ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​​បោះឆ្នោត (​គ​.​ជ​.​ប​)​ បាន​ថ្លែងឱ្យដឹងថា ជោគជ័យ​នៃ​ការងារ​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិ​កាល​ទី​៧ ឆ្នាំ​ ២០២៣ បានបង្ហាញ​ពី​ការអនុវត្ត​បាន​ត្រឹម​ត្រូវ​តាម​រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់​ព័ន្ធ​នឹង​ការបោះឆ្នោត​។ យោងតាម​លោក នុត សុខុម អនុ​ប្រ​​ធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​បោះ​​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​ ២០២៣ កាល​ពីថ្ងៃ​ទី ​១៤ ខែសីហា ក្នុង​ខេត្ត​បាត់ដំបង​។​


​លោក នុត សុខុម បាន​ថ្លែងថា​៖ «​ផ្អែក​តាម​សមិទ្ធផល និង​ជោគជ័យ​នៃ​ការងារ​ទាំង​​អស់នេះ ខ្ញុំ​ពិតជា​មាន​មោ​ទ​ន​ភាព​យ៉ាង​ក្រៃលែង ហើយ​សមិទ្ធផល​ទាំងអស់នេះ អាច​សម្រេច​ទៅបាន​អាស្រ័យ​លើ​ការប្ដូរ​ផ្ដាច់​គោរព និង​អនុវត្តបាន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិតបទដ្ឋាន​គតិ​យុត្ត​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ប្រតិទិន និង​ផែនការមេ ព្រម​ទាំង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​មួយចំនួនទៀត​»​។​

​លោក​បាន​បន្តថា ក្នុងនោះ​ក៏មាន​ការខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុកដាក់​ទទួលខុសត្រូវ​ខ្ពស់ ចូល​រួមទាំង​កម្លាំងកាយ កម្លាំង​ចិត្ត ព្រមទាំង​ប្រាជ្ញា​ស្មារតី ក្នុងការ​អនុវត្ត​ការងារ​តាម​តួនាទី និង​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​គ្រប់​លំ​ដាប់​ថ្នាក់​ផងដែរ​។​


​យោងតាម​របាយការណ៍​របស់លោក នុត សុខុម បានឱ្យដឹងថា គ​.​ជ​.​ប បាន​ចុះឈ្មោះ​បោះឆ្នោត​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ជាង ៩,៧​ លាន​នាក់ ទៅក្នុង​បញ្ជី​បោះឆ្នោត និង​បាន​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ចំនួន​ ១៨ ​គណបក្សនយោបាយ​។​

​គ​.​ជ​.​ប បានទទួល​ស្គាល់​ភ្នាក់ងារ​គណបក្សនយោបាយ​ចំនួន ៥៧ ០១២ ​នាក់​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត និង​បានអនុញ្ញាត​ជូន​អ្នក​សង្កេត​ការណ៍​បោះឆ្នោតជាតិ​ចំនួន ៨៩ ៥៦២ ​នាក់ ក្នុងនោះ​អ្នក​សង្កេតការណ៍​ចល័ត​មាន​ចំនួន ១៥៧ ​នាក់ មកពី ១៣៤ ​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​។


​ចំណែកឯ អ្នកសង្កេតការណ៍​អន្តរជាតិ​មាន​ចំនួន ៦០៤ នាក់ ក្នុងនោះ​រួមមាន ប្រតិភូ​អន្តរជាតិ​ដែល​អញ្ជើញ​ដោយ​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ចំនួន ២៦៨​ នាក់ មកពី ២៦ ​ស្ថាប័ន​ប្រតិភូ​អន្តរជាតិ​ដែល​អញ្ជើញ​ដោយ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល ចំនួន ៦៥ ​នាក់ មកពី ១២ ស្ថាប័ន​។ ប្រតិភូ​អន្តរជាតិ​ដែល​អញ្ជើញ​ដោយ គ​.​ជ​.​ប ចំនួន ២៤ ​នាក់​, អ្នកសង្កេតការណ៍​​អន្តរជាតិ ដែល​ស្នើសុំ​ដោយផ្ទាល់​មក គ​.​ជ​.​ប ចំនួន ៤៧ រូប និង​ភ្ញៀវ​ពិសេស​ ១៨​ នាក់​។​

