កិច្ចប្រជុំ​ថ្នាក់​លេខាធិការដ្ឋាន នៃ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​អាស៊ាន (អាស៊ាន-ផេក) រយៈពេល​ពីរថ្ងៃ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ត្រូវបាន​បញ្ចប់​ប្រកបដោយ​ផ្លែផ្កា ដោយបាន​ដាក់​ចេញ​នូវ​អនុសាសន៍​មួយចំនួន ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន។​


កិច្ចប្រជុំ (​អាស៊ាន​-​ផេ​ក​) បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៦-១៧ ខែសីហា ឆ្នាំ ២០២៣ នៅ​ខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពីតំណាង​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​អាស៊ាន​ទាំង ១០ ប្រទេស​ក្រោម​អធិបតីភាព​លោក ឱម យ៉ិនទៀង ប្រធាន ACU និង​ដឹកនាំ​ដោយ លោក អ៊ន បញ្ហា ជា​សហប្រធាន​នៃ​កិច្ចប្រជុំ និង​ជា​ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (អ.ប.ព.)។​

អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឱ្យដឹងពី​លទ្ធផល​នោះ​ថា កិច្ចប្រជុំ​នេះ​បាន​អនុម័ត​នូវ​កំណត់ហេតុ​កិច្ចប្រជុំ​លេខាធិការដ្ឋាន​អាស៊ាន-ផេក​លើកទី ១៨ ក្រោម​អាណត្តិ​ម្ចាស់ផ្ទះ​របស់​ការិយាល័យ​ប្រឆាំង​អំពើពុករលួយ (ACB) នៃ​ប្រទេស​ព្រុយណេដា​រ៉ូសាឡាម។


ACU បន្តថា​៖«​អង្គ​ប្រជុំបាន​ពិភាក្សា​លើ​ការរៀបចំ និង​តាក់តែង​កូនសៀវភៅ​អេឡិចត្រូនិក​របស់​អាស៊ាន-ផេក (សកម្មភាព​មួយ​នៅក្នុង​ផែនការ​សកម្មភាព ឆ្នាំ ២០២៣-២០២៥) បែបបទ​នៃ​ការដាក់​សម្ពោធ​កូនសៀវភៅ​អេឡិចត្រូនិក និង​បែបបទ​សម្រាប់​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ (CAC) នៃ​ប្រទេស​ទីម័រ​ខាងកើត ដើម្បី​ចូល​ជា​ភាគីទី ១១ របស់​អាស៊ាន-ផេក ក្រោយ​ពេល​ដែល​ប្រទេស​ទីម័រ​ខាងកើត​ទទួល​បាន​សមាជិកភាព​ពេញសិទ្ធិ​ជា​សមាជិក​ទី ១១ របស់​អាស៊ាន»។

តាមរយៈ​កិច្ចប្រជុំ​នេះ គ្រប់ភាគី​បាន​ស្ដាប់​នូវ​បច្ចុប្បន្នភាព​រាយការណ៍​ដោយ​លេខាធិការដ្ឋាន​អាស៊ាន-ផេក​ស្ថិតក្រោម​អាណត្តិ​ជា​ម្ចាស់ផ្ទះ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​កម្ពុជា អំពី​សេចក្ដី​សង្ខេបនៃ​សកម្មភាព​ពាក់ព័ន្ធ​ជាមួយ​អាស៊ាន-ផេក ដែល អ​.​ប.ព.បាន​ចូលរួម​ក្នុងនាម​ជា​អាស៊ាន-ផេក និង​ការ​ជម្រាបជូន អំពី​ការត្រៀម​រៀបចំ របាយការណ៍​សង្ខេប​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​អាស៊ាន-ផេក​សម្រាប់​ផ្ញើជូន​លេខាធិការដ្ឋាន​អាស៊ាន​នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី​នៅ​មុនពេល​បញ្ចប់​អាណត្តិ​ជា​ប្រធាន​របស់ អ.ប.ព.។ អង្គប្រជុំ ក៏បាន​ឯកភាព​រួមគ្នា​បន្ត​ដាក់​របៀបវារៈ​ដែល​បាន​ពិភាក្សា​ខាងលើ ដើម្បី​យកទៅ​ពិភាក្សា និង​ពិនិត្យ​សម្រេច​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន-ផេក​លើកទី ១៩ ក្រោម​អាណត្តិ​ជា​ប្រធាន​របស់​អាជ្ញាធរ​អធិការកិច្ច​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុងឆ្នាំ ២០២៣ ខាងមុខនេះ។​


លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ថ្លែង​នៅក្នុង​ពិធី​បើក​សុន្ទរកថា​ដោយបាន​ស្នើ​កិច្ចប្រជុំ​ផ្តោត​សំខាន់​ទៅលើ​កិច្ចការ ២ តាមរបៀប​វារៈ​ដែល​បានគ្រោង​ទុកជាមុន​គឺទី ១ អំពី​បែបបទ​នៃ​ការដាក់​សម្ពោធ​កូនសៀវភៅ​អេឡិចត្រូនិក​របស់​អាស៊ាន-ផេក​និង​ទី ២ អំពី​បែបបទ​សម្រាប់​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​របស់​ទីម័រទ្បេស្ត​ចូល​ជា​សមាជិក​អាស៊ាន-ផេក​ជា​ភាគីទី ១១។

ជាមួយគ្នា​នោះ លោក​បញ្ជាក់ថា​ការចែករំលែក​បទពិសោធ​ន៍​កិច្ចសហ​ប្រតិបត្តិការ​រវាង​ភាគី​អាស៊ាន-ផេក ការបន្ត​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​កម្មវិធី ឬ​ព្រឹត្តិការណ៍​របស់​អាស៊ាន ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​ដទៃទៀត និង​កិច្ចសហការ​លើ​ការងារ​បណ្តុះបណ្តាល​សមត្ថភាព​ជាមួយ​ភាគី​ជា​ដៃគូ​ទៅតាម​ការឯកភាព​របស់​អាស៊ាន-ផេក នៅតែ​ជាការងារ​ដ៏មាន​សារៈសំខាន់។

គួរ​ជម្រាប​ថា​ដែរ​ថា កិច្ចប្រជុំ​អាស៊ាន​ផេ​ក​លើក​ទី ១៨ ក្រោម​ប្រធានបទ «​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុករលួយ៖ ការពង្រឹង​សមត្ថភាព​ស្ថាប័ន​ប្រឆាំង​អំពើពុក​រលួយ​និង​កិច្ចសហ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​អាស៊ាន​នីមួយៗ និង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន-ផេក​» ត្រូវបាន​ធ្វើឡើង ២ ថ្ងៃ​កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០២២ នៅ​រាជធានី​ភ្នំពេញ៕