កែបៈលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា បច្ចុប្បន្នអត្រាគ្របដណ្តប់អនាម័យបានកើនដល់ជាង ៨០ ភាគរយ ហើយមានភូមិចំនួន ៧ ០៥៩ ឃុំចំនួន ៥៤៥ និងស្រុកចំនួន ៤៦ សម្រេចបាន ODF ខណៈខេត្តកែប ត្រូវបានប្រកាសទទួលស្គាល់ជាខេត្តទី៦ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្តកែប អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ បានប្រមូលផ្តុំគ្នាអបអរក្នុងពិធីប្រកាសសម្ពោធខេត្តនេះជាខេត្ត ODF បន្ទាប់ពីខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង បានប្រកាសជោគជ័យជាបន្តបន្ទាប់នាពេលកន្លងមក។
ក្នុងឱកាសនោះ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ក្រសួង បានអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទជំហានទី១ ឆ្នាំ ២០១៤-២០១៨ប្រកបដោយជោគជ័យ និងលើសពីគោលដៅដែលបានកំណត់ ហើយក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកការសម្អាត និងអនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៣ ដោយបានកំណត់យកនូវគោលដៅអត្រាគ្របដណ្តប់ចំនួន៩០ភាគរយលើការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទនៅត្រឹមឆ្នាំ២០២៣។
លោក បានអះអាងថា៖«បច្ចុប្បន្នអត្រាគ្របដណ្តប់អនាម័យបានកើនដល់ជាង៨០ភាគរយដោយឡែកចំពោះការសម្រេចបាន ODF គិតត្រឹមត្រីមាសទី១ឆ្នាំ ២០២៣មានភូមិចំនួន៧ ០៥៩ឃុំចំនួន៥៤៥ស្រុកចំនួន៤៦និងខេត្ត ODF ចំនួន ៦ហើយរួមទាំងខេត្តកែបដែលសម្រេចបានជាខេត្ត ODFក្នុងពេលនេះ»។
ជាមួយនឹងជោគជ័យរបស់ខេត្តកែប លោក អ៊ុក រ៉ាប៊ុន បាននិយាយថា ការសម្រេចបាននេះ គឺមានន័យថាខេត្តកែបគ្រប់ខ្នងផ្ទះទាំងអស់មានបង្គន់អនាម័យផ្ទាល់ខ្លួន ឬមានបង្គន់អនាម័យរួមគ្នាប្រើប្រាស់។ លោកបន្តថា លទ្ធផលដែលទទួលបាននាពេលនេះ ប្រាកដណាស់បានឆ្លុះបញ្ចាំងពីការចូលរួម និងការខិតខំប្រឹងប្រែងរបស់ខេត្តទាំងមូល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត (PWG) មន្ទីរអភិវឌ្ឍន៍ជនបទ ក៏ដូចជាមន្ទីរពាក់ព័ន្ធដៃគូអភិវឌ្ឍន៍នានា និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។
លោក បានបញ្ជាក់បន្ថែមថា៖«ភាពជោគជ័យនេះក៏កើតឡើងពីការចូលរួមទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចាប់តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ភូមិ ក៏ដូចជាការចូលរួមរបស់ប្រជាពលរដ្ឋផងដែរ។ បន្ថែមពីនេះ ជោគជ័យនាពេលនេះ ក៏កើតឡើងដោយសារ យើងបានបង្កើតនូវយន្តការសម្របសម្រួល និងប្រកបដោយប្រសិទ្ធភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសការបង្កើតក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក៏ដូចជាការចូលរួមពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ការចូលរួមពីវិស័យឯកជន និងតាមរយៈការអនុវត្តកម្មវិធីនានា»។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា ចំពោះការផ្គត់ផ្គង់ទឹកស្អាតទូទាំងខេត្តកែប មានអណ្តូងស្នប់សរុបចំនួន៧៣៥អណ្តូង អណ្ដូងលូសរុប ចំនួន ៧៨៦អណ្ដូង ស្រះសហគមន៍ចំនួន ១៥០ស្រះ ពាងយក្សចំនួន១ ០០២ពាង រួមទាំងប្រព័ន្ធចែកចាយទឹកស្អាតខ្នាតតូចសហគមន៍ចំនួន២កន្លែង និងប្រព័ន្ធចែកចាយទឹកឯកជនចំនួន២ក្រុមហ៊ុន។
