ភ្នំពេញៈ អូស្ត្រាលី​កំពុង​ជួយ​ដល់​កសិករ​កម្ពុជា​ក្នុងការ​លើកកម្ពស់​ផលិតភាព​កសិកម្ម​របស់​ពួកគេ​តាមរយៈ​ការអភិវឌ្ឍ​ពូជមាន់​ស្គួយ។ នេះបើ​យោងតាម​ការចុះផ្សាយ​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី ១៦ សីហា។​


ពូជ​មាន់​ស្គួយ​ដែល​គេ​ស្គាល់​ថា​ជា «​មាន់​ស្រែ​» ទទួលបាន​ការពេញនិយម​ដោយសារ​សាច់​របស់​វា​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​សមត្ថភាព​ក្នុងការ​ផលិត​ស៊ុត​បានល្អ។​

មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ Australian Centre for International Agricultural Research (ACIAR) កំពុង​គាំទ្រ​ដល់​កម្មវិធី​អភិវឌ្ឍន៍​ការ​បង្កាត់​ពូជសត្វ​បែប​សហគមន៍​ដំបូង​គេ​បង្អស់​សម្រាប់​មាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា លើ​គម្រោង​កែលម្អ​ពូជមាន់។​


គម្រោង​នេះ​ដឹកនាំ​ដោយ​ក្រុម​អ្នកបច្ចេកទេស​កម្ពុជា និង​អន្តរជាតិ​មួយក្រុម ក្នុង​គោលបំណង​បង្កើត​ពូជ​មាន់​ស្គួយ​ដែលមាន​ផលិតភាព​ខ្ពស់ ហើយ​កូន​មាន់​អាច​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់។

កម្មវិធី​នេះ​កំពុងផ្តល់​ជូន​កសិករ​នូវ​ចំណេះដឹង និង​ជំនាញ​ដែល​ចាំបាច់​ដើម្បី​អនុវត្ត​វិធីសាស្ត្រ​ជ្រើសរើស​ពូជ ការថែទាំ​មេបា​ពូជ (​មាន់) ការផ្តល់​ចំណី​សមស្រប ការចាក់​វ៉ាក់សាំង ជីវ​សុវត្ថិភាព និង​ការ​បង្កាត់ពូជ​សិប្បនិម្មិត​លើ​មេមាន់​ជាដើម។​


ស្ថានទូត​អូស្ត្រាលី​បានបង្ហាញ​ពី​ក្តី​សង្ឃឹមថា ពូជ​មាន់​ស្គួយ ដែល​កំពុង​អភិវឌ្ឍ​នេះ​នឹងមាន​លក់​នៅលើ​ទីផ្សារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​នេះ៕