​កំពង់​ស្ពឺៈ​​បាតុ​ភូត​កូន​រដូវ​ប្រាំង បាន​ធ្វើ​ឱ្យ​ស្រូវ​ជាង ​៥ ០០០​ ហិកតា ​នៅ​ស្រុក​ចំនួន​២ ក្នុង​ខេត្ត​កំព​ង់ស្ពឺ ​រង​ផល​ប៉ះពា​ល់ ខណៈ​ដែល​អាជ្ញាធ​រខេត្ត​នេះ​ បាន​និងកំពុង​ជួយ​អន្តរាគ​មន៍​បូម​ទឹក​បញ្ចូល​ទៅ​ប្រឡាយ​មេ ​និង​ប្រឡាយ​ជើង​ក្អែប ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​អាច​បូម​បន្ត​បញ្ចូល​ទៅ​ក្នុង​ស្រែ​របស់​ខ្លួនបាន​។​


​ការ​ជួយ​អន្ត​រាគ​មន៍​នេះ ធ្វើ​ឡើង​កាល​ពី​ចុង​សប្តាហ៍​មុន​ ដោយ​មាន​ការចុះ​ត្រួត​ពិនិត្យ​ ​ផ្ទាល់​ពី​សំណាក់​លោក ​វ៉ី សំណាង អភិបាល​ខេត្ត​កំពង់​ស្ពឺ​។​

​លោក​អភិបាល​ខេត្ត បាន​ឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី​១៤ ​ខែសីហា ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ពី​ប្រទេស​ចិន​ថា ​ស្រូវ​ស្រែ​របស់​ប្រជា​ពលរដ្ឋ នៅ​ចំនួន​២​ ស្រុក​ គឺ​ស្រុក​គង​ពិសី និង​ស្រុក​សំរោង​ទង ​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​ការខ្វះ​ទឹក ​ដោយ​សារតែ​បាតុ​ភូត​កូន​រដូ​វប្រាំង ដែល​តែង​តែ​កើត​មាន​ជា​រៀង​រា​ល់ឆ្នាំ ក្នុង​ចន្លោះ​ខែ​កក្កដា និង​ខែសីហា​។​


​លោក​បាន​បញ្ជាក់​ថា​៖«​បច្ចុប្បន្ន​ស្រុក​ចំនួន​២​ នេះ មាន​ផ្ទៃ​ដីស្រែជាង​ ៥​ ០០០ ​ហិកតា​ ​កំពុង​ទាម​ទារ​ឱ្យមាន​ការ​ជួយ​សង្គ្រោះ​ ហើយ​ក្នុង​នោះ​ផ្ទៃដី​ស្រែ ​ដែល​រង​ផល​ប៉ះពា​ល់​ច្រើន​ជាង​គេគឺ​ក្នុងស្រុក​គង​ពិសី ដែលមា​ន​ចំនួន​ប្រមាណ​ជិត​ ៥ ០០០​ ហិកតា​ ខ​ណៈ​ស្រុក​សំរោង​ទង​រង​ផល​ប៉ះ​ពាល់​ប្រ​មាណ​៨៥​ហិកតា​»​។​

​អភិ​បាល​ខេត្ត​កំពង់​ស្ពឺ បាន​បន្ថែម​ថា មន្ទីរ​ធន​ធានទឹ​ក​ និង​ឧតុ​និយម​ខេត្ត ​បាន​ដាក់​ម៉ាស៊ីន​ខ្នាត​ធំ​ចំនួន​២​គ្រឿង​ដើម្បី​បូមទឹ​ក​ចេញពី​ប្រឡាយ​មេ​ទម្លាក់​ទៅក្នុង​ប្រឡាយ​ជើង​ក្អែប ​ដោយ​ការ​បូម​ធ្វើ​ឡើង​២ដំណាក់​កាល​។​ក្នុង​នោះ​ពលរដ្ឋ​ម្ចាស់​ស្រែ​បាន​ដាក់​ម៉ាស៊ីន​ដើម្បី​បូម​ទម្លាក់​ទៅ​ក្នុង​ស្រែ​រៀង​ខ្លួន​ចំនួន​៥០​គ្រឿង ​ដែល​ប្រេង​សម្រាប់​ប្រើ​ប្រាស់ក្នុង​ការ​បូម​នេះគឺ​ឧបត្ថម្ភ​ដោយ​មន្ទីរ​ជំនាញ​ផង​ដែរ​។​


​លោ​ក វ៉ី សំណាង បាន​បង្ហាញ​ក្ដីរំពឹង​ថា ​ការចុះ​អន្តរា​គមន៍​នេះ នឹង​អាច​សង្គ្រោះ​ស្រូវ​ចេញ​ពី​ការខូច​ខាត​បាន​ក្នុង​រយៈ​ដ៏​ខ្លី​ខាង​មុខ​ ពីព្រោះ​ខេត្ត​មាន​អាង​ទំនប់​ស្តុក​ទឹក​ច្រើន​កន្លែង ដែល​មាន​សមត្ថ​ភាព​ក្នុងការ​បង្ហូរ​ទឹក​ទៅ​ដល់​ចំណុច​រងគ្រោះ​។ តែ​ជា​មួយ​នោះ​ក៏​ទាម​ទារ​ឱ្យ​ម្ចាស់​ស្រែដែ​ល​រង​ផល​ប៉ះពា​ល់​ទាំងអ​ស់ ​ជួយ​រាយ​ការណ៍​មក​អាជ្ញា​ធរ​មូល​ដ្ឋាន​ដែលនៅ​ជិត​ដើម្បីឱ្យ​​ជំនាញ​មាន​លទ្ធ​ភាព​ក្នុង​ការ​ជួយ​សង្គ្រោះ​បាន​ទាន់ពេ​ល​វេលា​​។

