​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ហេង សួរ ដែលជា​រដ្ឋមន្ដ្រី​អាណ​ត្ដិ​ទី​៧​ បាន​ចាត់ទុកថា ជយលាភី​អាហារូបករណ៍​ដែល​និស្សិត​កម្ពុជា​ទទួលបាន​ពី​ប្រ​ទេស​ជប៉ុន ​គឺ​កើតឡើង​ដោយសារ​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា​-​ជប៉ុន និង​កត្តា​សុខសន្តិភាព​។ លោក​ ហេង សួរ តំណាងឱ្យ​លោក ​ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​ដូចនេះ ក្នុងឱកាស​ដែល​លោក​ចូលរួម​ក្នុង​ពិធី​ជួបជុំ​សំណេះសំណាល​ជាមួយនឹង​និស្សិត​កម្ពុជា​ចំនួន​ ២៦ ​រូប ​ដែល​នឹង​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​សម្រាប់​ឆ្នាំ​សិក្សា ​២០២៣-២០២៥ កាលពី​ល្ងាច​ថ្ងៃទី ​១៣ ខែសីហា ឆ្នាំ​ ២០២៣​។​


​នៅក្នុង​ឱកាស​នោះ លោក​ ហេង សួរ តំណាងឱ្យ​លោក ​ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​ការ​សាទរ និង​ចាត់ទុក​ជយលាភី​អាហារូបករណ៍​ជប៉ុន ​(JDS) ទាំងអស់​ថា​ជា​ធនធាន​ដ៏​មាន​សក្តា​នុ​​ពល​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។ ជាមួយគ្នា​នោះ លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​និស្សិត​ជយលាភី​អាហា​រូប​ករ​ណ៍​ទាំង​ ២៦ ​រូប​ ឱ្យ​យកចិត្តទុកដាក់​ក្នុងការ​ថែទាំ​សុខភាព​ដើម្បី​ជោគជ័យ​ក្នុងការ​សិក្សា និង​ការបំពេញ​ការងារ​ផ្សេងៗ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​អាហា​រូប​ករ​ណ៍​ដែល​ប្អូនៗ​ទទួលបាន​នាពេលនេះ​គឺ​កើតចេញពី​ចំណងមិត្តភាព​ដ៏​ល្អ​រឹងមាំ​រវាង​កម្ពុជា និង​ជប៉ុន និង​កត្តា​សន្តិភាព ដែលជា​មរតក​មិនអាច​កាត់​ថ្លៃ​បាន​របស់​សម្តេច​ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​


​ឆ្លៀតឱកាស​នោះ​លោក ហេង សួរ ក៏បាន​ក្រើនរំឭក​ដល់​និស្សិត​ទាំងអស់​ត្រូវ​ធ្វើជា​ទូត​សុច្ឆន្ទៈ​របស់​កម្ពុជា​ក្នុងការ​បង្ហាញ​ពី​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ដ៏​ផូរផង់​របស់​កម្ពុជា​ទៅកាន់​និស្សិត និង​ប្រជាជន​ជប៉ុន ក៏ដូចជា​ប្រជាជាតិ​ដទៃទៀត​ដែល​និស្សិត​បាន​ជួប​ប្រាស្រ័យ​ទាក់ទង ក្នុងអំឡុងពេល​សិក្សា​នៅ​ទីនោះ​។​

​ទន្ទឹមនឹងនេះ​លោក​ក៏បាន​បង្ហាញ​ក្តីសង្ឃឹម​ផងដែរ​ថា និស្សិត​ជយលាភី​ទាំងអស់​នឹង​ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរ​សិក្សា​នេះ​ដើម្បី​នាំយក​ចំណេះដឹង​វិល​ត្រឡប់មក​បម្រើ​ការងា​រ​នៅ​កម្ពុជា​វិញ ហើយ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចកម្ពុជា ពិសេស​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៥០​។​


