ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បាន​លើកឡើងថា រដ្ឋាភិបាល​ដែល​កើតចេញពី​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​អនុវត្ត​នូវ​កម្មវិធី​នានា ក៏ដូចជា​កម្មវិធី​នៃ​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​អាយុ​ក្រោម ២ ​ឆ្នាំ​ បើទោះបីជា​មានការ​ផ្លាស់ប្តូ​រ​នាយករដ្ឋមន្ត្រី​ថ្មី​ក៏ដោយ​។​


​លោក ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​បេឡា​ជាតិ របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បាន​ប្រាប់ឱ្យដឹង​កាលពី​ថ្ងៃទី​១៦ ខែសីហា ថា ការផ្តល់ប្រាក់​ឧបត្ថម្ភ​នេះ​គឺជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​កើតចេញពី​កម្មវិធី​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ចូលរួម​លើកកម្ពស់​សុខុមាលភាព​មាតា ទារក ជាដើម​។​

​លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​ដែល​កើតចេញពី​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​នេះ ក៏ដូចជា​គោលនយោបាយ​ផ្សេងៗ​ទៀត ពិសេស​កសាង​ប្រព័ន្ធ​សន្តិសុខ​សង្គម​ឱ្យ​រឹងមាំ​មួយ​ដែល​ធានាបាន​នូវ​សន្តិសុខ​ប្រាក់ចំណូល ហើយ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ស្ថិរភាព​សង្គម​»​។​


​លោក ហេង សុផាន់​ណា​រិ​ទ្ធ បាន​បន្តថា​៖ «​ដូចនេះ មិនមាន​ការប្រែប្រួល​អ្វី​នោះទេ គឺ​យើង​នៅតែ​បន្ត​អនុវត្ត​នូវ​គោលនយោបាយ​របស់​យើង​ជា​បន្តទៀត ហើយ​ចាប់តាំងពី​មានការ​អនុវត្ត​នូវ​កម្មវិធី​ផ្តល់​សាច់ប្រាក់​នានា រហូតមកដល់​ពេលនេះ​គឺ​មិនមាន​អ្វី​ជា​ការខុស​ប្រក្រតី​ណាមួយ​កើតមានឡើង​នោះទេ​»​។​

​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​នានា​របស់​ប​.​ស​.​ស គឺ​យើង​អនុវត្តតាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន គឺ​ត្រូវ​ប្រើ​ប្រព័ន្ធ​តាមរយៈ​ធនាគារ​ទាំងអស់ ដូចនេះហើយ​មិនមាន​បញ្ហា​ណាមួយ​កើតមានឡើង​ឡើយ​។​


​លោក ម៉ាន់ សេង​ហាក់ ប្រធាន​សហព័ន្ធ​សហជីព​ឥទ្ធិពល​ការងារ បាន​ប្រាប់​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២៣ ថា ការអះអាង​ដូចនេះ ពិតជា​ល្អ​ណាស់​ដោយសារ​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី និង​កុមារ វា​ជា​កិច្ច​គាំពារ​សង្គម​១​ដែល​សំខាន់ និង​តម្រូវឱ្យ​រាជរដ្ឋាភិបាល​ត្រូវតែ​គិតគូរ និង​បន្ត​អនុវត្ត​។

​លោក​បាន​បន្តថា​៖ «​ការផ្ដល់ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី និង​កុមារ​នេះ វា​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​បាន​ជួយ​គាំទ្រ​លើ​ជីវភាព​របស់​ពួកគាត់ ទោះបី​ពី​ដើម​មក ស្ដ្រី និង​កុមារ​មិន​ធ្លាប់​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ទាំងនេះ​នោះទេ តែ​ឥឡូវនេះ ប្រាក់ឧបត្ថម្ភ​ទាំងនេះ ត្រូវ​រាជរដ្ឋាភិបាល​ផ្តល់ឱ្យ ហើយក៏​បានផ្តល់​បន្ថែម​ច្រើនជាង​មុន​ទៀត ដូច្នេះ​វា​នឹងធ្វើ​ឱ្យ​ជី​វិភាព​របស់​ពួកគាត់​កាន់តែ​ប្រសើរ​»​។​

​លោក ម៉ាន់ សេង​ហាក់ បន្តថា​៖ «​មួយវិញទៀត យើង​ចង់ឱ្យ​ការផ្ដល់ប្រាក់​ឧបត្ថម្ភ​ហ្នឹង រាជរដ្ឋាភិបាល​គួរតែ​ចេញ​ជា​ផ្លូវច្បាប់​តែម្តង វា​ប្រសើរ​ជាជាង​នឹកឃើញ​ទៅ​គេ​ចង់ឱ្យ ឬ​មិន​ចង់ឱ្យ​អ៊ីចឹងទៅ ពីព្រោះ​បើ​ចេញ​ជា​ផ្លូវច្បាប់​តែម្ដង​វា​ជាការ​អនុវត្ត​រហូត ប៉ុន្តែ​សម្រាប់តែ​ការផ្ដល់​ហើយ និយាយ​តែ​មាត់ វា​ហាក់បីដូចជា​មិនសូវមាន​ប្រសិទ្ធភាព​នោះទេ​»​។​

​សូម​រំឭកថា គិត​ចាប់ពី​ថ្ងៃទី​១ ខែសីហា ដល់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២៣ មាន​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​អាយុ​ក្រោម ២​ឆ្នាំ ជិត ២០០​នាក់ ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ពី​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​រាជរដ្ឋាភិបាល ស្តីពី​ការបង្កើន​ប្រាក់ឧបត្ថម្ភ​រាជរដ្ឋាភិបាល​សម្រាប់​ស​មា​ជិ​ក ប​.​ស​.​ស ខណៈ​ស្ត្រី បង្ហាញ​ការពេញចិត្ត​ក្នុងការ​ទទួលបាន​កញ្ចប់​ថវិកា​ឧបត្ថម្ភ​បន្ថែម​នេះ​។​

​ដោយឡែក លោក​ហេង សុផាន់​ណា​រិ​ទ្ធ ក៏បាន​លើកឡើង​ផងដែរ​ពី​បុគ្គល​ស្វ័យ​និ​យោជន៍​ដែល​បានស្នើ​សុំ​បណ្ណ ប​.​ស​.​ស តាមរយៈ​ភាគទាន​ស្ម័គ្រចិត្ត គិត​ត្រឹម​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៣ មាន​ចំនួន ២៤ ៣០៦​នាក់ ដែល​ភាគច្រើន​ជា អាជីវករ អ្នករត់​កង់​បី អ្នករត់ម៉ូតូឌុប ជាងសំណង់ កសិករ និង​អ្នក​ប្រកប​របរ​ផ្សេងៗ​មួយចំនួនទៀត​។ បុគ្គល​ស្វ័យ​និ​យោជន៍​សំដៅ​ដល់​ជន​ដែល​ប្រកបការងារ ឬ​មុខរបរ​បរក​ចំណូល​ផ្ទាល់ខ្លួន ដោយ​មិន​ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល ឬ​ប្រាក់បៀវត្សរ៍​ដែល​ផ្តល់​ដោយ​និយោជក ឬ​រដ្ឋ​តាម​កិច្ចសន្យាការងារ ហើយ​មិនមាន​ប្រើប្រាស់​កម្មករ និយោជិត​នៅក្នុង​សកម្មភាព​ការងារ ឬ​មុខរបរ​របស់ខ្លួន​៕