ភ្នំពេញៈ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា និង​អង្គការ​ពាក់ព័ន្ធ​ផ្សេងទៀត បាន​ប្រកាស​គាំទ្រ​សេចក្ដី​ណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្ដីពី​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​បារី​នាំចូល ដោយ​តម្រូវឱ្យ​ម្ចាស់​សហគ្រាស ដែល​ប្រកប​អាជីវកម្ម​នាំចូល​បារី ឬ​ចែកចាយ​បន្ត​បារី​នាំចូល​អនុវត្ត​លើ​តម្លៃ បន្ថែម និង​ស្នើសុំ​ឱ្យមាន​ការយកពន្ធ​បន្ថែម ៥០០ រៀល​ក្នុង​បារី​មួយកញ្ចប់​ដើម្បី​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ដោយសារ​ការជក់បារី​នៅ​កម្ពុជា។​


យោងតាម​ក្រសួង​ព័ត៌មាន​បានឱ្យដឹងថា ការប្រកាស​គាំទ្រ​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​សមាជិក​ប្រចាំ​ត្រីមាស​របស់​អង្គការ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្ដីពី​កម្ពុជា​នា​ថ្ងៃទី ១៧ ខែសីហា​នេះ។​

ការស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក​បានបង្ហាញ​ថា ប្រសិនបើ​កម្ពុជា​យកពន្ធ​បន្ថែម ៥០០ រៀល ក្នុង​បារី​មួយកញ្ចប់ នោះ​នឹង​នាំឱ្យ​តម្លៃ​បារី​កើនឡើង ១៥ ភាគរយ​, បន្ថយ​អ្នក​ជក់បារី ៣០ ០០០ នាក់ នៅ​ឆ្នាំ​បន្ទាប់​, បង្ការ​អ្នកស្លាប់ ១០ ០០០ នាក់ ក្នុង​រយៈ ពេល ១០ ទៅ ១៥ ឆ្នាំ​បន្ទាប់ និង​ធ្វើឱ្យ​កើន​ប្រាក់ចំណូល​ពន្ធរដ្ឋ​ជាង ៥៣ លាន​ដុល្លារ​អាមេរិក​ក្នុង ១ ឆ្នាំ។​


កម្ពុ​ជាមាន​អត្រាពន្ធ​លើ​ផលិតផល​ថ្នាំជក់​នៅ​កម្រិត​ទាប​នៅឡើយ ដោយ​យកពន្ធ​ត្រឹម ២៥ ភាគរយ សម្រាប់​បារី​ក្នុងស្រុក និង ៣១,១០ ភាគរយ សម្រាប់​បារី​នាំចូល ធៀប​នឹង​តម្លៃ​លក់រាយ ខណៈ​ប្រទេស​ថៃ​យកពន្ធ​រហូតដល់ ៧៨,៦ ភាគរយ និង​ប្រទេស​ហ្វីលីពីន​យកពន្ធ ៧១,៣២ ភាគរយ​។ នេះបើ​យោងតាម​របាយការណ៍​ស្រាវជ្រាវ Seatca Tobacco Tax Index។

ការដំឡើង​ពន្ធ​ថ្នាំជក់​នឹង​ជួយ​ឱ្យ​រដ្ឋ​ទទួលបាន​ប្រាក់ចំណូល​ពន្ធ​បន្ថែម ហើយ​ការដំឡើង​ពន្ធនេះ នឹង​ជួយ​ឱ្យ​អត្រា​អ្នក​ជក់បារី​ថយចុះ និង​បង្ការ​អ្នកស្លាប់​ដោយសារ​ការប្រើប្រាស់​ថ្នាំជក់។ នៅ​ប្រទេស​កម្ពុជា​ប្រជាពលរដ្ឋ ១៥ ០០០ នាក់​បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ​បណ្តាល​មកពី​ជំងឺ​ដែល​បង្កដោយ​ការប្រើប្រាស់​ថ្នាំជក់ ហើយ ៣៣ ភាគរយ​នៃ​អ្នកស្លាប់​ទាំងអស់ កើតឡើង​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់ចំណូល​ទាប​បំផុត​។ នេះបើ​យោងតាម​ក្រសួង​ព័ត៌មាន៕