ភ្នំពេញៈ ​មន្ត្រី​ក្រសួងសុខាភិបាលបាន​អះអាងថា ការតាក់តែង​គោលនយោបាយ​ជាតិ​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ បាន​ឈានដល់​ដំណាក់កាល​ចុងក្រោយ ដែល​គ្រោង​នឹង​បញ្ជូនទៅ​គណៈរដ្ឋមន្ត្រី​ក្នុងពេល​ឆាប់ៗ ខណៈ​និន្នាការ​ជុំវិញ​សុវត្ថិភាព​ម្ហូបអាហារ កំពុង​ត្រូវបាន​យកចិត្តទុកដាក់​។​


​លោក អាំង ហុក​ស្រ៊ុន ប្រធានការិយាល័យ​សុវត្ថិភាព​ចំណីអាហារ នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ និង​គ្រឿងសំអាង​ក្រសួងសុខាភិបាល បានឱ្យដឹងថា ការតាក់តែង​គោលនយោបាយ​ជាតិ​ស្តី​សុវត្ថិភាព​ម្ហូបអាហារ បាន​ឈានដល់​ដំណាក់កាល​បញ្ចប់​ហើយ បន្ទាប់ពី​បាន​តាក់តែង​ជា​លើកដំបូង​តាំងពី​ឆ្នាំ​២០១៨​។

​លោក បាន​បញ្ជាក់ថា​៖«​មកដល់ពេលនេះ គោលនយោបាយ​ជាតិ​នេះ គឺ​បាន​ឈានដល់​ដំណាក់កាល​ចុងក្រោយ​ហើយ​។ នៅពេលនេះ យើង​នៅតែ​រៀបចំ​សម្អាត​ពាក្យពេចន៍​មួយចំនួន ហើយ​យើង​នឹង​ស្នើ​ទៅ​គណៈរដ្ឋមន្ត្រី​ក្នុងពេល​ឆាប់ៗ ដើម្បី​ដាក់​ប្រជុំ​សម្រេច​អនុម័ត​តែម្តង​។ ក្រសួង​បាន​ព្រាង​គោលនយោបាយ​សុវត្ថិភាព​ម្ហូបអាហារ​នេះ និង​បាន​ឆ្លងកាត់​កិច្ចប្រជុំ​ជាច្រើន​ដង​ក្នុង​កម្រិត​បច្ចេកទេស និង​អន្តរក្រសួង​»​។


​ស្ថិតក្នុង​បរិបទ​នេះ​លោក អាំង ហុក​ស្រ៊ុន បាន​និយាយថា រឿង​សុវត្ថិភាព​ម្ហូបអាហារ គឺជា​បញ្ហា​ដែល​ត្រូវការ​ការយកចិត្តទុកដាក់ ហើយ​កម្ពុជា ត្រូវតែមាន​គោលនយោបាយ​ជាតិ​១​ច្បាស់លាស់ ដែល​បង្ហាញ​ពី​សមាសភាព​សំខាន់ៗ ដើម្បី​រួមគ្នា​ដោះស្រាយ និង​អនុវត្ត​។​

​ក្នុង​គោលនយោបាយ​ជាតិ​នេះដែរ ក៏មាន​ការចែង​បទ​ប្បញ្ញត្តិ​អំពី​អ្នកប្រើប្រាស់ ដែលមាន​តួនាទី​សំខាន់​ក្នុងការ​តាមដាន នៅពេល​ពួកគាត់​មើលឃើញ​មាន​ចំណុច​ខុសឆ្គង​ណាមួយ​ដែល​បាន​កើតឡើង​នៅក្នុង​សង្គម​ពាក់ព័ន្ធ​បញ្ហា​ម្ហូបអាហារ ខណៈ គោលនយោបាយ​ជាតិ​ថ្មី ក៏មាន​ចែង​អំពី​ការចូលរួម​សមត្ថកិច្ច​រួមគ្នា​របស់​ក្រសួង​ទាំង​៦ លម្អិត​ផងដែរ​។​


​លោក បាន​បញ្ជាក់ថា​៖«​យើង​ផ្តោតទៅលើ​តួអង្គ​សំខាន់ៗ ដែលមាន​កិច្ចសហការ​គ្នា​រវាង​រាជរដ្ឋាភិបាល ជាមួយ​វិស័យ​ឯកជន និង​អ្នកប្រើប្រាស់​។ រាជរដ្ឋាភិបាល គឺ​ស្ថាប័ន​រៀបចំតាក់តែង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ហើយ​វិស័យ​ឯកជន គឺ​ឧស្សាហកម្ម​ដែល​ត្រូវ​ចូលរួម​គោរព​ទៅតាម​បទ​ប្បញ្ញត្តិ​ទាំងឡាយ​នោះ ខណៈ​អ្នកប្រើប្រាស់ គឺមាន​តួនាទី​សំខាន់ ក្នុងការ​ក្រឡេក​មើលថា តើ​វិស័យ​ឯកជន បាន​ដើរតួនាទី​តាម​គោលនយោបាយ​ជាតិ និង​បទ​ប្បញ្ញត្តិ​ច្បាប់​ត្រឹមត្រូវ​ដែរឬទេ​?»​។​

