ភ្នំពេញៈ ​អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បាន​ជូនដំណឹង​ពី​ការកែសម្រួល​អត្រា​អាករ​ពិសេស​ លើ​ផលិតផល​ភេសជ្ជៈ គ្មាន​ជាតិ​សុរា​ដែលជា​ផលិតផល​ក្នុងស្រុក ដោយ​ក្នុងនោះ​សម្រាប់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ​ អាករ​ពិសេស ១៥​ ភាគរយ ចំណែក​ភេសជ្ជៈ ​គ្មាន​ជាតិ​សុរា​ផ្សេង​មួយចំនួន ​៥​ ភាគរយ​។​

​តាមរយៈ​សេចក្តីជូនដំណឹង ដែល​ចុះហត្ថលេខា នៅ​ថ្ងៃទី​១៥ ​ខែសីហា ដោយ​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល បានឱ្យដឹងថា​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២៣ តទៅ អត្រា​អាករ​ពិសេស​ លើ​ភេសជ្ជៈ​ គ្មាន​ជាតិ​សុរា​ដែល​ផលិត និង​ផ្គត់ផ្គង់​ក្នុងស្រុក ត្រូវបាន​កែសម្រួល និង​កំណត់​ដូចខាងក្រោម​នេះ​។​


​សេចក្តីជូនដំណឹង​នេះ​បាន​បញ្ជាក់ថា​៖ «​ការកែសម្រួល​ទាំងនោះ​រួមមាន​ទី​១ អាករ​ពិសេស​ ១៥​ ភាគរយ លើ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ ​និង​ទី​២ អាករ​ពិសេស ​៥ ភាគរយ លើ​ភេសជ្ជៈ​ គ្មាន​ជាតិ​សុរា​មួយចំនួន ដែលមាន​ដូចជា ភេសជ្ជៈ​បន្ថែម​ជាតិ​ទឹកដោះគោ​ដែល​ឆ្លងកាត់​កំដៅ​អ៊ុ​ល​ត្រា​ខ្ពស់ ទឹក​សណ្ដែក​ភេសជ្ជៈ​មាន​មូលដ្ឋាន​ពី​ទឹកដូង​ភេសជ្ជៈ​មាន​មូលដ្ឋាន​ពី​កាហ្វេ ឬ​ភេសជ្ជៈ​ដែល​បន្ថែម​រសជាតិ​កា​ហ្វ និង​ភេសជ្ជៈ​គ្មាន​ឧស្ម័ន​សម្រាប់​ពិសា​ភ្លាមៗ​ដោយ​ពុំ​ចាំបាច់​ពង្រា​វ​»​។​

​លោក​បន្តថា ចំណែក​អាករ​ពិសេស ១០​ ភាគរយ លើ​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​ក្រៅពី​ភេសជ្ជៈ​ដែល​បានកំណត់​ក្នុង​ចំណុច​ទាំង​២​នេះ​។​


​ដោយឡែក មូលដ្ឋាន​គិត​អាករ​ពិសេស​ត្រូវអនុវត្ត​ស្របតាម​ខ្លឹមសារ​ប្រកា​សលេខ​០១២ ចុះ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ ​ស្តីពី​ការកែសម្រួល​ការកំណត់​មូលដ្ឋាន​គិត​អាករ​ពិសេស​ លើ​មុខទំនិញ​មួយចំនួន​ ដែល​ផលិត​ក្នុងស្រុក ដូចដែល​បាននិងកំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ន​។​

​តាមរយៈ​សេចក្តីជូនដំណឹង​នេះ បាន​បន្តថា មូលដ្ឋាន​គិត​អាករ​ពិសេស​ លើ​មុខទំនិញ​មួយចំនួន​ ដែល​ផលិត​ក្នុងស្រុក ដូចជា ស្រា​បៀរ ស្រា បារី និង​បារី​ស៊ី​ហ្គា​គ្រប់​ប្រភេទ ភេសជ្ជៈ​គ្មាន​ជាតិ​សុរា និង​មុខទំនិញ​ជាប់​អាករ​ពិសេស​ដទៃទៀត ត្រូវ​កំណត់​ស្មើនឹង ៩០​ ភាគរយ នៃ​តម្លៃ​ផ្គត់ផ្គង់ ដែល​បាន​កត់ត្រា ក្នុង​វិក្កយបត្រ ឱ្យទៅ​អតិថិជន ដោយ​មិន​រួមបញ្ចូល​អាករ​លើ​តម្លៃបន្ថែម អាករ​សម្រាប់​បំភ្លឺ​សាធារណៈ និង​អាករ​ពិសេស​ខ្លួនឯង​។​

​លោក មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ថ្លែងថា ការយកពន្ធ​ឬ​កែសម្រួល​ពន្ធ​ទៅលើ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ឬ​ភេសជ្ជៈ​ជាតិ​ស្ករ​ដទៃទៀត ជាការ​ល្អ ព្រោះ​វា​នឹង​រួមចំណែក​កាត់បន្ថយ​ជំងឺមិនឆ្លង​ដែល​កម្ពុជា ក៏ដូចជា​ប្រទេស​ផ្សេងៗ​កំពុង​ព្រួយបារម្ភ​។

