ភ្នំពេញៈ អគ្គនាយករងនិងជាអ្នកនាំពាក្យបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) លោក ហេង សុផាន់ណារិទ្ធ សង្ឃឹមថា ការដាក់ឱ្យប្រើប្រាស់សាកល្បងនូវ ប័ណ្ណ ប.ស.ស សម្រាប់បុគ្គលស្វ័យនិយោជន៍ នឹងទទួលបានជោគជ័យ ដែលនឹងរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តន៍គោលនយោបាយគាំពារសង្គមកម្ពុជាផងដែរ។
លោកហេង សុផាន់ណារិទ្ធ បានថ្លែងថា កម្ពុជា ជាប្រទេសដំបូងគេហើយ ដែលមានរបបសន្តិសុខសង្គមផ្នែកស្វ័យនិយោជន៍។ ក្នុងដំណើរការដាក់ឱ្យប្រើប្រាស់សាកល្បងនូវ ប័ណ្ណ ប.ស.ស សម្រាប់បុគ្គលស្វ័យនិយោជន៍នេះ គិតចាប់ពីខែមេសា រហូតត្រឹមថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣ បុគ្គលស្វ័យនិយោជន៍នៅទូទាំងប្រទេស ដែលបានស្នើសុំធ្វើប័ណ្ណ ប.ស.ស តាមរយៈរបបភាគទានស្ម័គ្រចិត្តមានចំនួនជាង ២៤ ០០០ នាក់។ ក្នុងនោះស្ត្រីចំនួនជាង ១៤ ០០០ នាក់។ អាជីវករ មានចំនួនច្រើនជាងគេ គឺជាង ១៣ ០០០ នាក់ អ្នករត់កង់បី ចំនួនជាង ៣ ពាន់នាក់ ជាងសំណង់ ចំនួនជាង ១ ៥០០ នាក់ និងផ្សេងៗទៀត។ នេះបើយោងតាមក្រសួងព័ត៌មាននាថ្ងៃទី ១៧ ខែសីហានេះ។
លោកបានពន្យល់ថា ចំពោះរបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ សំដៅ ដល់ជនដែលប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សដែលផ្តល់ ដោយនិយោជក ឬរដ្ឋតាមកិច្ចសន្យាការងារ ហើយក៏មិនមានប្រើប្រាស់កម្មករ និយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបររបស់ខ្លួន។
លោកបានបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ គ្រាន់តែប៉ុន្មានខែចុងក្រោយឃើញថា ចំនួនឡើងដល់ ២ ម៉ឺនជាងនាក់ហើយ ហើយជារៀងរាល់ថ្ងៃជាមធ្យមចំនួនដែលចុះបញ្ជីប្រហែលជា ៥ ទៅ ៦ រយនាក់ ទូទាំងប្រទេសតែម្តង អ៊ីចឹងយើងឃើញថា គម្រោងនេះអាចនឹងជោគជ័យ»។ នេះបើយោងតាមក្រសួងព័ត៌មានដដៃលនេះ៕