​ដើម្បី​ឆ្ពោះ​ទៅ​រក​ប្រព័ន្ធ​គាំពារ​សង្គម​ជាស​កល​នៅ​កម្ពុជា​។​


​វេទិកា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃទី​១៣​ ខែសីហា ដោយ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់​ព័ន្ធ រួម​មាន ​តំណាង​និយោ​ជក (CAMFEBA) អង្គ​ការ​អន្តរ​ជាតិ​ខាង​ការ​ងារ (ILO) អង្គ​ការ​អុក​ស្វា​ម (OXFAM) តំណាង​ពី​បេឡា​ជាតិ​សន្តិ​សុខ​សង្គម (​ប​.​ស​.​ស​)និង​តំណាង​សហ​ភាព​សហ​ជីព សហ​ព័ន្ធ​សហ​ជីព សហ​ជីព ​សមាគម ​សរុប​ជិត ​១០០ ​នាក់​។

​យោង​តាម​សេចក្តី​ប្រកាស​របស់​សហ​ភាព​ការងារ​កម្ពុជា​បានឱ្យ​បាន​ដឹង​ថា ការសហ​ការ​គ្នា​រៀបចំ​វេទិកា​ក្នុង​គោល​បំណង​ស្វែង​យល់​ពី​វឌ្ឍន​ភាព និង​ផែន​ការ​បន្ទាប់ ​ដើម្បី​ឆ្ពោះ​ទៅរក​ប្រព័ន្ធ​គាំពារ​សង្គម​ជាស​កល​នៅ​កម្ពុជា​។


​សហ​ភាព​ការងារ​កម្ពុជា បានបញ្ជាក់​ថា​ វេទិកា​នេះ​ក៏បាន​បំពេញ​បន្ថែម​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រប​ស់ប​.​ស​.​ស​ក្នុង​ការ​បណ្តុះ​បណ្តាល និង​ពង្រឹង​ពុទ្ធិ​ និង​ស្តាប់​មតិ​យោ​បល់របស់​ថ្នាក់​ដឹកនាំ​កម្មករនិ​យោ​ជិត និង​សហ​ជីព​មូល​ដ្ឋាន ក្នុង​ការ​ទទួល​បាន​ការ​កា​រពារ និង​អត្ថ​ប្រយោជន៍​នានា​ក្រោម​ក្រប​ខ័ណ្ឌ​នៃ​របប​សន្តិ​សុខ​សង្គម​។​

​លោក អាត់ ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី​១៤ ​ខែសីហា​ថា ​ការ​រៀបចំ​វេទិកា​នេះ​ឡើង ​ដោយ​សារ​កន្លង​មក​លោក​មើល​ឃើញ​ថា ​ច្បាប់​បទ​ដ្ឋាន​គតិ​យុត្ត​និង​គោលន​យោបាយ​ជាច្រើន​ត្រូវបាន​អនុ​ម័ត​ពាក់​ព័ន្ធ​នឹង​វិស័យ​សន្តិ​សុខ​សង្គម ​ខណៈ​ដែល​កម្មករ​និយោជិត ​និង​ភាគី​ពាក់ព័​ន្ធ​ហាក់​បីដូ​ចជា​មិន​យល់ ជា​ពិសេស​លិខិត​បទ​ដ្ឋាន​ថ្មីៗ​។​


​លោក​បាន​ឱ្យដឹ​ង​ទៀត ភាគី​ពាក់​ព័ន្ធ​ដែល​ជា​តួអង្គ​សំខាន់ៗ ​អាច​មាន​ឱកាស​ចែក​រំលែក​ការ​វិវត្ត​ថ្មីៗ ក៏ដូចជា​បញ្ហា​ប្រឈម​នានា​ ដែល​ទាក់​ទង​នឹង​របប​សន្តិ​សុខ​សង្គម​នៅ​កម្ពុជា និង​ចូលរួម​លើក​កម្ពស់​ចំណេះ​ដឹង​ស្តីពី​របប​សន្តិ​សុខ​សង្គម​ដល់​កម្មករ​និយោ​ជិត រួមទាំង​អនុ​សាសន៍​ល្អៗ ​សម្រាប់​អនុវត្ត​ទៅ​ថ្ងៃ​អនា​គត​ផ​ងដែរ​។​

​លោក​អាត់ ធន់​ បញ្ជាក់​ថា​៖ «​យើង​ក៏​ចង់​ដឹង​ពី​គោល​ជំហរ​របស់​ភាគី ​និង​ស្ថា​ប័ន​ពាក់ព័​ន្ធ​ផ្សេងៗ​ទៀត ​ជាពិ​សេស​ស្ថា​ប័ន​សន្តិ​សុខ​សង្គម​ថា​តើ​មាន​ការ​វិវឌ្ឍ​អី​ថ្មី​ខ្លះ? និង​មាន​វិសាលភា​ព​អី​សម្រាប់​ប្រយោជ​ន៍​កម្មក​រនិយោ​ជិត​»​។​

​លោក​បន្ថែ​មថា ក្រៅ​ពីនេះ​ទៀត ​វេទិកា​នេះ ក៏បាន​បង្ហាញ​ពី​ភាព​រីក​ចម្រើន ការ​វិវឌ្ឍ​និង​វិសាល​ភាព​សំខាន់ៗ​នៅ​ក្នុង​វិស័យ​សន្តិ​សុខ​សង្គម​នៅ​កម្ពុជា​ក៏ដូ​ចជា​អត្ថប្រ​យោជន៍​របប​ទាំង​៣​នៃ​វិស័យ​សន្តិសុខ​សង្គម​ផង​ដែរ​ រួមមាន​៖ របប​ថែទាំ​សុ​ខភាព​,របប​គ្រោះ​ថ្នាក់​ការ​ងារ និង​របប​ចូល​និវត្តន៍​ជា​ដើម​៕