ភ្នំពេញៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានស្នើបន្តកិច្ចសហការគ្នាជាមួយវៀតណាម ដើម្បីជួសជុលកែលម្អស្ដូបមិត្តភាពកម្ពុជា-វៀតណាម ដើម្បីឱ្យទីតាំងស្ដូបនេះ កាន់តែស្រស់ស្អាត ខណៈស្តូបនេះមានសភាពចាស់និងបានស្នើកសាងសួនច្បារមិត្តភាពកម្ពុជា-វៀតណាម នៅតាមបណ្ដោយដងទន្លេសាប។


ការស្នើឡើងនេះ ធ្វើឡើងក្នុងឱកាស ដែលគណៈប្រតិភូនៃក្រសួងការពារជាតិវៀតណាម ដឹកនាំដោយលោក ជិន គ័ងថាញ់ អនុប្រធាននាយកដ្ឋានគោលនយោបាយនៃក្រសួងការពារជាតិវៀតណាម បានបំពេញទស្សនកិច្ចនិងពិនិត្យស្ដូបមិត្តភាពកម្ពុជា-វៀតណាម នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែសីហា។

ទូរទស្សន៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងនាថ្ងៃទី១៤ ខែសីហា ថា គណៈប្រតិភូវៀតណាម ត្រូវបានទទួលស្វាគមន៍ដោយលោក ញឹម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាអនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។


លោក ស៊ុន សុវណ្ណារិទ្ធ បានថ្លែងថា ស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅខេត្តកំពង់ឆ្នាំងបានសាងសង់ជាយូរណាស់មកហើយ ដើម្បីបង្ហាញអំពីចំណងមិត្តភាពដ៏រឹងមាំរបស់ប្រជាជនកម្ពុជា និងប្រជាជនវៀតណាម ដែលមានតាំងពីយូរណាស់មកហើយ។ បច្ចុប្បន្ន ស្ដូបមិត្តភាពកម្ពុជា-វៀតណាម នៅតែជានិមិត្តរូប ដែលមិនអាចបាត់បង់បាននោះឡើយ។

លោកថ្លែងថា៖ «កាលដើមឡើយស្ដូបមិត្តភាពកម្ពុជា-វៀតណាមមានលក្ខណៈតូច ប៉ុន្តែដោយសារមានទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាម បានរៀបចំសាងសង់មានលក្ខណៈធំទូលាយជាងមុន ប៉ុន្តែនាពេលនេះ មានសភាពចាស់ ដែលទាមទារធ្វើការជួសជុលកែលម្អឡើងវិញ ដើម្បីឱ្យទីតាំងស្ដូបមិត្តភាពកម្ពុជា-វៀតណាម កាន់តែស្រស់ស្អាត»។


ទូរទស្សន៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ «ក្នុងដំណើរទស្សនកិច្ចនេះរដ្ឋបាលខេត្តកំពង់ឆ្នាំង បានស្នើនូវកិច្ចសហការគ្នាបន្តទៀត ដោយបានស្នើសុំធ្វើការជួសជុលកែលម្អដូចជារៀបចំប្រព័ន្ធភ្លើងរៀបចំការ៉ូឡាបច្ចុប្បន្នដាក់ថ្មម៉ាបវិញនិងបានស្នើកសាងសួនច្បារមិត្តភាពកម្ពុជា-វៀតណាម នៅតាមបណ្ដោយដងទន្លេសាប»។

លោក ជីង គ័ងថាញ់ បានសម្តែងការស្វាគមន៍ ចំពោះកិច្ចស្វាគមន៍ពីសំណាក់ប្រតិភូខេត្តកំពង់ឆ្នាំង ដោយលោកថ្លែងថា៖«ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមករណសិរ្សមាតុភូមិវៀតណាម និងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា តែងតែរក្សាបាននូវទំនាក់ទំនង និងសហប្រតិបត្តិការជាមិត្តភាពជាប្រពៃណីល្អប្រសើររវាងភាគីទាំង២»។

លោកថ្លែងថាលោកនឹងទទួលយកសំណើរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង យកទៅធ្វើការពិភាក្សាគ្នាបន្តទៀតដើម្បីពិនិត្យសម្រេចផ្តល់ជូនដល់ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការរៀបចំនូវសោភណភាព និងការអភិវឌ្ឍតាមមាត់ទន្លេដើម្បីបង្ហាញអំពីចំណងស្មាដៃនៃមិត្តកម្ពុជា-វៀតណាម បន្តទៀត។

កាលពីឆ្នាំ២០២២ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានធ្វើជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនូវស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានចារឹកនូវអត្ថន័យនៃសច្ចភាពជាប្រវត្តិសាស្ត្រលើស្តូបមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ស្តូបមិត្តភាពកម្ពុជា-វៀតណាម “តូវបានសាងសង់ឡើងដើម្បីជាសក្ខីភាពនៃការដឹងគុណ និងការចងចាំ ចំពោះពលិកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួម និងឯកភាពទឹកដីវៀតណាម ក្នុងអំឡុងទសវត្សរ៍៦០-៧០ និងជាសក្ខីភាពនៃការដឹងគុណ និងការចងចាំចំពោះពលិកម្មរបស់កងទ័ព និងប្រជាជនវៀតណាម ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ នៅទសវត្សរ៍៧០-៨០”។

កាលឆ្នាំ២០២០ ស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅក្នុងខេត្តកំពង់ចាម ដែលស្ថិតនៅសួនច្បារតាមដង ទន្លេមេគង្គ ជិតគល់ស្ពានគីហ្សូណា ក្នុងក្រុងកំពង់ចាម ត្រូវបានសម្ពោធជាផ្លូវការក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមានការចូលរួមពី លោក ង្វៀន ថាញ់ចិញ ប្រធានអនុព័ន្ធយោធាវៀតណាម ប្រចាំកម្ពុជា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីខេត្ត ក្រុង កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋផងដែរ៕