​ជុំវិញ​រឿងនេះ លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៤ ខែសីហា​ថា ការផ្តល់​អាហារូបករណ៍​ពី​ប្រទេស​ខាងក្រៅ ជាពិសេស​ពី​ប្រទេស​ដែលមាន​ការ​ជឿនលឿន​គឺជា​លំហូរ និង​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​និស្សិត​កម្ពុជា ដែល​អាច​ទទួល​បានកា​រ​ផ្លាស់ប្តូ​រទាំង​ចំណេះដឹង និង​វប្បធម៌​គ្នា​ទៅវិញទៅមក​។​

​លោក​ថ្លែងថា​៖ «​ជាការ​ពិត​បើ​គ្មាន​សន្តិភាព​ក៏​មិន​អាចមាន​កម្ពុជា​ពេលនេះ​ដែរ ហេតុនេះ​ខ្ញុំ​សូម​គាំទ្រ​ឱ្យមាន​ការផ្លាស់ប្តូរ​និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ព្រោះ​ជា​ឱកាស​នៃ​ការនាំយក​វប្បធម៌ បទពិសោធន៍ អរិយធម៌ ពិសេស​ភាព​ពិត​ជាក់ស្តែង​ដែល​កម្ពុជា​កំពុងមាន គឺ​សន្តិភាព​នេះ​ទៅកាន់​បណ្តា​ប្រទេស​ទាំងនោះ​»​។​

​លោក​បាន​បន្តថា​៖«​អ៊ីចឹង​ហើយ​ខ្ញុំ​សូមឱ្យ​និស្សិត​ទាំងអស់​ចេះ​ចាប់​ឱកាស​ប្រឹងប្រែង​ក្រេប​យកចំណេះ​ដឹង​ទាំង​​នោះ កុំ​ឱ្យគេ​មើលឃើញ ចំណុច​មិនល្អ​តូច​ណាមួយ ហើយ​វាយតម្លៃ​ត្រឹម​ចំណុច​នោះ​ថា​ប្រទេស​យើង​មិនល្អ​»​។​

​យោងតាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា គិត​ចាប់ពី​ឆ្នាំ​ ១៩៩៣ មកទល់​បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​ចំនួន ​១ ៤៨០​ នាក់ បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​។​ដោយឡែក​ចំពោះ​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់​ជ​ប៉ុន (Human Resource Development Scholarship by Japanese Grant Ad/JDS) ត្រូវបាន​បង្កើតឡើង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០០០​ ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​។

​អាហារូបករណ៍ JDS ផ្តោត​សំខាន់​លើ​មន្ត្រីរាជការ​វ័យក្មេង​ដែលមាន​សមត្ថភាព​ដើម្បី​ចូលរួម​ក្នុងការ​អនុវត្ត​ផែនការអភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច ក្នុងនាម​ជា​អ្នកដឹកនាំ​នាពេល​អនាគត​។​

​គិត​មកទល់​បច្ចុប្បន្ន កម្ពុជា​បាន​បញ្ជូន​និស្សិត​សរុប​ចំនួន​ ៥៤៨​ នាក់​ បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ក្រោម​គម្រោង​អាហារូបករណ៍ ​JDS​។ ក្នុង​ឆ្នាំ ២០២៣ នេះ មាន​មន្ត្រីរាជការ​កម្ពុជា​សរុប​ចំនួន​ ២៦ ​រូប ​(​ស្រី ​១២ ​រូប​) ​មកពី​ក្រសួង​-ស្ថាប័នរដ្ឋ និង​គ្រឹះស្ថានសាធារណៈ​ចំនួន​ ១៧ បានទទួល​អាហារូបករណ៍ JDS ក្នុងនោះ​ ២​ រូប សិក្សា​ថ្នាក់បណ្ឌិត និង​ ២៤ ​រូប​សិក្សា​ថ្នាក់អនុបណ្ឌិត​៕