ភ្នំពេញៈ កម្ពុជា និងឥណ្ឌូនេស៊ី ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល និងកសិកម្ម ហើយបានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំង ២ ដែលបានបន្តរីកចម្រើនកាន់តែខ្លាំងលើគ្រប់វិស័យ។
ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោកស្រី សឿង រដ្ឋចាវីរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោក Pahala Nugraha Mansury អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ពីថ្ងៃទី ១៥ ខែសីហា នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់នៅថ្ងៃទី ១៧ ខែសីហាថា៖ «ភាគីទាំង ២ សម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីដែលបានបន្តរីកចម្រើនកាន់តែខ្លាំងលើគ្រប់វិស័យ និងបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សន្តិសុខនយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល និងកសិកម្ម»។
ភាគីកម្ពុជាបានអរគុណដល់ឥណ្ឌូនេស៊ីដែលបានជួយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងស្វាគមន៍បំណងរបស់ឥណ្ឌូនេស៊ីក្នុងការផ្ដល់ការកសាងសមត្ថភាពនៅក្នុងវិស័យដែលពាក់ព័ន្ធនឹងកសិកម្ម ដូចជា ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងនេសាទ រួមទាំងផ្នែកវារីវប្បកម្ម។
នៅក្នុងជំនួបនេះ លោក Mansury បានអបអរសាទរចំពោះ «ជោគជ័យ» របស់កម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងបានបញ្ជាក់អំពីការគាំទ្រ «យ៉ាងពេញលេញ» របស់រដ្ឋាភិបាលឥណ្ឌូនេស៊ីក្នុងការបន្តធ្វើការ «យ៉ាងជិតស្និទ្ធ» ជាមួយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី។
ដោយផ្ដល់សារៈសំខាន់លើសន្តិសុខស្បៀងរបស់ប្រទេសទាំង ២ និងតំបន់ លោក Mansury បានបញ្ជាក់ថា ភាគីឥណ្ឌូនេស៊ីមានបំណងនាំចូលអង្ករពីកម្ពុជា និងនាំចេញជីកសិកម្មមកកម្ពុជា ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល និងធុរកិច្ច និងធុរកិច្ច។
ភាគីទាំង ២ ក៏បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំរវាងលោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងអាណត្តិថ្មី និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី និងកិច្ចប្រជុំលើកទី៥ របស់គណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ឥណ្ឌូនេស៊ី (JCBC) នៅត្រីមាសទី ៤ ឆ្នាំ ២០២៣។
នៅក្នុងជំនួបតាមប្រព័ន្ធទូរស័ព្ទរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វីដូដូ កាលពីថ្ងៃទី ១១ ខែសីហា លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោកហ៊ុន សែន បានបញ្ជាក់ថា លោកវីដូដូ បានបញ្ជាក់ពីការទន្ទឹងរង់ចាំបំពេញការងារជាមួយលោក ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ីនៅចុងឆ្នាំ ២០២៣ នេះ។
លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា៖ «ក្នុងកិច្ចប្រជុំកំពូលនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់មួយនេះផងដែរ»។
លោកបានបញ្ជាក់បន្ថែមថា លោក ហ៊ុន សែន បានលើកឡើងពីលទ្ធភាពដែលអ្នកវិនិយោគឥណ្ឌូនេស៊ីអាចដាក់ទុន ១០០ ភាគរយនៅកម្ពុជាលើការបង្កើតរោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងបណ្ដាញទិញស្រូវពីប្រជាកសិករ ដើម្បីធានាស្ថិរភាពសម្រាប់ការនាំចេញនាពេលខាងមុខ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១៧ ខែសីហា ថា ជាការពិតទំនាក់ទំនងកម្ពុជា និងឥណ្ឌូនេស៊ីគឺជាទំនាក់ទំនងបែបប្រពៃណីនៅក្នុងតំបន់ ក៏ដូចជាពិភពលោកដែរ។ បើពិនិត្យមើលលើកាលពីទិដ្ឋភាពក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាមត្រជាក់ ឥណ្ឌូនេស៊ី និងកម្ពុជាគឺស្ថិតក្នុងប្រទេសមិនចូលបក្សសម្ព័ន្ធជាមួយគ្នា។
លោករំឭកថា នៅក្នុងដំណាក់កាលការចរចាស្វែងរកសន្តិភាពឥណ្ឌូនេស៊ី គឺជាសហប្រធាននៃកិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីអំពីសន្តិភាព និងដំណោះស្រាយនយោបាយសម្រាប់កម្ពុជា។ ក្នុងទិដ្ឋភាពថ្មីៗនេះក្នុងដំណាក់កាលប្រជុំអាស៊ានឆ្នាំ ២០១២ នៅពេលដែលកម្ពុជាជាប់គាំងមិនមានសេចក្ដីថ្លែងការណ៍នៃការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន គឺប្រទេសឥណ្ឌូនេស៊ីក៏ជួយជ្រោមជ្រែងទៅលើកិច្ចការនេះហើយចេញសេចក្ដីថ្លែងការណ៍បាន។
លោក យង់ ពៅ បញ្ជាក់ថា៖ «អ៊ីចឹង ទិដ្ឋភាពនេះ យើងអាចមើលឃើញថាឥណ្ឌូនេស៊ី និងកម្ពុជាតែងតែឈរជាមួយគ្នាក្នុងជំហរជាមួយគ្នា ជ្រោមជ្រែងគ្នាតាំងពីទិដ្ឋភាពប្រវត្តិសាស្ត្ររហូតមកដល់បច្ចុប្បន្ននេះហើយនឹងបន្តជ្រោមជ្រែងគ្នាជាប្រយោជន៍រួមរវាងប្រទេសទាំង ២ ក៏ដូចជារវាងប្រយោជន៍រួមរបស់អាស៊ាន និងកិច្ចការក្នុងតំបន់ និងពិភពលោកផ្សេងទៀតផងដែរ»៕