​ភ្នំពេញៈ ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​សិង្ហ​បុរី កំពុង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន បន្ទាប់ពី​ប៉ូលិស​សិង្ហ​បុរី​អះអាងថា ក្នុងចំណោម​ជនសង្ស័យ​ ១០ ​នាក់ មាន​ ៣​ នាក់ ​មាន​សញ្ជាតិ​ខ្មែរ និង​ជនសង្ស័យ​ចំនួន​ ៧​ នាក់​ ផ្សេងទៀត​មាន​សញ្ជាតិ ស៊ី​ប តួ​ក​គី នី​វ៉ា​នូ​អា​ទូ និង​ចិន ត្រូវបាន​ចោទប្រកាន់ ពីបទ​លាងលុយកខ្វក់ និង​បទល្មើស​ប្រើប្រាស់​ឯកសារ​ក្លែងបន្លំ​។


​លោក​ អាន សុខ​ខឿន អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បញ្ជាក់​ថា ករណី​មាន​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ខ្មែរ ស្ថានទូត​នឹង​ផ្តល់ជំនួយ​ផ្នែក​កិច្ចការ​កុងស៊ុល​។​ប៉ូលិស​សិង្ហ​បុរី កាលពី​ថ្ងៃទី​ ១៦​ សីហា បានបញ្ជាក់​ពី​ការចាប់ខ្លួន​មនុស្ស​ចំនួន​ ១០​ នាក់​ ដែលមាន​អាយុ​ចន្លោះ​ពី ៣១ ឆ្នាំ ដល់ ៤៤ ​ឆ្នាំ ពីបទ​សង្ស័យថា ពួកគេ​ជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ក្លែង​បន្លំ និង​ការលាង​លុយកខ្វក់​។ ក្នុងនោះ​មាន​ជនសង្ស័យ​ ៣​ នាក់ ដែល​ប៉ូលិស​សិង្ហ​បុរី​អះអាងថា មាន​សញ្ជាតិ​ខ្មែរ​។

​លោក អាន សុខ​ខឿន បានឱ្យដឹង​នៅ​ថ្ងៃទី ​១៧ ខែសីហា​ថា​៖«​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​សិង្ហ​បុរី កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​។ ក្នុងករណី​មាន​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ខ្មែរ​ស្ថានទូត​នឹង​ផ្តល់ជំនួយ​ផ្នែក​កិច្ចការ​កុងស៊ុល​»​។​


​លោក ឆាយ គឹម​ខឿន អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ថ្លែងថា លោក​មិនទាន់​អាច​ផ្តល់ព័ត៌មាន​យ៉ាងណា​បាន​នៅឡើយ​ទេ ពីព្រោះ​ករណីនេះ​ពាក់​​ព័ន្ធ​នឹង​ការស្រាវជ្រាវ​ស៊ើបអង្កេត​ធំ មិនអាច​គ្រាន់តែ​ឮ​ព័ត៌មាន ហើយ​មានការ​ពន្យល់​បកស្រាយ​នោះឡើយ​។

​ចំណែក​លោក ​សាយ ម៉េង​ឈាង អគ្គនាយករង និង​ជា​អ្នកនាំពាក្យ នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បញ្ជាក់ថា លោក​មិនទាន់​បានទទួល​ព័ត៌មាន​នេះ​ទេ​។​


​លោក ​សុខ ខឿន ឯកអគ្គ​រាជ​ទូត​កម្ពុជា ​ប្រចាំ​សិង្ហ​បុរី បានឱ្យដឹងថា ចំពោះ​ករណីនេះ ស្ថានទូត​​កម្ពុជា​កំពុង​ទំនាក់ទំនង​ទៅ​ប៉ូលិស​សិង្ហ​បុរី ដើម្បី​សួរ​ព័ត៌មាន​បន្ថែមទៀត និង​សុំ​ជួប​ពលរដ្ឋ​ដែលមាន​សញ្ជាតិ​ខ្មែរ​ទាំងនោះ ដើម្បី​ផ្តល់ជំនួយ​ផ្នែក​កិច្ចការ​កុងស៊ុល បើ​​សិន​ជា​អ្នក​ទាំងនោះ​មាន​ឯក​សារ​គ្រប់គ្រាន់​។

