ពោធិ៍សាត់ៈ «​ឯកសារ​បណ្តុះបណ្តាល​ស្តីពី​ភាពជា​អ្នកដឹកនាំ​សម្រាប់​សមភាព​យេនឌ័រ​ក្នុងការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​» ត្រូវបាន​ផ្សព្វផ្សាយ និង​ឆ្លុះបញ្ចាំង​តាមរយៈ​សិក្ខាសាលា​ផ្សព្វផ្សាយ​ចាប់ពី​ថ្ងៃទី ១៧-១៨ ខែសីហា ឆ្នាំ ២០២៣។​


សិក្ខាសាលា​នេះ ត្រូវបាន​ធ្វើឡើង នៅ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ក្រោម​ការដឹកនាំ​ដោយ លោកស្រី ព្រំ សុភី អនុរដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​យេនឌ័រ និង​កុមារ​នៃ​ក្រសួង​បរិស្ថាន លោកស្រី​ប្រធាន​អង្គការ​រីខូហ្វ​ប្រចាំ​នៅ​កម្ពុជា និង​មាន​សមាសភាព​ចូលរួម​ពី​ក្រុមការងារ​បច្ចេកទេស​យេនឌ័រ​និង​កុមារ ជន​បង្គោល​យេនឌ័រ​តាម​បណ្តា​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួង​សរុប​ប្រមាណ ៣៨ រូប។​

បើ​យោងតាម​ក្រសួងបរិស្ថាន គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ឆ្លុះបញ្ចាំង និង​ផ្សព្វផ្សាយ​បន្ថែម​ពី​គោល​គំនិត​យេនឌ័រ ភាពជា​អ្នកដឹកនាំ​ប្រកបដោយ​បរិយាប័ន្ន និង​ការប្រើប្រាស់​អំណាច កសាង និង​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្គោល និង​អ្នកពាក់ព័ន្ធ​ពី​របៀប​នៃការ​ប្រើប្រាស់​ឯកសារ​បណ្តុះ​បណ្តាល វិធីសាស្ត្រ​ដែល​បាន​ប្រើប្រាស់ និង​ខ្លឹមសារ​នៃ​មេរៀន​នីមួយៗ។​


ឯកសារ​បណ្តុះបណ្តាល​នេះ​ត្រូវបាន​រៀបចំ​ចងក្រង​ក្រោម​កិច្ចសហការ​រវាង​ក្រុមការងារ​បច្ចេកទេស​យេនឌ័រ​កុមារ និង​ក្រុម​ការងារ​អង្គការ​រីខូហ្វ ដើម្បី​ប្រើប្រាស់​ជា​សម្ភារ​ឧបទេស​សម្រាប់ការ​បណ្តុះបណ្តាល។

សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​ក៏​ត្រូវបាន​រៀបចំឡើង​ក្រោម​កិច្ចសហការ​គាំទ្រ​ពី​មូលនិធិ​ផា​កាដ តាមរយៈ​ការអនុវត្ត​គម្រោង «ភ្ជាប់​បណ្តាញ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​សម្រាប់​ការលើកកម្ពស់​ជីវភាព​សហគមន៍ និង​ការអភិរក្ស​ធនធាន​ធម្មជាតិ»៕