សៀមរាបៈ ក្រុម​អ្នកជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានកត់សម្គាល់​ឃើញថា មាន​ទីតាំង​មួយចំនួន​នៅ​ជុំវិញ​ខឿន​រួតទី ៣ របស់​ប្រាសាទ​បាយ័ន មាន​ល្បាយ​ដីខ្សាច់​ហូរ​ច្រោះ​ចេញ​តាម​ចន្លោះ​ជញ្ជាំង​ក្រោយពេល​មាន​ភ្លៀង ដែលវា​អាច​នឹង​បង្ក​ជា​ហានិភ័យ​ដល់​ប្រាសាទ​បុរាណ​មួយនេះ​បាន។


បើ​យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា ក្រុម​ស្ថាបត្យករ និង​វិស្វករ​កំពុងតែធ្វើការ​សិក្សា និង​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​ទប់ស្កាត់​ការហូរ​ច្រោះ​នៃ​ល្បាយ​ដីខ្សាច់ ព្រមទាំង​ធ្វើការ​ពង្រឹង​រចនាសម្ព័ន្ធ​ខឿន​ដែល​មាន​ហានិភ័យ​នោះ​ឡើងវិញ។

ស្ថាបត្យករ និង​ជា​ក្រុមការងារ​បច្ចេកទេស​ជួសជុល​ខឿន​រួតទី ៣ របស់​ប្រាសាទ​បាយ័ន កញ្ញា ម៉េង សុវណ្ណ​លីលីន មាន​ប្រសាសន៍ថា កាលពី​ចុងឆ្នាំ ២០២១ ក្រុមការងារ​ធ្លាប់បាន​សម្អាត​កំណកដី​នៅតាម​ប្រព័ន្ធ​បង្ហូរទឹក​ជុំវិញ​រួតទី ៣ ប្រាសាទ​បាយ័ន​ម្តង​រួចហើយ ប៉ុន្តែ​មួយឆ្នាំ​ក្រោយមក នៅ​ឃើញ​មាន​ល្បាយ​ដីខ្សាច់​នៅតែ​បន្ត​ហូរ​ច្រោះ​ចេញមក​តាម​ជញ្ជាំង​ខឿន​រួតទី ៣ នៃ​ប្រាសាទ​បាយ័ន​ដដែល ដែល​វាជា​មូលហេតុ​ចម្បង​នាំឱ្យមាន​ការពង្រឹង​ខឿន​ជ្រុង​និរតី​នៃ​រួតទី ៣ នេះ​ឡើងវិញ។​


កញ្ញា ម៉េង សុវណ្ណ​លី​លីន បន្តទៀតថា ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សិក្សា​ស្រាវជ្រាវ​ដើម្បី​រកឱ្យ​ឃើញ​ថា មូលហេតុ​អ្វីដែល​បណ្ដាល​ឱ្យ​ដីខ្សាច់​ហូរ​ច្រោះ​បែបនេះ?។ ក្នុងនោះ​មាន​មូលហេតុ​សំខាន់ៗ​មួយចំនួន ជាពិសេស​បញ្ហា​ឫស​ឈើ​កាលពី​អតីតកាល​បាន​ដុះ​ចាក់​ចូលទៅ​ក្នុង​រចនាសម្ព័ន្ធ​ធ្វើឱ្យ​ថ្ម​មួយចំនួន​រំកិល​ចេញពី​ទីតាំង​ដើម និង​បង្កើត​បានជា​ប្រហោង​នៅតាម​ចន្លោះ​ថ្ម រួមទាំង​បញ្ហា​ទឹកហូរ​ច្រោះ​ចូលទៅ​តាម​ប្រហោង​ថ្ម​ដែល​អាច​នាំល្បាយ​ដីខ្សាច់​ចេញ​មកក្រៅ​ជាដើម​។ល៕