​លោក បាន​បញ្ជាក់ថា​៖«​ក្រសួង​ទាំង​៦ ត្រូវតែ​សហការគ្នា ហើយ​អ្វីៗ​ត្រូវតែមាន​ភ័ស្តុតាង​វិទ្យាសាស្ត្រ​អនុវត្ត​ក្នុងករណីនេះ​ឱ្យបាន​ច្បាស់លាស់​។ មួយទៀត​គោលនយោបាយ​នេះ ក៏បាន​ពង្រីក​ទំនាក់ទំនង​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​គ្នា ដែល​មានន័យថា រាល់​លទ្ធផល​ដែល​យើង​ធ្វើបាន​ពាក់ព័ន្ធ​នឹង​ក្រសួង​១​ទៅ​ក្រសួង​១ ឬ​ពី​ផ្នែក​១​ទៅ​ផ្នែក​១ គឺ​ត្រូវតែមាន​ការចែករំលែក​គ្នា​»​។​

​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​ក្នុងការ​គ្រប់គ្រង​សុវត្ថិភាព​ម្ហូបអាហារ​ជា​លើកដំបូង​កាលពី​ឆ្នាំ​២០១០ ដោយ​ក្នុងនោះ​មាន​អន្តរក្រសួង​ចំនួន​៦ ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​រួមគ្នា​អនុវត្ត និង​ធានា​អំពី​សុវត្ថិភាព​ម្ហូបអាហារ​នៅ​កម្ពុជា​។​

​តាម​សេចក្តីប្រកាស​រួម​ស្តីពី​ទិវា​សុវត្ថិភាព​ម្ហូបអាហារ​ពិភពលោក​២០២៣ បានឱ្យដឹងថា ជំងឺ​បណ្តាលមកពី​ម្ហូបអាហារ​នៅតែ​ជា​បញ្ហា​ប្រឈម​សុខភាព​សាធារណៈ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។ នៅ​ចន្លោះ​ឆ្នាំ ២០១០-២០១៥ ជាង​ពាក់កណ្តាល​នៃ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​ដែល​បាន​រាយការណ៍​គឺ​បណ្តាលមកពី​ការពុល​អាហារ​ឬ​រោគ​រាករូស​។ លើសពីនេះទៅទៀត នៅ​ចន្លោះ​ឆ្នាំ ២០១៤-២០១៩ ការផ្ទុះ​ជំងឺឆ្លង​បង្កដោយ​ម្ហូបអាហារ​ចំនួន ១៣៤ ករណី​ត្រូវបាន​រកឃើញថា កើតឡើង​ដោយសារ​កង្វះ​ការប្រតិបត្តិ​អនាម័យ​ខ្ជាប់ខ្ជួន​ពិសេស​អំឡុងពេល​រៀបចំ​ទុកដាក់​អាហារ ការគ្រប់គ្រង​កម្រិត​សីតុណ្ហភាព​ម្ហូបអាហារ​មិនបាន​ត្រឹមត្រូវ ការឆ្លង​រាលដាល​ពី ១ ទៅ ១ និង​ការប្រើប្រាស់​គ្រឿងផ្សំ​ម្ហូបអាហារ និង​ប្រភពទឹក​មិន​ស្អាត​។​

​លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប នៃ​ក្រសួងពាណិជ្ជកម្ម បាន​និយាយថា បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ គឺមាន​ភាព​ប្រទាក់ក្រឡា​គ្នា​ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ដោះស្រាយ​។ យ៉ាងណា​ក្នុងនាម​ក្រសួងពាណិជ្ជកម្ម​ដែលជា​ប្រធាន​គណៈកម្មាធិការ​កូ​ដិ​ច​ជាតិ និង​ជា​ស្ថាប័ន​មួយ​ដែល​ផ្ដល់​អាណត្តិ​ដោយ​ច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ នឹងចូលរួម​ដឹកនាំ​សម្របសម្រួល​ការគ្រប់គ្រង គុណភាព សុវត្ថិភាព​ផលិតផល ទំនិញ និង​សេវា បានឱ្យ​បាន​ប្រសើរ​បន្ថែមទៀត​។​

​លោក បាន​បញ្ជាក់ថា​៖«​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​នៅពេលនេះ​មាន​ភាពល្អប្រសើរ​ជាង​មុន ជាពិសេស​ពី​បណ្តាល​ពាណិជ្ជករ និង​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ដែរ​។ យើង​ត្រូវ​ផ្តើមចេញពី​អាជ្ញាធរ​ដែនដី អ្នកប្រើប្រាស់ ពាណិជ្ជករ សាធារណជន ឱ្យមាន​ការយល់ដឹង​ពី​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ និង​ការដាំដុះ​ដោយមាន​អនាម័យ ការផលិត​ឱ្យមាន​អនាម័យ ការ​រក្សាទុក​ឱ្យមាន​អនាម័យ និង​អ្នក​បរិភោគ​ផងដែរ ដែល​ត្រូវ​គិតពី​អនាម័យ​»​។​

​ដូចនេះ​លោក ផាន អូន យល់ថា ដើម្បី​ធានា​ឱ្យបាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​ក្នុងការ​អនុវត្ត​ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ គឺ​ទាមទារ​ការបង្កើតឱ្យមាន​យន្តការ​សហការ​ប្រកប​ដោយ​ភាព​ប្រទាក់ក្រឡា​គ្នា​លើ​ការ​ផ្តល់ព័ត៌មាន​ទៅវិញទៅមក​អំពី​ហានិភ័យ​នៅក្នុង​ខ្សែចង្វាក់​ម្ហូបអាហារ​រវាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា​។ លោក ជឿជាក់ថា គោលនយោបាយ​ជាតិ​ថ្មី​នេះ​នឹង​ផ្តល់​សមត្ថកិច្ច​បន្ថែម​ក្នុងការ​ចូលរួមចំណែក​ឱ្យបាន​សកម្ម​ថែមទៀត​នៅក្នុង​សកម្មភាព​អភិវឌ្ឍន៍​ស្តង់ដា​ម្ហូបអាហារ​នៅ​កម្ពុជា​៕