​លោក​បញ្ជាក់ថា​៖ «​គាត់​អ្នកខ្លះ​កាន់​លិខិត​ឆ្លង​ដែន​ ២-៣​ ឯណោះ អ៊ីចឹង​ហើយ​បាន​ខ្ញុំ​ចង់ដឹង សួរ​ប៉ូលិស​មើល ថា​តើ​គាត់​ហ្នឹង​យ៉ាងម៉េច យើង​ចង់ទៅ​សម្ភាស​គាត់​មើល ថា​តើ​ស្ថាន​ភាព​ហ្នឹង​បែប​ម៉េច ចង់ដឹង​ការពិត​ពី​រឿង​ហ្នឹង​»​។ យ៉ាងណាក្តី លោក​ឯកអគ្គរាជទូត​កម្ពុជា​លើក​ឡើង​ថា នេះ​ជា​រឿង​បុគ្គល បើសិន​ជាមាន​ការធ្វើ​ខុស​គឺ​ត្រូវតែ​ទទួលទោស​ទៅតាម​ច្បាប់ នៃ​ប្រទេស​នីមួយៗ ដែល​ជន​នោះបាន​ប្រព្រឹត្តល្មើស​។

​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក ក​ង​កម្លាំង​ប៉ូលិស​សិង្ហ​បុរី ​(Singapore Police Force) បាន​ចុះ​​ផ្សាយ​ថា បុរស​ជនជាតិខ្មែរ​អា​យុ​ ៤១ ​ឆ្នាំ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នៅផ្ទះ​ស្នាក់នៅ GCB តាម​បណ្តោយ​ផ្លូវ Nassim​។ ប៉ូលិស​រឹបអូស​បាន​លុយ​ជាង ៧៧៧ ០០០ ​ដុល្លារ​សិង្ហ​បុរី និង​រូបិយ​​ប័ណ្ណ​បរទេស​ផ្សេងទៀត​ឧបករណ៍​អេឡិចត្រូនិក​ចំនួន​ ១១ កាបូប និង​នាឡិកា​ទំនើប​ចំនួន ៣៣ គ្រឿង គ្រឿងអលង្ការ ៧៥​ ដុំ និង​បានចេញ​ដីកាហាមឃាត់​លើ​ទ្រព្យសម្បតិ្ត​ចំនួន​ ៧ និង​យានយន្ត ៦ គ្រឿង ដែលមាន​តម្លៃ​ប្រមាណ​ជាង ៧៦​ លាន​ដុល្លារ​សិង្ហ​បុរី​។ ប៉ូលិស​ក៏បាន​បង្កក​គណនី​ធនាគារ​ពាក់ព័ន្ធ​ចំនួន ៣ ដែល​ស្មើនឹង​ជាង ២,៤ លាន​ដុល្លារ ​សិង្ហ​បុរី​។ បុរស​នេះ ត្រូវ​ចោទប្រកាន់​ពីបទ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​តាម​មាត្រា ៤៧១ ផ្ដន្ទាទោស​តាម​មាត្រា ៤៦៥ នៃ​ក្រមព្រហ្មទណ្ឌ​សិង្ហ​បុរី​។

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា បុរស​ជនជាតិខ្មែរ​អា​យុ​ ៣៣ ​ឆ្នាំ​ម្នាក់ទៀត ​ត្រូវបាន​ចាប់ខ្លួន​នៅផ្ទះ​ស្នាក់នៅ​នៃ​ខុន​ដូ​មួយ​ តាម​បណ្តោយ​ផ្លូវ Leonie Hill​។ ប៉ូលិស​រឹបអូស​បាន​លុយ​ជិត ៦០០ ០០០​ ដុល្លារ​ សិង្ហ​បុរី និង​រូបិយប័ណ្ណ​បរទេស​មួយចំនួន គ្រឿងអលង្ការ​ ២៣​ គ្រឿង នាឡិ​កា​ប្រណីត​ ៦​ គ្រឿង ឯកសារ​ ១១​ សន្លឹក ព័ត៌មាន​អំពី​ទ្រព្យសកម្ម​និម្មិត និង​ឧបករណ៍​អេឡិចត្រូនិក​ ១២ ​គ្រឿង និង​ចេញ​ដីកា​ហាម​ឃាត់​ការចាត់ចែង​ទ្រព្យសម្បត្តិ និង​យានយន្ត​ ៣ ​គ្រឿង តម្លៃ​ប៉ាន់​ស្មាន​ជាង ១២,៦ ​លាន​ដុល្លារ ​សិង្ហ​បុរី​។ ប៉ូលិស​ក៏បាន​បង្កក​គណនី​ធនាគារ​ពាក់ព័ន្ធ​ចំនួន​ ២​ ដែលមាន​ប្រាក់​ស្មើនឹង​ជាង ២៨ ០០០​ ដុល្លារ​សិង្ហ​បុរី និង​រូបិយប័ណ្ណ​បរទេស​ផ្សេងទៀត​។ បុរស​រូបនេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​លាងលុយកខ្វក់​។