​លោក នុត សុខុម បាន​ថ្លែងថា​៖ «​ទោះបីជា​មានការ​ញុះញង់​តាម​បណ្ដាញ​សង្គម​មិនឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត និង​ឱ្យ​គូស​បំផ្លាញ​សន្លឹកឆ្នោត​ចោល​ក៏ដោយ យើង​ឃើញថា ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​មាន​ចំនួន​ជាង ៨,២​ លាន​នាក់ ស្មើនឹង ៨៤,៥៩​ ភាគរយ នៃ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប បាន​ទៅ​បោះឆ្នោត​សម្ដែង​ឆន្ទៈ​របស់​ពួកគាត់​ដោយ​សេរី និង​អនុវត្ត​សិទ្ធិ​បោះឆ្នោត​ប្រកបដោយ​សុវត្ថិភាព គ្មាន​ការបំភិតបំភ័យ គ្មាន​ការគំរាមកំហែង និង​គ្មាន​អំពើហិង្សា​»​។​

​លោក សំ គ​ន្ធា​មី នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ហៅ​កាត់​ថា និក​ហ្វិ​ក ដែល​បាន​ចូលរួម​សន្និបាត​របស់ គ​.​ជ​.​ប នេះដែរ​បាន​ប្រាប់ថា លោក នុត សុខុម បានបង្ហាញ​ពី​មោទនភាព ចំពោះ​ការរៀបចំ​ការបោះឆ្នោត ប្រកបដោយ​ភាព​វិជ្ជមាន​ជ្រុល​បន្តិច​ហើយ ព្រោះ​ធម្មតា ការ​រៀបចំ​ការបោះឆ្នោត​នីមួយៗ មិន​ថា នៅ​កម្ពុជា ឬ​នៅ​សហ​រដ្ឋ​អាមេរិក​នោះទេ គឺ​វា​មិនដែល​ល្អឥតខ្ចោះ​នោះទេ​។​

​លោក​បាន​ថ្លែងថា​៖ «​គាត់​និយាយ​គ្រប់​ចំណុច​នៃ​ដំណើរ​ការបោះឆ្នោត គឺ​វិជ្ជមាន​ទាំង​អស់ទាំង​អ្នកសង្កេតការណ៍ និង​គណបក្ស​ទាំងអស់ និង​អ្នក​បោះឆ្នោត​ជាដើម វា​ល្អ​ទាំង​​អស់​។ យើង​មើលទៅ​វា​ហួស​ហេតុ វា​លើស​ពេក​។ វា​មិន​ដែលមាន​ទេ ទាល់តែ​ប្រទេស​គេ​ជឿន​​លឿន ហើយ​ប្រទេស​ប្រជា​ធិ​ប​-​តេ​យ្យ​ខ្លះ​ក៏​មិន​ដល់​ហ្នឹង​ដែរ ទាំង​អាមេរិក​ក្តី អូស្ត្រាលី​ក្តី វា​មិនដែល​ឥតខ្ចោះ​អ៊ីចឹង​ទេ​»​។​

​លោក សោម សូ​រី​ដា អ្នក​នាំ​ពាក្យ គ​.​ជ​.​ប ថ្លែងថា ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នេះ​ត្រូវបាន​រៀបចំ​ប្រកប​ដោយ​តម្លាភាព និង​មាន​សុក្រឹត​ភាព តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ជា​ជំនួយ​ដល់​កិច្ចប្រតិបត្តិការ​ដោយ​ដៃ​របស់​មន្ត្រី​បោះឆ្នោត គ្រប់លំដាប់​ថ្នាក់ នៅ​គ្រប់​ដំណាក់​-​កាល​នៃ​ការបោះឆ្នោត​។​

​លោក​បន្តថា​៖ «​ការបោះ​​ឆ្នោត​នេះ បាន​ប្រព្រឹត្ត​ទៅក្នុង​សភាពការណ៍​ដែល​ស្ថានភាព​សង្គម សេដ្ឋកិច្ច នយោបាយ សន្តិសុខ និង​សុខភាព​សាធារណៈ​នៅ​ប្រទេស​កម្ពុ​ជាមាន​ការវិវឌ្ឍ​ល្អប្រសើរ ដែល​បង្កលក្ខណៈ និង​បើក​លម្ហ​ប្រជាធិបតេយ្យ​សម្រាប់​គ្រប់​គណបក្សនយោបាយ​ដែលមាន​គុណវុឌ្ឍិ​ស្របតាម​ច្បាប់​ជា​ធរមាន​អាច​ចូលរួម​ប្រកួតប្រជែង​ដោយ​សេរី និង​ដោយ​ស្មើភាព​»​។​

​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាង​​រាស្ត្រ​ធ្វើឡើង​ពីថ្ងៃ​ទី ​១៤ និង​ទី​ ១៥ ខែសីហា ដែល​សន្និបាត​នឹងចូលរួម​បិទ​ក្រោម​អធិបតី​ភាព​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ជាន់​ខ្ពស់​នៃ គ​.​ជ​.​ប ផងដែរ​៕