​ភ្នំពេញៈ ខេត្ត​កែប នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី១០ នៅ​អំឡុង​សប្តាហ៍​ទី​៣ ខែធ្នូ ឆ្នាំនេះ ខណៈ​ថ្មីៗ​នេះ​រដ្ឋាភិបាល​កម្ពុជា​ទើប​ធ្វើ​ពិធី​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ស្តីពី​ការ​ដាក់ឱ្យអនុវត្ត​ផែនការមេ​អភិ​​វឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប ឆ្នាំ​ ២០២៣-២០៣៥​។​


​ឆ្នាំ ​២០២៣ គឺជា​លើក​ទី​១០ ដែល​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ពិធីបុណ្យ​សមុទ្រ ខណៈ​នេះ​ជា​លើក​ទី​៣ ដែល​ខេត្ត​កែប​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​លើក​ទី​១ កាលពី​ឆ្នាំ​ ២០១៣ និង​លើក​ទី២ ក្នុង​ឆ្នាំ ​២០១៧​។ កាលពី​ឆ្នាំ​ ២០២២ ពិធីបុណ្យ​សមុទ្រ​បានរៀបចំ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ ពិធីបុណ្យ​សមុទ្រ​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្ នាំ​(​លើកលែង​អំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩)​ ដោយ​ប្តូរ​វេន​រវាង​ខេត្ត​នៅជាប់​មាត់សមុទ្រ​ទាំង ៤ គឺ​ខេត្ត​កែប កំពត ព្រះសីហនុ និង​ខេត្តកោះកុង​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប លោក សោម ចិន្តា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១៥ ខែសីហា​ថា តាម​ផែនការ​គឺ​ក្នុង​សប្តាហ៍​ទី​៣ នៃ​ខែធ្នូ រដ្ឋាភិបាល​នឹង​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​១០ ក្នុង​ខេត្ត​កែប ដែល​ព្រឹត្តិ​ការណ៍​នេះ​នឹង​ទាញ​ចំណាប់​​អារម្មណ៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ឱ្យធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ខេត្ត​កែប​។ លោក​បាន​បន្តថា ព្រឹត្តិការណ៍​នេះ​នឹង​នាំ​ភាព​វិជ្ជមាន​ច្រើន​សម្រាប់​កំណើនសេដ្ឋកិច្ច​ខេត្ត ក៏ដូចជា​ប្រជាជន​នៅ​មូលដ្ឋាន​។​


​លោក​ថ្លែងថា​៖ «​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ គឺ​មិន​ត្រឹមតែ​ជួយ​លើកស្ទួយ និង​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​ខេត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ជួយ​បង្កើន​ប្រាក់​ចំណូល​ដោយផ្ទាល់​ទៅដល់​ប្រ​ជា​ជន​មូលដ្ឋាន​ផងដែរ​»​។​

​បើតាម​លោក ចិន្តា បច្ចុប្បន្ន​នៅ​ខេត្ត​កែប មាន​បន្ទប់​ស​ណ្ឋា​គារ និង​ផ្ទះសំណាក់ ប្រមាណ ១ ៦០០​ បន្ទប់ ដែល​ចំនួន​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នោះទេ​។ ទោះយ៉ាងណា​ដោយសារ​បច្ចុប្បន្ន​កម្ពុជា​មាន​បណ្តាញ​ផ្លូវ​ថ្នល់​ត​ភ្ជាប់​ពី​រាជធានី​-​ខេត្ត​កាន់​តែ​ល្អ​នោះ ដូច្នេះ​បញ្ហា​កន្លែង​ស្នាក់នៅ គឺ​មិនមែនជា​ឧបសគ្គ​សម្រាប់​ការ​ស្នាក់​នៅឡើយ​។​


​លោក​បន្ថែមថា​៖ «​ជាមួយគ្នានេះ អាជ្ញាធរ​ក៏មាន​គម្រោង​រៀបចំ​ឱ្យមាន​កន្លែង​បោះតង់​សម្រាប់​ស្នាក់នៅ​ផងដែរ​»​។​

​ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​និយាយថា បុណ្យ​សមុទ្រ​នឹង​រួមចំណែក​ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កែប ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ទាំងមូល​។ ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ខេត្ត​ឱ្យ​កាន់​តែ​លឿន​មួយកម្រិត​ទៀត​។​

​លោក​ថ្លែងថា​៖ «​វិស័យ​ទេស​ចរណ៍​ពិតជា​ចង់ឱ្យមាន​ព្រឹត្តិ​ការណ៍​បែបនេះ​កាន់តែច្រើន ព្រោះ​ក្រៅពី​ទេសចរ​ក្នុងស្រុក យើង​ក៏​អាច​ផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវ​ក្រៅប្រទេស​ឱ្យ​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​បាន​កាន់តែច្រើន​ដែរ​»​។​

​ទោះបីយ៉ាងណា លោក ស៊ី​ ណាន ក៏បាន​លើកឡើង​ពី​ភាព​​អសកម្ម​មួយចំនួន​ដែល​តែងតែ​កើតមាន​ពេល​មាន​ព្រឹត្តិការណ៍​ធំៗ គឺ​ការផ្សព្វផ្សាយ​ដែលមាន​លក្ខណៈ​ទាក់ទង​នឹង​ផលិតផល​គ្រឿង​ស្រវឹង ភេសជ្ជៈ​ប៉ូវ​កម្លាំង ជាដើម ដែល​សកម្មភាព​ទាំង​នេះ​គឺអាច​ផ្តល់​ភាពអវិជ្ជមាន​ទៅដល់​ពលរដ្ឋ​ក្នុងសង្គម​។​

​រដ្ឋាភិបាល កាលពី​ថ្ងៃទី​ ៧ ខែសីហា ឆ្នាំ​ ២០២៣ បានប្រកាស​ផ្សព្វផ្សាយ​ «​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​​កែប ២០២៣-២០៣៥»​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប បានឱ្យដឹងថា​៖ «​ផ្អែកលើ​សក្តានុពល និង​ភាព​សម្បូរបែប​នៃ​ធនធាន​ធម្មជាតិ វប្បធម៌ និង​ប្រវត្តិ​សា​ស្ត្រ​របស់​ខេត្ត​កែប «​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប ២០២៣-២០៣៥» បានកំណត់​ចក្ខុវិស័យ​ប្រែក្លាយ​ខេត្ត​កែប​ជា​ «​គោលដៅ​ទេសចរណ៍ធម្មជាតិ​សម្រាក​ការកម្សាន្ត​បែប​ប្រណីត​កម្រិត​ខ្ពស់​»​ ដោយ​ប្រកាន់យក​គោលការណ៍​នៃ​ការអភិវឌ្ឍ​ប្រ​​កប​ដោយ​ចីរភាព សុវត្ថិភាព គុណភាព ភាព​ប្រកួតប្រជែង និង​ទេសចរណ៍​បែប​ឆ្លាត​វៃ​»៕