លោកបានឱ្យដឹងបន្តថា ចំពោះការងារលើកកម្ពស់អនាម័យជនបទ ទូទាំងខេត្តកែប សម្រេចបានលើខ្នងផ្ទះសរុបចំនួន ៩ ២៧៥ខ្នង (ទិន្នន័យនៃការធ្វើផែនទីអនាម័យខ្នងផ្ទះចុងឆ្នាំ២០២២) ខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន៨ ៨៤៨ខ្នង ស្មើនឹង ៩៦,៧៨ភាគរយ។
លោក បានបញ្ជាក់ថា៖«ខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យរួម២៩៤ខ្នង ស្មើនឹង ៣,២២ភាគរយ និង ខ្នងផ្ទះចំណាកស្រុក ១៣៣ខ្នង។ ក្នុងនោះក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ បានសហការជាមួយក្រុមការងារថ្នាក់ជាតិចុះផ្ទៀងផ្ទាត់ ODF ខេត្តកែប នា ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ និងជាលទ្ធផលខេត្តកែប ជាខេត្តសម្រេចបានការបញ្ចប់ពាសវាលពាសកាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣»។
រាជរដ្ឋាភិបាលបានកំណត់នូវទស្សនវិស័យ និងគោលដៅយ៉ាងច្បាស់លាស់នៅក្នុងគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទដោយបានកំណត់ថា៖“នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវមានសេវាផ្តត់ផ្គង់ទឹកស្អាតនិងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព”ដែលទស្សនវិស័យនេះ មានភាពស៊ីគ្នាទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០។
ដើម្បីសម្រេចបានជោគជ័យនេះ លោក អ៊ុក រ៉ាប៊ុន បានណែនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ត្រូវតែបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត រួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលវិស័យនេះកំពុងជួបប្រទះ ដោយត្រូវជួយគាំទ្រដល់ប្រជាពលរដ្ឋនៅតាមភូមិ ឃុំ ស្រុក និងខេត្តដាច់ស្រយាល គ្រួសារក្រីក្រ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលមានបរិស្ថានប្រឈមជាដើម។
លោក បានបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធនានាទាំងអស់ បន្តចូលរួម និងសហការ សម្រាប់សកម្មភាពលើកកម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរឡើងថែមទៀត។ ខ្ញុំក៏សូមសំណូមពរដល់ក្រុមការងារបច្ចេកទេសខេត្ត និងស្រុក បន្តយកចិត្តទុកដាក់ជំរុញ និងដឹកនាំដើម្បីធ្វើឱ្យស្ថានភាពអនាម័យនៅមូលដ្ឋានរបស់ខ្លួនមានលក្ខណៈកាន់តែប្រសើរឡើងថែមទៀត ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ដល់គ្រួសារក្រីក្រ ជនមានពិការភាព និងជនងាយរងគ្រោះនានា ដើម្បីឱ្យពួកគាត់ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ»។
លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិ បានបង្ហាញការសាទរចំពោះជោគជ័យនេះ ខណៈលោកអះអាងថា អង្គការភ្លែន នឹងបន្តការគាំទ្រដើម្បីឱ្យការងារអនាម័យ និងទឹកស្អាតនៅកម្ពុជាបន្តសម្រេចបានជោគជ័យនៅក្នុងតំបន់គោលដៅថ្មីបន្ថែមទៀត។
លោក បានបញ្ជាក់ថា៖«អង្គការភ្លែន នៅតែមានការប្តេជ្ញាចិត្តក្នុងការជួយគាំទ្រការពន្លឿន ការចុះពិនិត្យបញ្ជាក់ និងប្រកាស ODF ជាមួយក្រសួងអភិវឌ្ឍន៍ជនបទក្នុងអាណត្តិថ្មីនៃរដ្ឋាភិបាល។ យើងនឹងធ្វើការពង្រឹងបន្ថែមទៀតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីរៀបចំផែនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តដែលមិនទាន់មាន»៕