​ប៉ូលិស​សិង្ហ​បុរី​ បានឱ្យដឹង​ទៀតថា បុរស​ជនជាតិខ្មែរ​ម្នាក់ទៀត អាយុ​ ៣១ ​ឆ្នាំ ស្នាក់នៅ​ផ្ទះសំណាក់ GCB តាម​បណ្តោយ​ផ្លូវ​លូ​វី​ស ក៏​ត្រូវបាន​ឃាត់ខ្លួន​ផងដែរ​។ ប៉ូលិស​រឹបអូស​បាន​លុយ​ជាង ៦០ ​ម៉ឺន​ដុល្លារ​សិង្ហ​បុរី និង​រូបិយប័ណ្ណ​បរទេស​មួយចំនួន ឧបករណ៍​អេ​ឡិច​ត្រូ​និក​ ១១​ គ្រឿង កាបូប និង​នាឡិកា​ទំនើប​ ១៦​ គ្រឿង គ្រឿង​អលង្ការ ​១១ ​ដុំ និង​បានចេញ​ដីកាហាមឃាត់​យានយន្ត​ ២ ​គ្រឿង​ ដែលមាន​តម្លៃ​ជាង ​៥៨​ ម៉ឺន​ ដុល្លារ ​សិង្ហ​បុរី​ផងដែរ ។ បុរស​រូប​​នេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​លាងលុយកខ្វក់​។ ក្រៅពីនេះ​មាន​ជនបរទេស​ផ្សេងៗ​ទៀត​ចំនួន ៧​ នាក់ រួមមាន​ជនជាតិ​ស៊ី​ប តួ​ក​គី នី​វ៉ា​នូ​អា​ទូ និង​ចិន ក៏​ត្រូវបាន​ចោទប្រកាន់​ផងដែរ​។​

​លោក គិ​ន ភា ប្រធាន​វិទ្យា​​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ថ្លែងថា មិន​ថា កម្ពុជា ឬ​ប្រទេស​ផ្សេងៗ​នោះទេ​ជាទូទៅ​តែងមាន​ប្រជាជន​ប្រព្រឹត្ត​បទល្មើស ក្នុងនោះ​មាន​ប្រទេសមួយ​ចំនួន ​មាន​ប្រជាជន​ប្រព្រឹត្ត​បទល្មើស​ច្រើនជាង​ប្រទេស​កម្ពុជា ​ផង​។ លោក​បញ្ជាក់ថា ការ​ប្រព្រឹត្ត​បទល្មើស​របស់​បុគ្គល​មិនមែន​តំណាងឱ្យ​ជាតិ​ដោយ​សំដៅថា ប្រជាជន​សុទ្ធតែ​បាន​ប្រព្រឹត្ត​បទល្មើស​នោះទេ​ផ្ទុយទៅវិញ នោះ​គឺជា​ការ​ទទួលខុស​ត្រូវ​នៃ​អំពើ​ព្រហ្មទណ្ឌ​ដែល​កើតចេញពី​ការប្រព្រឹត្ត​របស់​បុគ្គល​រូប​នោះ​។

​លោក​ថា​៖ «​យើង​ក៏​គួរ​ពិ​ចារណា​រឹតបន្តឹង​ទៅលើ​ការផ្តល់​សញ្ជាតិ​តាមរយៈ​សញ្ជាតិ​តូប​នី​យ​កម្ម​ដែរ ថា​តើ​បុគ្គល​ដែល​គាត់​មក​ស្នើសុំ​សញ្ជាតិ​នោះ​មាន​លក្ខ​ណ​សម្បត្តិ​គ្រប់គ្រាន់ គោរព​ច្បាប់​ខ្មែរ រស់នៅ​ប្រកបដោយ​សីលធម៌ ចំណេះដឹង​មាន​កេរ្តិ៍​ឈ្មោះ​ត្រឹមត្រូវ​ទេ ចៀសវាង​ការ​ផ្តល់​សញ្ជាតិ​មិន​ស្របទៅតាម​នីតិវិធី​»៕