ភ្នំពេញៈ ​ក្រសួងបរិស្ថាន ​បានប្រគល់​ទីលាន​ទុកដាក់ ​សំរាម​សំណល់​រឹង តម្លៃ​ជាង ​១ ​លាន​ដុល្លារ ជូន​រដ្ឋបាល​ខេត្តស្វាយរៀង ​សម្រាប់​គ្រប់គ្រង និង​ចាត់ចែង​បន្ត ខណៈ​ក្រសួង​ដែល​ធ្វើការ​លើ​បរិស្ថាន ក៏បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​ពិធី​ផ្សព្វផ្សាយ និង​ដាំ​កូនឈើ​នៅក្នុង​បរិវេណ​ទីលាន​ចាក់សំរាម​នៅឯ​ខេត្តកណ្តាល​ផងដែរ​។​


​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​លោក សៅ សុភាព នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ប្រគល់​-​ទទួល​ទីលាន​ទុកដាក់​សំរាម​សំណល់​រឹង នៅ​ក្រុង​ស្វាយរៀង ដែល​ទីលាន​នេះ​ ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង ១ ​លាន​ដុល្លារ នៅលើ​ផ្ទៃដី​ជាង​ ៤ ​ហិកតា ព្រមទាំង​បានប្រគល់​រថយន្ត ម៉ូតូ​រ៉ឺម៉ក ​សម្រាប់​ដឹក​សំរាម​ដល់​រដ្ឋបាលខេត្ត​រៀង​ផងដែរ​។​

​នា​ពិធី​នោះ​លោក សៅ សុភាព បាន​គូសបញ្ជាក់ថា​ជុំវិញ​បញ្ហា​បរិស្ថាន​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងបរិស្ថាន បាន​យកចិត្តទុកដាក់ និង​បាន​ដាក់ចេញ​ឱ្យ​អនុវត្ត​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​នូវ​គោលនយោបាយ​គ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន ដើម្បី​ពង្រឹង និង​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​សំរាម​នៅ​ទីប្រជុំជន​ឱ្យមាន​ប្រសិទ្ធភាព​។ ជាមួយគ្នានេះ​លោក​ក៏បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ដោយ​មិនត្រូវ​ដុតចោល ឬ​បោះចោល​សំរាម​ផ្តេសផ្តាស​ចៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ផង និង​បរិស្ថាន​ផង​។


លោក​បញ្ជាក់ថា​៖«​ពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​ចូលរួម​លើកកម្ពស់​សុខុមាលភាព អនាម័យ សោភណភាព​ទីក្រុង ទីប្រជុំជន បរិស្ថាន​ស្អាត និង​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ឱ្យបាន​ត្រឹមត្រូវ​»​។​

​សម្រាប់​លោក សេង សិលា អភិបាលរង​ខេត្តស្វាយរៀង បាន​ថ្លែងថា ការបង្កើតឱ្យមាន​ទីលាន​ទុកដាក់​សំរាម​ត្រឹមត្រូវ នឹង​រួមចំណែក​ជួយ​ឱ្យ​មូលដ្ឋាន​ខេត្ត​មាន​សោភណភាព និង​បរិស្ថាន​ល្អ ថែមទាំង​អាច​កាត់បន្ថយ​ការ​ចោល​សំរាម​ពាសវាល​ពាសកាល ខណៈ​លោក​ក៏​សំណូមពរ​ដល់​ពលរដ្ឋ​ត្រូវ​ចូលរួម​ទាំងអស់គ្នា​។


លោក​ថា​៖«​ដើម្បីឱ្យ​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់គ្នា​ជាមួយ​អាជ្ញាធរ និង​ក្រុមហ៊ុន​ប្រមូល​សំរាម ក្នុង​ការផ្ដល់សេវា​ដល់​ក្រុមហ៊ុន ដើម្បី​មានលទ្ធភាព​ក្នុងការ​ប្រមូល​សំរាម​ផងដែរ​។ ហើយ​ទីលាន​នេះ​ក៏បាន​បង្កើត​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​មួយចំនួនទៀត ព្រោះ​ត្រូវការ​បុគ្គលិក ញែក​សំរាម​ប្រមូល​បញ្ចូល​ទៅ​ដាក់​រណ្តៅ​សំរាម​ថែមទៀត​។ ដូច្នេះ មិន​ត្រឹមតែ​ជួយ​អនាម័យ បរិស្ថាន​ក្រុង​បាន​ស្អាត​ទេ ថែមទាំង​ជួយផ្តល់​ការងារ​ដល់​ពលរដ្ឋ​បន្ថែមទៀត​ដែរ​»​។​