​លោក​បាន​ប្រាប់​ឱ្យដឹងថា​៖«​ជំងឺមិនឆ្លង​បង្កដោយ​កត្តា​ហានិភ័យ ៤​ គឺថ្នាំជក់ គ្រឿង​ស្រវឹង កង្វះ​កាយ​វប្បកម្ម និង​របប​អាហារ​។ អ៊ីចឹង​ហើយ​បានជា​យើង​យល់ថា​ការកែសម្រួល​ពន្ធ ឬ​ដំឡើង​ពន្ធ​លើ​ភេសជ្ជៈ​ផ្អែម​ គឺ​បានរួម​ចំណែក​នៅក្នុង​កា​រ​កាត់បន្ថយ​នៃ​ការកើត​ជំងឺមិនឆ្លង​នានា​»​។

​លោក មុំ គង់ បានឱ្យដឹង​ទៀតថា ជំងឺមិនឆ្លង​ដែល​កំពុង​ជួប​បញ្ហា​នាពេល​បច្ចុប្បន្ននេះ​គឺ​ទឹកនោមផ្អែម លើសឈាម ដាច់​សរសៃឈាម​ខួរក្បាល បេះដូង និង​ជំងឺ​ត្បៀត​ទងសួត ​រ៉ាំរ៉ៃ​ ដែល​ជំងឺ​ទាំងនេះ ​បានសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើនណាស់​ក្នុង ១ ​ឆ្នាំៗ​។​

​លោក​ថា​៖«​បើ​និយាយ​ពី​អ្នកស្លាប់​ដោយសារ​ជំងឺឆ្លង​នោះ​មានតែ ២៧​ភាគរយ ប៉ុន្តែ​អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺមិនឆ្លង ធ្វើឱ្យមាន​អ្នកស្លាប់​រហូតដល់​ ៧៣​ ភាគរយ​នៃ​អ្នកស្លាប់​ទាំងអស់​»​។​

​លោក មុំ គង់ ដែល​ធ្វើការ​ពាក់ព័ន្ធ​សុខភាព​ប្រជាជន ថ្លែង​ដោយ​ដោយ​ចង់ឱ្យ រដ្ឋាភិបាល​ដំឡើង​ពន្ធ​ទៅលើ​ផលិតផល​ថ្នាំជក់ ក៏ដូចជា​គ្រឿង​ស្រវឹង​ដែរ​ពីព្រោះ​ផលិតផល​ទាំងនេះ ​គឺជា​កត្តា​ហានិភ័យ​ចម្បង ​ដែល​បច្ចុប្បន្ន​ មិនទាន់​ឃើញ​មានការ​ដំឡើង​ពន្ធ​ក្នុង​រយៈពេល ៨ ​ឆ្នាំ​ មកហើយ លើ​ផលិតផល​ថ្នាំជក់​។​

​លោក​បាន​បញ្ជាក់ថា​៖«​ការដំឡើង​ពន្ធ​ថ្នាំជក់​នេះ ​ក៏​ជាការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​ផងដែរ ពីព្រោះ​តាមរយៈ​ការស្រាវជ្រាវ​របស់​ក្រសួងផែនការ សហការ​ជាមួយ​ក្រសួងសុខាភិបាល​នៅ​ឆ្នាំ​២០២១ មាន​ពលរដ្ឋ ៩៤​ ភាគរយ ដែល​សំណូមពរ​ឱ្យមាន​ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ ដើម្បី​កាត់បន្ថយ​អ្នក​ដែល​ស្លាប់ ឬ​ឈឺ ព្រមទាំង​ធ្វើឱ្យ​រដ្ឋាភិបាល​បាន​ចំណូល​ប្រាក់​ពន្ធ​បន្ថែម​សម្រាប់​អភិវឌ្ឍ​ជាតិ​ផង​»​។​

​សូម​រំឭកថា ពាក់ព័ន្ធ​អត្រា​អាករ​ពិសេស​លើ​ទំនិញ​ផលិតផល​គ្រឿង​ស្រវឹង និង​ថ្នាំជក់ ដែល​ផលិត​និង​ផ្គត់ផ្គង់​នៅក្នុង​ស្រុក នាពេល​បច្ចុប្បន្ននេះ​រួមមាន​ពន្ធ​៣០​ភាគរយ លើ​មុខទំនិញ​ស្រា​បៀរ​គ្រប់​ប្រភេទ​,៣៥ ភាគរយ លើ​មុខទំនិញ សុរា (​ស្រា​) និង​២០ ភាគរយ លើ​មុខទំនិញ​បារី​គ្រប់​ប្រភេទ​។​

​ដោយឡែក កាលពី​ថ្ងៃទី​១៥ ខែសីហា ​អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​បន្ត​ចុះ​ពិនិត្យ និង​សិក្សា​ទីតាំង ដើម្បី​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​ទីតាំង​ ដែល​បំពាក់​ឧបករណ៍ វាស់​ចំណុះ​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា នៅ​រោងចក្រ​ផលិត​ស្រា​បៀរ ភេសជ្ជៈ របស់​ក្រុមហ៊ុនស្រា​បៀរ កម្ពុជា ខេ​ម​ប្រ៊ូ​វ ដែលមាន​ទីតាំងនៅ​ខេត្ត​ព្រះសីហនុ​។

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បញ្ជាក់ថា​៖«​ការបំពាក់​កាមេរ៉ា​សុវត្ថិភាព​នេះ ក្នុង​គោលបំណង​ពង្រឹង​ប្រសិទ្ធភាព ធានាបាន​នូវ​ការប្រកួតប្រជែង​ដោយ​តម្លាភាព​តាមរយៈ​ការអនុវត្ត​កាតព្វកិច្ច​ដាក់​ឧបករណ៍​វាស់​ចំណុះ​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា សំដៅ​ដល់​ការប្រមូល​ចំណូល​ពន្ធដារ​កើនឡើង​ប្រកបដោយ​ចីរភាព​»៕