​ពាក់ព័​ន្ធ​ករណី​គ្រោះរាំ​ងស្ងួ​ត​ដោយសា​រ​កូន​រ​ដូវប្រាំង​នេះដែ​រ លោក ​ម៉ុង ឫទ្ធី ​អគ្គនាយក​ក្រុម​ហ៊ុន​ម៉ុង​ឫទ្ធី គ្រុប ដែល​បាន​បោះ​ទុន​វិនិយោគ​​លើ​ការ​ដាំដុះ​​ដំណាំ​កសិកម្ម ​និង​ក​សិ​-​ឧស្សាហ​កម្ម​ នៅ​ស្រុក​សំរោង​ទង ខេត្តកំ​ពង់ស្ពឺ ក៏បា​នបង្ហាញ​ពី​ការព្រួយ​បារម្ភ​ផង​ដែរ ចំពោះ​បញ្ហា​ខ្សត់​ទឹក​ភ្លៀង​នេះ ដោ​យ​លោក​បាន​សង្កេត​ឃើញ​ដី​ប្រេះ​ក្រហែង​បណ្តាលម​កពី​ភាពរាំងស្ងួ​ត​យូរពេ​ក​ធ្វើឱ្យ​ស្រូ​វពង្រោះ​នៅ​ក្នុង​ស្រែ​ទាំងអ​ស់​របស់​ប្រជាក​សិករ​ក្រៀម​ស្រពោន ​និង​ប្រហែល​ជា​មិនអា​ច​ទទួល​បាន​ផល​ទេ​។​

​លោក​បាន​ឱ្យដឹង​ផ​ងដែរ​ថា ចំពោះ​ដំណាំ​ដែល​ក្រុម​ហ៊ុន​របស់​លោក​បាន​ដាំ​ដុះ​ បាន​បូម​ទឹក​ស្រោច​ស្រព​ជា​បន្ត​បន្ទាប់ បើ​មិន​ដូច្នេះ​ទេ ​នឹង​ខូច​ខាត​ច្រើន និង​មិន​សូវ​ទទួល​បាន​ទិន្នផល​ល្អ​ទេ​។​

​លោក​ ម៉ុង ​ឫទ្ធី​ បាន​បញ្ជាក់​ថា​៖«​ដំណាំ​របស់​ខ្ញុំ​ដូច​ជា ដូង ​ក្រូច ត្រ​បែក ជាដើម​ហ្នឹង ត្រូវ​បូមទឹក​ស្រោច​រាល់ថ្ងៃ​ហ្នឹង បើ​មិន​អ៊ី​ចឹ​ង​ទេ​ងាប់​អស់ ​តែ​សម្រាប់​ស្រូវ​ស្រែ​របស់​កសិករ​ ខ្ញុំ​សង្កេត​ឃើញ​ថា មួយ​ផ្នែក​បាន​ខូច​ខាត​បាត់​ទៅហើ​យ ​បើទោះបី​ជា​អាជ្ញា​ធរ​ប្រឹង​ប្រែង​ជួយ​អន្ត​រាគ​មន៍​បូម​ទឹក​យ៉ាង​ណា ក៏​ពិបាក​សង្គ្រោះ​ដែរ ​ដោយ​សារមាន​តែ​ម៉ាស៊ីន​ អត់​ទឹក​បូម​ដាក់​ ខណៈ​ភ្លៀង​ធា្ល​ក់​តិច​តួច​ទេ​»​។​

​បើ​តាម​ការ​ថ្លែង​ប្រាប់​ពី​លោក​អភិ​បាល​ខេត្ត​កំពង់​ស្ពឺ ​ដដែល​ថា ម​ន្ទីរ​កសិកម្ម​ខេត្ត​របស់​លោក​ក៏បាន​ត្រៀម​ស្រូវពូជ​មួយ​ចំនួ​នធំ​ហើយ សម្រាប់​ចែក​ជូន​ដល់​កសិករ​ ដែល​មាន​ស្រូវ​ខូច​ខាត​ទាំង​ស្រុង​ សម្រាប់​ដាំ​ដុះ​ឡើងវិ​ញ​នៅ​ពេល​ចប់​កូន​រ​ដូវ​ប្រាំង ដើម្បី​បង្ក​បង្កើន​ទៅ​តាម​ផែន​ការ​ដែល​បានកំ​ណត់​។​

​មន្ត្រី​អ្នក​នាំពា​ក្យ​នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ ​មិនអា​ច​ទាក់ទ​ង​សុំ​ព័ត៌មាន​បន្ថែម​បានទេ​​នៅ​ថ្ងៃទី​១៤​ ខែសីហា ឆ្នាំ​២០២៣​។​

​សូម​រំឭកថា កាលពី​ចុងខែ​កក្កដា ខេ​ត្តកំព​ង់ស្ពឺ ​ទើប​តែជួបប្រ​ទះ​គ្រោះ​ទឹក​ជំនន់​រួច ដែ​ល​បានធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ក្នុង​ស្រុក​ចំនួន​ ២​ គឺ​ស្រុក​ភ្នំស្រួច និង​ស្រុក​ឱ​រ៉ា​ល់ ​ដែល​បា​នឱ្យ​ប៉ះពា​ល់​ដល់​ពលរដ្ឋ​ជិត ​២០០​ គ្រួសារ​ និង​ខូច​ខាត​ផ្លូវ​សរុប​ជាង ​១ ៤០០ ​ម៉ែត្រ​ផង​ដែរ​៕