ភ្នំពេញៈ ​បុរាណ​វិទូ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ជាក់​ឱ្យដឹងថា ស្ថានភាព​នៃ​ការខូចខាត​ប្រាង្គ​ទី​២២ នៃ​ប្រាសាទបាគង​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង ទើប​អាជ្ញាធរ​ជាតិ​អប្សរា ​ធ្វើការ​ជួសជុល​ពង្រឹងរ​ច​នា​សម្ព័ន្ធ​ប្រាង្គ ដើម្បី​លើក​តម្លៃ​សំណង់​បុរាណ​។​


​យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ពីថ្ងៃ​១៤ ខែសីហា​បានឱ្យដឹងថា ក្រុម​អ្នកបច្ចេកទេស​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​ពង្រឹង​គ្រឹះ​ប្រាសាទ​ឥដ្ឋ ប្រាង្គ​ទី​២២​របស់​ប្រាសាទបាគង ដែល​បាន​សាង​ឡើង​ពី​ឥដ្ឋ​នៅ​ផ្នែក​ខាងជើង​ដោយមាន​សភាព​ទ្រុឌទ្រោម និង​កំពុងតែ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​។​

​លោក សារាយ គឹម​ហួល បុរាណ​វិទូ និង​ជា​ប្រធាន​អភិរក្ស​តំបន់​រលួស នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានលើកឡើង​ពី​ស្ថានភាព​នៃ​ការខូចខាត​ប្រាង្គ​ទី​២២ នៃ​ប្រាសាទបាគង​នេះ កំពុង​ប្រឈម​និង​ហានិភ័យ​ខ្លាំង ទើប​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើការ​ជួសជុល​ពង្រឹងរ​ច​នា​​សម្ព័ន្ធប្រាង្គ ដើម្បី​លើក​តម្លៃ​សំណង់​បុរាណ​។


​លោក​ថ្លែងថា ៖ «​ប្រាង្គ​ទី​២២ មាន​បញ្ហា​ប្រឈម​ខ្ពស់ ដោយ​ប្រាង្គ​កណ្ដាល​នៅ​រួត​ទី​៣ ទី​៤ ​ផ្នែក​ខាងលិច និង​នៅតាម​ជញ្ជាំង​ប្រាង្គ​នា​ទិសឦសាន​មាន​ស្នាម​ប្រេះ​ហែក​ចេញពី​គ្នា​តាំងតែ​ពីលើ​រហូតដល់​ក្រោម ដែល​អាច​នឹង​ដួលរលំ ប្រសិនបើ​មានការ​ប្រែប្រួល​អាកាសធាតុ​»​។​

​បច្ចុប្បន្ន ក្រុមការងារ​កំពុង​ជួសជុល​ពង្រឹង​រចនា​សម្ព័ន្ធឥដ្ឋ ជញ្ជាំង តួ​ប្រាង្គ​ ដែល​រង​ការ​ពុកផុយ​ខ្លាំង​តាំងពី​ក្រោម​រហូតដល់​កំ​ពូ​ល​លើ​ជាមួយនឹង​បច្ចេកទេស​បិទ​ស្នាម​ប្រេះ​នៅតាម​ជញ្ជាំង​ដើម្បី​ការពារ​ជម្រាប​ទឹក និង​ធ្វើការ​ពង្រឹង​ឡើងវិញ​នូវ​រចនា​សម្ព័ន្ធពាក់​ព័ន្ធមួយចំនួនទៀត​ ដោយ​ប្រើ​ខ្សែកាប​ចង​គ្រីប​នៅ​ខាងក្រៅ​កុំឱ្យ​រលុះ​ផង​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក សារាយ គឹម​ហួល​។​


​លោក​បន្ថែមថា ដំណាក់កាល​ដំបូង​ដែល​ត្រូវ​ជួយជុលបន្ទាន់ គឺ​ត្រូវ​ពង្រឹង​គ្រឹះ​ឬ​សង្គ្រោះ​ត្រង់ចំណុច​ណា​ដែលមាន​ហានិភ័យ​ខ្ពស់ បន្ទាប់មក​ត្រូវ​ធ្វើ​នៅ​កន្លែង​ផ្សេងៗ​ទៀត ​ដែលមាន​ហានិភ័យ​បន្តបន្ទាប់​។

​លោក​បញ្ជាក់ថា ៖ «​ការងារ​មួយទៀត គឺ​ត្រូវ​សម្អាត​ស្ងួត​ដោយ​ដកយក​កូន​រុក្ខជាតិ​តូចៗ​ដែល​ដុះ​នៅលើ​ប្រាង្គ បោសសម្អាត​ដី​ចេញពី​កន្លែង​ដែល​ត្រូវ​ពង្រឹង បន្ទាប់​ទៀត ត្រូវ​កោស​ស្លែ​ចេញ​អស់ហើយ និង​ត្រូវ​សម្អាត​ដោយ​ទឹក​ដើម្បី​ងាយស្រួល​ត​ភ្ជាប់​ជាមួយ​កំបោរ​បាយអ​ជាដើម​»​។​

​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល ធ្លាប់បាន​បញ្ជាក់ប្រាប់​កាលពីដើម​ខែសីហា កន្លងមក​ថា ការងារ​ជួសជុល​ប្រាសាទ​នេះ គឺជា​កិច្ចការងារ​ប្រចាំថ្ងៃ​របស់​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ផែនការ​អនុវត្ត​កិច្ចការងារ​ច្បាស់លាស់​ទៅលើ​ការជួសជុល ការថែទាំ និង​សម្អាត​។

​លោក​ថា ការងារ​គ្រប់គ្រង​ការជួសជុល និង​ថែទាំ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​ទៅតាម​ផែនទី​ចង្អុល​ផ្លូវ ហើយ​ផ្តោតទៅលើ​ការងារ​អាទិភាព​។​បើ​ការជួសជុល​ទីតាំង​មួយ​បញ្ចប់ រួចរាល់​ហើយ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ប្តូរ​ទៅ​ទីតាំង​អាទិភាព​ទី​២ និង​ទៅ​ទី​៣​ទៀត​ជាដើម​។​

​សូម​បញ្ជាក់ដែរថា កាលពី​ឆ្នាំ​២០១៩​មក អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្ដើម​ធ្វើការ​ទ​ល់​ទ្រ​ដើម្បី​ទប់​លំនឹង​រចនា​សម្ព័ន្ធ​ប្រាង្គ​ទី​២២ នៃ​ប្រាសាទបាគង​នេះដែរ​៕