ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់​អ្នក​សារ​ព័ត៌មាន​ជាង ១០០​ នាក់​ ដែល​ត្រូវបាន​ជ្រើសរើស​ឱ្យ​ដើរ​តាម​កម្មវិធី​របស់លោក និង​ផ្ដល់​អាហារ​ពេល​ល្ងាច នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា ឆ្នាំ​ ២០២៣​។ អ្នក​ទាំងនោះ​មាន​អ្នកសារព័ត៌មាន អ្នកបើកបរ​រថយន្ត អ្នករៀបចំ​ឧបករណ៍​បំពង​សំឡេង អ្នក​កាន់​ម៉ាស៊ីន​អគ្គិសនី អ្នករៀបចំ​បណ្តាញ​អ៊ីន​ធឺ​ណិ​ត នាពេល​កន្លងមក ដែល​អ្នកខ្លះ​បាន​ដើរ​តាម​តាំងពី​ទសវត្សរ៍​ ៩០​ មក​។


​លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួងបរិស្ថាន បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កលោក​កាលពី​ថ្ងៃទី​ ១៥ ខែសីហាថា​៖ «​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ ថ្លែងអំណរគុណ​ដល់​អ្ន​ក​សារព័ត៌មាន​ទាំងអស់ ដែល​បាន​ជម្នះ​ការលំបាក និង​ប្រឹងប្រែង​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​សកម្មភាព​របស់​សម្តេច​ពេលកន្លងមក​»​។

​លោក សំ វណ្ណា អ្នកយក​ព័​ត៌​មាននៃ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដែល​បានទទួល​នូវ​ការផ្តល់​គ្រឿង​ឥស្សរិយយស បាន​ប្រាប់​ឱ្យដឹងថា លោក​ពិត​ជាមាន​ក្តីរំភើប​រីករាយ ដែល​លោកនាយក​រដ្ឋមន្ត្រី បានផ្តល់​គ្រឿង​ឥស្សរិយយស និង​បំពាក់​ដោយ​ផ្ទាល់ដៃ​បែបនេះ ក្រោយពី​លោក​បាន​ដើរ​តាម​រយៈពេល​ជាង​ ១០ ​ឆ្នាំ​កន្លងមកនេះ​។​


​លោក សំ វណ្ណា បាន​ប្រាប់ថា​៖ «​សម្តេច​តេ​ជោ លោក​ផ្តល់​តម្លៃ​ដល់​អ្នកសារព័ត៌មាន​ណាស់​ដូច្នេះហើយ​ការចុះ​យក​ព័ត៌មាន​តាម​លោក​គឺ​មិនមាន​ការលំបាក​នោះទេ​។ ទោះជា​មានការ​តឹងតែង​តិចតួច​នៅ​កម្មវិធី​មួយចំនួន​ប្រសិនបើ​យើង​មិនមាន​កាត​ចូល​យក​ព័ត៌មាន តែ​ការតឹងតែង​នោះ គឺ​ដើម្បី​សុវត្ថិភាព​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស ដែល​តម្រូវឱ្យ​អ្នកកាសែត​គ្រប់រូប​មាន​កាត​សម្រាប់​ចុះ​យក​ព័ត៌មាន​»​។​

​លោក មាស សុភ័ណ អ្នក​នាំ​​ពាក្យ​ក្រសួង​ព័ត៌មាន ថ្លែងថា ការផ្តល់​គ្រឿង​ឥស្សរិយយស​ដល់​អ្នកសារព័ត៌មាន​ពី​ថ្នាក់​ដឹកនាំ​ប្រទេស នាពេលនេះ​ជាការ​លើកទឹកចិត្ត និង​ជាការ​​ថ្លែងអំណរគុណ​ដល់​អ្ន​ក​សារព័ត៌​​មាន ដែល​ខិតខំ​ចូលរួម​បំពេញការងារ ក្នុង​កាលៈទេសៈ​លំបាក គ្រប់​រាជធានី​-​ខេត្ត ក្នុងការ​ផ្តិត​យក​រូប និង​ព័ត៌មាន​ពីស​កម្ម​​ភាព​របស់​រាជរដ្ឋាភិបាល​។​


​លោកថ្លែងថា​៖«​កម្មវិធី​នេះ​ជា​កម្មវិធី​មួយ ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​សម្តេច ប្រមុខ​រាជរដ្ឋាភិបាល​ក្នុងការ​លើកទឹកចិត្ត ក៏ដូចជា​កោត​សរ​សើរ និង​ថ្លែងអំណរគុណ​ដល់​បងប្អូន​អ្នកសារព័ត៌មាន​មួយចំនួន​ដែល​បាន​ខិតខំ​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​សកម្មភាព​សម្តេច​តេ​ជោ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​នាពេល​កន្លងមក​»៕