​ពាក់ព័ន្ធ​កិច្ចការងារ​នេះ​កាលពី​ថ្ងៃទី​១៦ ខែសីហា ក្រសួងបរិស្ថាន សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ពិធី​ផ្សព្វផ្សាយ និង​ដាំ​កូនឈើ​នៅ​ទីតាំង «​គម្រោង​អភិវឌ្ឍន៍​ទីលាន​ទុកដាក់​សំរាម សំណល់​រឹង ចុងក្រោយ​កម្រិត​តំបន់​ប្រកបដោយ​អនាម័យ សម្រាប់​រាជធានី​ភ្នំពេញ​»​ដើម្បី​ជំរុញឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុង​ការដាំ​កូនឈើ និង​អ្នកពាក់ព័ន្ធ​រួមសហការ​កែលម្អ​សោភណភាព និង​បរិស្ថាន​ទីក្រុង​ឱ្យបាន​ស្អាត​។​

​ពិធី​ផ្សព្វផ្សាយ និង​ដាំ​កូនឈើ ត្រូវបាន​រៀបចំឡើង​ក្រោម​អធិបតីភាព​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​ទីតាំង គម្រោង​អភិវឌ្ឍន៍​ទីលាន​ទុកដាក់​សំរាម សំណល់​រឹង ខាងលើ​ដែល​ស្ថិតនៅ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ទួល​ព្រេច ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ទី​១៦ ខែសីហា ឆ្នាំ​២០២៣ ។ ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងកសិកម្ម អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ជាច្រើន​នាក់​ផងដែរ។​

​បើតាម​របាយការណ៍រ​បស់​ក្រសួងបរិស្ថាន​បានឱ្យដឹងថា ពាក់ព័ន្ធ​ហេ​ដ្ឋ​ច​នា​សម្ព័ន្ធ​នៃ​គម្រោង​ រួមមាន​អគារ​សម្រាប់​ប្រតិបត្តិការ អគារ​បុគ្គលិក អគារ​រោង​ជាង ឃ្លាំង ចំណត​មធ្យោបាយ​ ស្ថានីយ​ថ្លឹង ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ប្រព័ន្ធ​ទឹកភ្លៀង និង​អគារ​កំ​ប៉ុ​ស​អគារ​សម្រាប់​ញែក​សំណល់​ ប្រព័ន្ធ​ប្រមូល និង​ប្រព្រឹត្តិកម្ម​ទឹក​សម្អុយ​ ប្រ​ព័​ន្ឋ​ប្រមូល​ឧស្ម័ន​ទីលាន​ តំបន់ទ្រនាប់​ដែលមាន​ការដាំ​ដើមឈើ ​(​គគីរ ឈើទាល អាកាស្យា​) និង​ដី​បម្រុង​ទុក​សម្រាប់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្សេងទៀត​។​ ចំណែក​រណ្តៅ​ចាក់​សំណល់​វិញ ការសាងសង់​ចែកជា​៥​ដំណាក់កាល ដោយ​ក្នុង​មួយ​ដំណាក់កាល​មាន​ពី ​៣-៤ ​រណ្ដៅ (​ជម្រៅ​ពី ​៣-៥​ ម៉ែត្រ​) ដែល​គ្រោង​ប្រើប្រាស់​បាន​រយៈពេល​សរុប ២០​ឆ្នាំ​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ​បានអនុញ្ញាត ​ឱ្យ​សាងសង់​ទីលាន​ទុកដាក់​សំរាម សំណល់​រឹង​ខ្នាត​តំបន់​មួយ ស្ថានីយ​ស្តារ និង​ផ្សព្វផ្សាយ​ព្រៃឈើ​ទួល​ព្រេច ដែល​បម្រើឱ្យ​ការគ្រប់គ្រង​សំណល់ សំរាម របស់​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ក្រុង ស្រុក មួយចំនួន នៃ​ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្ដាល​។

​ជាមួយគ្នានេះ ទីលាន​ដែលមាន​បទដ្ឋាន​បច្ចេក​ទេស​ត្រឹមត្រូវ បាន​សាងសង់​រួចហើយ​ដែរ នៅតាម​បណ្ដា​ខេត្ត ក្រុង មួយចំនួន ដូចជា ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្ត​កែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តស្វាយរៀង ។​ល​៕